សង្គម

ប្រធាន​គណនេយ្យ​រោងចក្រ បើករថយន្ត​បំ​បុក​ក្រុម​កម្មករ​ជាង​១​ពាន់​នាក់

៤ ខែមុន

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​បុរស​ម្នាក់ ជា​ប្រធាន​គណនេយ្យ​រោងចក្រ​កាត់​ដរ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង ទៅ​បំ​បុក​ក្រុម​កម្មករ​កម្មការិនី​ជាង​ពាន់នាក់ ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា ធ្វើការ​តវ៉ា​នៅ​ចំណុច​មុខ​រោងចក្រ​កាត់​ខាងលើ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ។

ប៉ុន្តែ​ការ​ប៉ុនប៉ង​បំ​បុក​សម្លាប់​មនុស្ស​ទាំង​ថ្ងៃ​នោះ មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​នោះ​ទេ តែ​បាន​បណ្ដាល​ឲ្យ​កម្មការិនី​ម្នាក់​រង​របួស​បាក់ដៃ បន្ទាប់​មក​ជន​បង្ក​បាន​បម្រុង​បើករថយន្ត​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្មករ​នាំ​គ្នា​ដេញ​តាម​ឃាត់​បាន ហើយ​អ្នកបើកបរ​រថយន្ត​រូប​នោះ​រួម​ជាមួយ​បក្ខពួក​៤​នាក់​ទៀត ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ប្រគល់​ឲ្យ​នគរបាល នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ រោងចក្រ​កាត់ដេរ​យីហោ​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក ជនសង្ស័យ​ដែល​បាន​បើករថយន្ត​ប៉ង​បំ​បុក​សម្លាប់​កម្មករ​នោះ ឈ្មោះ យ៉ែ​ម សុចិត្រ ជា​ប្រធាន​គណនេយ្យ​រោងចក្រ​ខាងលើ ។ កម្មករ​បាន​ឲ្យ​ដឹង​ថា ៖ ពួក​គេ​បាន​ធ្វើការ​តវ៉ា​បែប​នេះ​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច និង​ឈ្មោះ ឃាង វ​ណ្ណី​រ៉ាត់ មាន​តួនាទី​ជំនួយការ​រដ្ឋបាល ដែល​ត្រូវ​ក្រុមហ៊ុន បាន​ដកសិទ្ធិ និង​តួនាទី កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៧ ដោយ​គ្មាន​មូលហេតុ ។ ហើយ​ថែម​ទាំង​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ច័​ន្ច ណា​រ៉ា ទៅ​សំឡុត​សួរ​ចម្លើយ​ដូច​អ្នកទោស និង​បាន​ដាក់​កម្លាំង​នគរបាល​នៅ​ខាង​មុខ ក្រុមហ៊ុន​ថែម​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ៖ ដោយឡែក នៅ​ថ្ងៃ​កើតហេតុ ខណៈ​ពេល​ដែល​កម្មករ​ទាំងអស់ កំពុង​តែ​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​បើកបរ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២X-១០៥៨ ចេញពី​ក្នុង​ចក្រ​យ៉ាង​លឿន ក្នុង​បំណង​បំ​បុក​ចូល​ហ្វូង​កម្មករ ដែល​ជា​ហេតុ ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​ភិតភ័យ ព្រលឹង​ចុង​សក់ ។

ប៉ុន្តែ​ពេល​នោះ មាន​កម្មករ​ជា​ច្រើន​បាន​រត់​រួច នៅ​សល់​កម្មការិនី​ម្នាក់​អង្គុយ​លើ​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​រង​របួស​បាក់ដៃ​ធ្ងន់ធ្ងរ បន្ទាប់​មក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្មករ នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ រួច​ប្រគល់​ឲ្យ​នគរបាល​ជួយ​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

ប្រធាន​គណនេយ្យ​រោងចក្រ បើករថយន្ត​បំ​បុក​ក្រុម​កម្មករ​ជាង​១​ពាន់​នាក់

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload