រាជធានីភ្នំពេញ ៖ ស្ត្រីចិនមេការរោងចក្រកាត់ដេរម្នាក់ ដែលឆេវឆាវទប់អារម្មណ៍ខឹងនឹងកម្មករមិនបាន ចាប់កន្ត្រាក់ហែកចោលព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ ហើយត្រូវបានកម្មករបះបោរប្តឹងសមត្ថកិច្ចនោះ ឥឡូវត្រូវបានបញ្ជូននាងទៅកាន់សាលាដំបូង រាជធានី ភ្នំពេញ ហើយកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៣ តុលា ២០១២ បន្ទាប់ពីឃាត់ខ្លួនមួយយប់នៅស្នងការដ្ឋាន។

សូមរំលឹកថា កម្មករ កម្មការិនីនៅរោងចក្រកាត់ដេរថបវើល មានទីតាំងស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ប្រមាណជិត១.០០០នាក់ បាននាំគ្នាធ្វើបាតុកម្ម កាលពីព្រឹកថ្ងៃទី២២ តុលា ២០១២ ក្នុងគោលបំណងប្រឆាំងមេការរោងចក្រជាជនជាតិចិនម្នាក់ ឈ្មោះវ៉ាង សៀវជីវ ភេទស្រី អាយុ៤១ឆ្នាំ ដែលបានហែកព្រះឆាយាល័ក្ខណ៍ព្រះបរមសព សម្តេចព្រះនរោត្តម សីហនុ ខណៈក្រុមកម្មករកំពុងនាំគ្នាកាន់ព្រះឆាយាល័ក្ខណ៍ ដើម្បីចូលរួមរំលែកព្រះមរណទុក្ខដ៏ក្រៀមក្រំចំពោះការយាង ចូលទិវង្គតរបស់ព្រះអង្គ ។

ជាមួយនឹងសកម្មភាពខាងលើនេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក៏បានចុះធ្វើការឃាត់ខ្លួនស្ត្រីជាមេការជនជាតិចិននោះនៅរោងចក្រខាងលើភ្លាមៗដែរ ហើយស្ត្រីជាមេការនេះដោយដឹងពីកំហុសរបស់ខ្លួនក៏បានអុជធូបសុំទោសព្រះឆាយាល័ក្ខណ៍ ព្រះមហាវីរក្សត្រខ្មែរ នៅចំពោះមុខកម្មករ ។ ប៉ុន្តែក្រុមកម្មករនៅតែមិនព្រមចូលធ្វើការវិញឡើយ គឺពួកគេទាមទារសុំឱ្យស្ត្រីមេការជនជាតិចិនរូបនេះទៅអុជធូបសុំទោសព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពដល់ព្រះបរមរាជវាំងទើបពួកគេស្ងប់ចិត្ត ។

គួរបញ្ជាក់ថា នេះគឺជាកំហុសឆ្គងរបស់បុគ្គលជនជាតិចិនជាមេការរោងចក្រម្នាក់ ដែលឆេវឆាវមួយពេលទប់អារម្មណ៍មិនបាន ដោយសារតែខឹងពួកកម្មករខ្វះសណ្តាប់ធ្នាប់ ឈូឆរមើលរូបព្រះឆាយាល័ក្ខណ៍ ភ្លេចគិតពីការងារក្នុងរោងចក្រ ក៏ទាញយកមកហែកចោល ។ ចំណែកកម្មករខ្មែរក៏អុីចឹងដែរ  មិនគួរជ្រួលច្របល់មើលរូបនេះ រូបនោះតាមអំពើចិត្ត មិនគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់រោងចក្រនោះទេ ព្រោះកម្មករធ្វើការឱ្យរោងចក្រត្រូវគោរពវិន័យរោងចក្រ ។

នៅព្រឹកថ្ងៃទី២២ តុលា ២០១២ នោះដែរ លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកគួច ចំរើន បាននាំខ្លួនស្ត្រីមេការជនជាតិចិនឈ្មោះវ៉ាង សៀវជីវ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរតែពុំទាន់ដឹងថា សមត្ថកិច្ចចាត់ការយ៉ាងណានៅឡើយទេ ក្នុងការរំលត់កំហឹងកម្មករដោយសារតែការហែកព្រះឆាយាល័ក្ខណ៍បែបនេះ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]