** ប្រលោមលោកខ្មែរឡូត **

ខ្ញុំចាំបានថាម៉ាក់របស់ខ្ញុំស្រលាញ់ផ្កាឈូករ័ត្នខ្លាំងណាស់ គាត់ចូលចិត្តទិញគ្រាប់ពូជមកដាំដោយខ្លួនឯងនៅក្នុងផ្ទះរបស់យើង។ តែក៏មិនដែលបានផលសូម្បីតែម្តង ប្រហែលជាមកពីដី និងអាកាសធាតុរបស់ប្រទេសយើងហើយ។ តែម៉ាក់នៅតែមិនបាត់បង់ការព្យាយាមសោះ។  ម៉ាក់តែងតែទិញគ្រាប់ពូជមកសាកល្បងដាំម្តងហើយម្តងទៀត ហើយពេលខ្លះវាក៏បានផល ចេញពន្លកតូចរួចក៏ងាប់ទៅវិញ ពេលខ្លះវារស់បានចេញស្លឹក ៣ ៤ សន្លឹកក៏ងាប់ទៅវិញ។ ពេលខ្លះម៉ាក់ទិញដើមវាស្រាប់ដែលគេលក់ពីផ្សារបានប៉ុន្មានថ្ងៃវាក៏រោយហើយងាប់ខ្ទេចអស់។ តែខ្ញុំដឹងថាម៉ាក់ស្រលាញ់និងព្យាយាមណាស់ដើម្បីផ្កានេះ ព្រោះតែរំពឹងនូវក្តីសង្ឃឹមមួយ...........នោះគឺការរង់ចាំក្នុងការវិលត្រលប់ និងការចងចាំមនុស្សជាទីស្រលាញ៉ម្នាក់.................................។

រូបតំណាង

ខ្ញុំទ្រាំលែងបានក៏ស្រែកទៅកាន់ម៉ាក់

« ម៉ាក់! វាមិនរស់ទេ ដាំយ៉ាងណាក៏មិនដុះដែរ ម៉ាក់ឈប់ព្យាយាមទៅ»

« ម៉ាក់ស្រាវជ្រាវតិចទៀតវាគង់តែបានផលទេ »

« តែកូនស្អប់វា មិនចង់ឃើញវាទេ ហើយឈប់យកផ្កានេះចូលផ្ទះទៀត កូនធុញ »

ខ្ញុំក៏រត់ចូលបន្ទប់ទឹកអួលដើមក ហើយក៏ស្រក់ទឹកភ្នែកទាំងឈឺចាប់ ហើយខ្ញុំក៏ដឹងថាម៉ាក់ ប្រហែលជាកំពុងតែយំ និងឈឺចាប់ដូចខ្ញុំដែរហើយ។ វាមិនមែនជាការខឹងនិងស្អប់ តែវាជាអារម្មណ៍កម្សត់ ព្រាត់ប្រាស់និងភាពទុក្ខសោកនៅពេលដែលយើងបានបាត់បង់មនុស្សម្នាក់ជាទីស្រលាញ់នៅក្នុងជីវិត។ 

រូបតំណាង

ម៉ាក់ស្រលាញ់ផ្កាឈូករ័ត្ន តែខ្ញុំបែរជាស្អប់វាយ៉ាងខ្លាំង។ ផ្កាដែលមានរូបរាងដូចជាព្រះអាទិត្យរះនេះ តំណាងឱ្យភាពកក់ក្ដៅ ក្តីសង្ឃឹម សុភមង្គល មិនតែប៉ុណ្ណោះក៏តំណាងឱ្យភាពស្មោះត្រង់ផងដែរ តែមនុស្សម្នាក់នោះដែលបង្រៀនឱ្យម៉ាក់ស្រលាញ់ផ្កាមួយនេះបែរជា ធ្វើទង្វើគ្រប់យ៉ាងផ្ទុយស្រលះពីអត្ថន័យផ្កានេះទៅវិញ។ ខ្ញុំស្អប់ប៉ាក៏ដូចជាផ្កាឈូករ័ត្ននេះអ៊ីចឹង ព្រោះតែបុរសមានឈ្មោះជាប៉ានេះបានធ្វើឱ្យម៉ាក់ជាទីស្រលាញ់របស់ខ្ញុំយំរាល់លើកពេលដែលបានឃើញផ្កាឈូករ័ត្នមួយដើមនោះ។ ផ្កានៃការចាប់ផ្តើមសេចក្តីស្នេហា ផ្កាតំណាងឱ្យស្នេហារបស់ម៉ាក់និងប៉ា តែផ្កាមួយដើមនេះក៏បានផ្តាច់សេចក្តីស្រលាញ់ចេញពីម្តាយកូនយើងដ៏កាចសាហាវមួយដែរ។ បើកុំតែផ្កាមួយនេះប៉ាម៉េចនឹងចាកចេញ និងទៅចោលពួកយើងឱ្យនៅតែពីរនាក់ម្តាយកូនទៅ។ បែបនេះហើយរាល់ពេលម៉ាក់ទិញផ្កាឈូករ័ត្នមកដាំ ឬទិញមកដាក់ថូខ្ញុំតែងតែលួចយកទៅបោះចោលជានិច្ច។ ខ្ញុំពិតជាមិនចង់ឃើញទឹកភ្នែក និងភាពឈឺចាប់របស់ម៉ាក់ទេ។ ប៉ុន្តែម៉ាក់នៅតែស្រលាញ់ ហើយក៏មិនដែលបោះបង់សេចក្តី ព្យាយាមដែរ។ ម៉ាក់ប្រាប់ថាពេលឃើញផ្កាឈូករ័ត្នមួយដើមនេះប្រៀបបានដូចជាបានជួបមុខប៉ាអ៊ីចឹង។ បើប៉ាចង់ចាកចេញប៉ាគួរតែប្រាប់ពួកយើងមុន មិនមែនចាកចេញដោយគ្មានដំណឹង ចាកចេញដោយស្ងាត់ៗ និងចាកចេញដោយមិននិយាយពាក្យថាលាមួយម៉ាត់នោះទេ។ ប៉ាជាមនុស្សអត្មានិយមខ្លាំងណាស់។

