បរទេស៖  កម្មវិធីហ្វេសប៊ុកត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ បន្ទាប់ពីកម្មវិធីនេះត្រូវបានបិទជាផ្លូវការនៅក្នុងប្រទេសចិនហើយ លោក Mark Zuckerberg ដែលជានាយកប្រតិបតិ្តក្រុមហ៊ុនហ្វេសប៊ុក តែងតែព្យាយាមចែចូវរដ្ឋាពិបាលចិនរហូតមកផងដែរ។

ប្រភពព័ត៌មានបរទេសមួយបានផ្សព្វផ្សាយថា ក្នុងពេលនេះក្រុមហ៊ុនហ្វេសប៊ុកកំពុងសាកល្បងវិធីសាស្ត្រថ្មីមួយទៀត ដើម្បីធ្វើការជ្រៀតខ្លួនចូលក្នុងទីផ្សារប្រទេសចិន។ គេបានសន្មត់ថា ក្រុមហ៊ុនហ្វេសប៊ុកកំពុងធ្វើតេស្តកម្មវិធីថ្មីមួយដែលមិនមានឈ្មោះជាប់ទាក់ទងជាមួយនឹងហ្វេសប៊ុកឡើយ។

កម្មវិធីនោះមានឈ្មោះថា Colorful Balloons (ប៉េងប៉ោងចម្រុះពណ៌) ដែលវាគឺជាកម្មវិធីមួយសម្រាប់ចែកចាយរូបភាពជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ មូលហេតុដែលគេសន្មត់ថាកម្មវិធីនេះមានទំនាក់ទំនងជាមួយក្រុមហ៊ុនហ្វេសប៊ុក ព្រោះគេបានសម្គាល់ឃើញកម្មវិធី Colorful Balloons មានរូបរាង និងលក្ខណៈសម្បត្តិមួយចំនួនស្រដៀងទៅនឹងកម្មវិធី Moments ដែលជាកម្មវិធីចែករំលែករូបភាពរបស់ក្រុមហ៊ុនហ្វេសប៊ុក។  អ្នកប្រើប្រាស់កម្មវិធី Moments អាចចែកចាយរូបភាពរបស់គេនៅលើកម្មវិធីហ្វេសប៊ុកបាន ហើយកម្មវិធី Colorful Balloons ក៏អនុញាត្តិឲ្យអ្នកប្រើប្រាស់របស់គេធ្វើការចែករំលែករូបភាពទៅលើកម្មវិធី WeChat ដែលជាបណ្តាញសង្គមធំបំផុតរបស់ប្រទេសចិនផងដែរ។ 

ភាពស្រដៀងគ្នារវាង កម្មវិធី Colorful Balloons (ឆ្វេង) និងកម្មវិធី Moments (ស្ដាំ)
ភាពស្រដៀងគ្នារវាង កម្មវិធី Colorful Balloons (ឆ្វេង) និងកម្មវិធី Moments (ស្ដាំ)
ការចែករំលែករូបភាពពីកម្មវិធី Colorful Balloons ទៅលើកម្មវិធី WeChat

នេះបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនហ្វេសប៊ុកមានមហិច្ឆតាធំណាស់ក្នុងការវាយលុកចូលទីផ្សារប្រទេសចិន រហូតដល់ថ្នាក់សម្របខ្លួនឲ្យសមស្របទៅនឹងដំណើរការនៃបណ្ដាញសង្គមរបស់ប្រទេសនេះ។

មូលហេតុដែលហ្វេសប៊ុកព្យាយាមខ្លាំងយ៉ាងនេះ ក៏ព្រោះតែប្រទេសចិនគឺជាទីផ្សារដ៏ធំមួយដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៧០០លាននាក់ហើយទំនិញដែលត្រូវបានកុម្ម៉ង់នៅលើអ៊ីនធឺណិតវិញមានទំហំ ៧៥០ពាន់លានទំនិញក្នុងមួយឆ្នាំៗឯណោះ។

អ្នកតំណាងឲ្យក្រុមហ៊ុនហ្វេសប៊ុក បានបង្ហាញពីមហិច្ឆតារបស់ខ្លួនដែរដោយបានបង្ហើបថា ពួកគេមានចំណាប់អារម្មណ៍លើប្រទេសចិនយូរណាស់មកហើយ ហើយពួកគេក៏កំពុងតែសិក្សាស្វែងយល់ពីប្រទេសនេះផងដែរ។ ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុនហ្វេសប៊ុកនៅមិនទាន់ចេញមកបកស្រាយថា តើកម្មវិធី Colorful Balloons នេះមានជាប់ទាក់ទងជាមួយក្រុមហ៊ុនរបស់ខ្លួន ឬយ៉ាងណានៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]