បរទេស៖  ឡានដែលអាចហោះបានជាអ្វីដែលមនុស្សភាគច្រើន ធ្លាប់តែស្រមើស្រមៃ។  យើងធ្លាប់ឃើញប្រភេទឡានហោះនៅក្នុងភាពយន្តប៉ុណ្ណោះ ប៉ុន្តែក្នុងពេលនេះ ក្រុមហ៊ុនមួយកំពុងធ្វើការផលិតឡានដែលអាចហោះបានឲ្យក្លាយជាការពិតមែនទែនហើយ។

ប្រភេទឡានដែលអាចហោះបានកំពុងត្រូវបានផលិតដោយក្រុមហ៊ុន DeLorean ដែលជាក្រុមហ៊ុនមួយផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យា និងឧស្សាហកម្មខាងអាកាសចរណ៍និងជើងហោះហើរអវកាស។  លោក Paul DeLorean ដែលជានាយកប្រតិបត្តិក្រុមហ៊ុន DeLorean និងជាអ្នករចនាម៉ូដរថយន្ត មានគម្រោងសាងសង់យានយន្តដែលអាចហោះបានជាលក្ខណៈឯកជនមាន២កៅអី។ 

រថយន្តដែលអាចហោះបាននេះ មានឈ្មោះថា DR-7។  រថយន្តនេះមានស្លាបមួយគូនៅខាងមុខ  មួយគូទៀតនៅខាងក្រោយ  និងស្លាបមួយចំនួនទៀតនៅពីក្រោម។ឡានហោះនេះមានប្រវែង ៦,០៩ម៉ែត្រ និងទទឹង ៥,៦៣ម៉ែត្រ។

ទោះបីីជាយ៉ាងណា ការបង្កើតនេះជួបបញ្ហាធំៗចំនួន២ដែរគឺ បញ្ហាសុវត្ថិភាព និងបញ្ហាគ្រប់គ្រងចរាចរផ្លូវអាកាស។ លោក DeLorean ចង់ឲ្យឡានដែលប្រើថាមពលអគ្គិសនីនេះអាចហោះហើរបានចម្ងាយយ៉ាងហោចណាស់ក៏ ១៩៣គីឡូម៉ែត្រដែរនៅពេលដែលថាមពលថ្មសាកមួយពេញ។

រថយន្តដែលអាចហោះបាន DR-7

មកដល់ពេលនេះ ទោះបីជាក្រុមហ៊ុន DeLorean កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយក៏ដោយ  ក៏គេបានបង្កើតរថយន្តហោះហើរខ្នាតតូចចំនួន២គ្រឿងសម្រាប់ធ្វើការសាកល្បងរួចហើយដែរ។  គេក៏មានគម្រោងសាកល្បងធ្វើតេស្តទៅលើឡានគំរូដែលមានទំហំធំជាងនេះទៀតនៅឆ្នាំក្រោយ។

លោក DeLorean បានបន្ថែមទៀតថា វាជាវិធីមួយសម្រាប់ដោះស្រាយ បញ្ហាដឹកជញ្ជូន ការបំពុលបរិស្ថាន និងបញ្ហាកកស្ទះចរាចរណ៍ផងដែរ។  ក្រុមអ្នកជំនាញដែលធ្វើការក្នុងវិស័យនេះ បាននិយាយថា ចក្ខុវិស័យក្នុងការផលិតរថយន្តបែបនេះ អាចនឹងទទួលបានជោគជ័យដោយសារការជួយពីបច្ចេកវិទ្យាដ៏ទំនើបក្នុងយុគសម័យនេះ។ ដូច្នេះបានសេចក្ដីថានាពេលខាងមុខ យើងនឹងអាចឃើញការហោះហើរដោយរថយន្តជាមិនខាននោះទេ៕

រថយន្តដែលអាចហោះបាន DR-7
រថយន្ត DR-7 នៅពេលដើរតួនាទីជាឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]