រូបតំណាង

កាលពីប៉ុន្មានឆ្នាំមុន ម៉ាក់ប៉ាកូនយើងរស់នៅមានសេចក្តីសុខខ្លាំងណាស់។ ម៉ាក់ប៉ាជាគូស្នេហ៍ដែលស្រលាញ់គ្នា និងផ្អែមល្ហែមបំផុតរហូតដល់ខ្ញុំជាកូនច្រណែនយ៉ាងខ្លាំង។ រាល់ឆ្នាំពួកយើងតែងតែប្រារព្វពិធីជប់លៀងផ្កាឈូករ័ត្ននៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ម៉ាក់និងប៉ាជាមួយគ្នាជានិច្ច។ ម៉ាក់ប៉ាប្រាប់ថានិស្ស័យរបស់ផ្កាឈូករ័ត្នបានធ្វើឱ្យគាត់បានជួបគ្នា និងស្រលាញ់គ្នារហូតបានរៀបការជាមួយគ្នា។ បែបនេះហើយអត្ថន័យរបស់ផ្កាមួយនេះពិតជាសំខាន់ចំពោះម៉ាក់ប៉ាខ្លាំងណាស់។ តែថ្ងៃខួបអាពាហ៍ពិពាហ៍កាលពីប៉ុន្មានឆ្នាំមុនបានឆក់យកជីវិតរបស់ប៉ារបស់ខ្ញុំចេញពីម្តាយកូនយើង។ ចាំថាថ្ងៃនោះព្រះអាទិត្យរះភ្លឺចាំងចែងដូចរូបរាងរបស់ផ្កាឈូករ័ត្នអ៊ីចឹង ម៉ាក់និងខ្ញុំបាននាំគ្នាជួយរៀបចំផ្ទះ និងធ្វើម្ហូបអាហារដើម្បីឆ្លងខួបអាពាហ៍ពិពាហ៍របស់ម៉ាក់ប៉ាជុំគ្នាដូចសព្វដង។ 

រូបតំណាង

ប៉ាបានចេញទៅក្រៅតាំងពីថ្ងៃហើយក៏យូរជាងសព្វមួយដង ពួកយើងក៏នាំគ្នាចេញទៅរកប៉ា។ រឿងអកុសលបានកើតឡើងចំពោះប៉ា ប៉ាត្រូវបានឡានបុកនៅពេលដែលឆ្លងថ្នល់ចេញពីហាងលក់ផ្កាមួយកន្លែង។ ដៃឱបបាច់ផ្កាជាប់ទាំងខ្លួនមានរបួសហូរឈាមដាបខ្លួនប្រាណ តែប៉ាបានប្រើកម្លាំងចុងក្រោយហុចផ្កាមួយបាច់នោះទាំងញញឹមឱ្យទៅម៉ាក់

« បងស្រលាញ់អូន រីករាយថ្ងៃខួបអាពាហ៍របស់យើង កុំយំ កុំបារម្ភ ហើយក៏មិនបាច់ឆាប់ប្រញាប់តាមបងមកអី នៅថែរក្សាកូនរបស់យើងឱ្យបានល្អណា» និយាយរួចប៉ាក៏ដាច់ខ្យល់ស្លាប់នៅក្នុងរង្វង់ដៃម៉ាក់និងខ្ញុំ។ ចាប់ពីថ្ងៃនោះមកលែងឃើញមានវត្តមានផ្កាឈូករ័ត្ននៅក្នុងផ្ទះ លែងមានស្នាមញញឹមរបស់ម៉ាក់ និងលែងមានសំណើចសើចក្អាកក្អាយរបស់ខ្ញុំទៀតហើយ ព្រោះប៉ាបានឆក់យកសុភមង្គលនិងសេចក្តីសុខទាំងអស់ចេញពីពួកយើងបាត់ទៅហើយ។ ទោះវាកន្លងទៅច្រើនឆ្នាំ ហើយម៉ាក់ក៏បានប្រែក្លាយប្រើប្រាស់ជីវិតធម្មតាដូចមុនតែខ្ញុំអាចដឹងពីភាពឈឺចាប់ដែលម៉ាក់កំពុងតែទ្រាំ។ ម៉ាក់ឈឺខ្ញុំក៏មិនដែលសប្បាយរីករាយដែរ។ បែបនេះហើយអ្វីដែលខ្ញុំអាចធ្វើបាន គឺបំផ្លាញក្តីស្រលាញ់ចំពោះផ្កាឈូករ័ត្ន និងយកវាចេញពីមុខរបស់ម៉ាក់ដើម្បីមិនឱ្យវារំលឹកពីការចងចាំដ៏ឈឺចាប់មួយនោះទៀតទេ។

« កុំបារម្ភអីប៉ា! កូនធំហើយកូននឹងមើលថែម៉ាក់ឱ្យបានល្អជំនួសប៉ា តែកូនប្រហែលជាមិនអាចជំនួសក្តីស្រលាញ់របស់ប៉ានៅក្នុងផ្កាឈូករ័ត្នបាននោះទេ » ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]