យើងដឹងស្រាប់ហើយថាអ្នក ដែលទទួលបានភាពជោគជ័យចំណាយពេលយ៉ាងច្រើនក្នុងការងាររបស់គេ ហើយនៅក្នុងពេលចុងសប្តាហ៍វិញជីវិតរបស់ពួកគេក៏មិនសូវដូចមនុស្សធម្មតាឡើយ។ មនុស្សទូទៅចូលចិត្តចំណាយពេលចុងសប្ដាហ៍របស់ពួកគេ ធ្វើការសំអាតផ្ទះ សម្រាក រៀបគម្រោងសម្រាប់ដើរកម្សាន្ត ឬក៏ធ្វើការងារដទៃទៀត។

ខាងក្រោមនេះ គឹជាសកម្មភាពសំខាន់ៗ ដែលអ្នកជោគជ័យភាគច្រើនបានធ្វើឡើងនៅថ្ងៃចុងសប្តាហ៍របស់ពួកគេ៖

១. ធ្វើការរៀបចំផែនការ សម្រាប់ចុងសប្ដាហ៍ទុកឲ្យហើយ

អ្នកជោគជ័យភាគច្រើន តែងតែមានគម្រោងការ គ្រោងទុកជាមុនសម្រាប់ថ្ងៃចុងសប្តាហ៍របស់ពួកគេ។ ទោះបីជាពួកគេត្រូវបង្ហើយការងារ ដែលនៅសល់ឬធ្វើអ្វីផ្សេងនៅក្នុងសប្ដាហ៍ក៏ដោយ ក៏ពួកគេមានគម្រោងរួចជាស្រេចហើយដែរ ដូច្នេះហើយទើបគេមិនភ្លេចនូវការងារ ដែលគេត្រូវធ្វើនៅចុងសប្ដាហ៍។ 

រៀបចំផែនការសម្រាប់ចុងសប្ដាហ៍ទុកឲ្យហើយ

២. ក្រោកពីគេងយ៉ាងលឿន

ការគេងគ្រប់គ្រាន់អាចធ្វើឲ្យមនុស្សមានសុខភាពល្អ និងជួយឲ្យគំនិតថ្មីៗរីកដុះដាលផងដែរ ប៉ុន្តែមនុស្សជាច្រើនបានចំណាយពេលគេង លើសពីអ្វីដែលខ្លួនប្រាណពួកគេត្រូវការទៀត។ សម្រាប់មនុស្សជោគជ័យ គេនឹងចូលគេងឲ្យបានលឿន ហើយនឹងភ្ញាក់ពេលព្រលឹម ដើម្បីធ្វើការងារផ្សេងៗ ជាជាងគេងលើសម៉ោងផងដែរ។ 

ក្រោកពីគេងលឿន

៣. ផ្ដាច់ខ្លួនពីការងារ

បន្ទាប់ពីការមមាញឹកយ៉ាងខ្លាំងនៅក្នុងកន្លែងធ្វើការ មនុស្សដែលជោគជ័យនឹងមិនគិតពីការងាររបស់ពួកគេទៀតទេ ក្នុងពេលចុងសប្ដាហ៍នោះ។ ហើយពួកគេអាចនឹងបិទទូរស័ព្ទ ឬក៏មិនបើកមើលអ៊ីម៉ែលនៅក្នុងពេលចុងសប្តាហ៍ឡើយ ព្រោះថាពួកគេត្រូវការពេលទំនេរពីការងារ ដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយផងដែរ។ 

ផ្ដាច់ខ្លួនពីការងារ

៤. ធ្វើលំហាត់ប្រាណ

ក្នុងអំឡុងពេលមួយសប្តាហ៍ ពួកគេមានការរវល់ខ្លាំងណាស់ ដែលធ្វើឲ្យពួកគេគ្មានពេលសម្រាប់ធ្វើការហាត់ប្រាណទៀតផង។ ដូច្នេះហើយទើបរយៈពេល ២ថ្ងៃរបស់ពួកគេមានតម្លៃយ៉ាងខ្លាំង សម្រាប់ការធ្វើលំហាត់ប្រាណ។ 

ធ្វើលំហាត់ប្រាណ

៥. ចំណាយពេលជាមួយគ្រួសារឬក៏មិត្តភក្តិ

អ្នកដែលជោគជ័យភាគច្រើន បានចំណាយពេលច្រើនណាស់ សម្រាប់ធ្វើការងាររបស់គេ ដូច្នេះហើយទើបគេមិនសូវជាមានពេលវេលា ជួបជុំជាមួយគ្រួសារឬក៏មិត្តភក្តិឡើយ។ ក្នុងកំឡុងពេលចុងសប្តាហ៍ អ្នកដែលមានភាពជោគជ័យចូលចិត្តចំណាយពេលរបស់ពួកគេ ដើម្បីញ៉ាំអាហារជាមួយក្រុមគ្រួសារ ចេញទៅលេងខាងក្រៅក្រុងឬកន្លែងណាសប្បាយៗ និងជួបជាមួយមិត្តភក្តិផងដែរ។ 

ចំណាយពេលជាមួយគ្រួសារឬក៏មិត្តភក្តិ

៦. ធ្វើអ្វីដែលជាចំនង់ចំណូលចិត្តរបស់គេ

មនុស្សដែលទទួលបានភាពជោគជ័យ បានចំនាយពេលចុងសប្តាហ៍ដ៏មានតម្លៃររបស់ពួកគេ សម្រាប់ធ្វើអ្វីដែលពួកគេចូលចិត្ត ព្រោះថាពួកគេមិនមានពេលវេលាណាក្រៅពីចុងសប្តាហ៍ សម្រាប់ធ្វើអ្វីទាំងនោះឡើយ។ ហើយការធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នកអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានសុខភាពល្អផងដែរ។ 

ធ្វើអ្វីដែលជាចំនង់ចំណូលចិត្តរបស់គេ

៧. ពិចារណាអំពីខ្លួនឯង

មនុស្សដែលមានភាពជោគជ័យ ចំណាយពេលវេលាខ្លះនៅក្នុងចុងសប្តាហ៍របស់គេដើម្បីអង្គុយពិចារណាអំពី សមិទ្ធផល ការបរាជ័យ និងផែនការអនាគតរបស់ពួកគេទៀតផង។ ការធ្វើបែបនេះ នឹងអាចឲ្យគេកែចំនុចអាក្រក់ឲ្យ ទៅជាចំនុចល្អវិញនៅក្នុងពេលអនាគត។

៨. រៀបចំផែនការសម្រាប់សប្តាហ៍ក្រោយ

អ្នកដែលមានភាពជោគជ័យ តែងតែប្រើប្រាស់ពេលចុងសប្តាហ៍របស់គេយ៉ាងឈ្លាសវៃ ហើយគេចំណាយពេលខ្លះនៅក្នុងថ្ងៃសម្រាករបស់គេ ដើម្បីរៀបចំកាលវិភាគសម្រាប់កិច្ចការ ដែលគេនឹងត្រូវធ្វើនៅដើមសប្តាហ៍ ឬក៏ពេញមួយសប្តាហ៍ក្រោយផងដែរ៕

ប្រភព៖ Lifehack 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]