បរទេស៖ បន្ទាប់ពីកម្មវិធីបណ្ដាញសង្គម Instagram ត្រូវបានទិញដោយក្រុមហ៊ុនហ្វេសប៊ុក កម្មវិធីនេះមានភាពរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងពេលថ្មីៗនេះដែរ កម្មវិធី Instagram បានកំពុងតែសាកល្បងធ្វើតេស្តមុខងារពិសេសរបស់ខ្លួនមួយទៀតហើយ។

ការធ្វើការផ្សាយផ្ទាល់នៅលើកម្មវិធី Instagram ត្រូវបានដាក់ឲ្យប្រើប្រាស់យូរណាស់មកហើយ តែក្នុងពេលឆាប់ៗនេះ ការផ្សាយផ្ទាល់នៅលើកម្មវិធីនេះកាន់តែមានភាពអស្ចារ្យជាងមុនទៅទៀត ព្រោះថាអ្នកនឹងអាចអញ្ជើញមិត្តភក្តិរបស់អ្នកឲ្យមកចូលរួមធ្វើការផ្សាយផ្ទាល់ដំណាលគ្នា ជាមួយអ្នកផងដែរ។ ការផ្សាយផ្ទាល់ដំណាលគ្នានេះមានន័យថា អ្នកអាចអញ្ជើញអ្នកដទៃឲ្យមកចូលរួមធ្វើការផ្សាយផ្ទាល់ដំណាលគ្នាជាមួយអ្នកដោយប្រើប្រាស់ ឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនហៅពួកគេឲ្យមកអង្គុយក្បែរខ្លួននោះទេ។

នៅពេលដែលអ្នកធ្វើការអញ្ជើញនរណាម្នាក់មកចូលរួមការផ្សាយផ្ទាល់ នោះអេក្រង់នៅលើកម្មវិធី Instagram នឹងត្រូវបែងចែកជាពីរ ដោយម្ខាងសម្រាប់មិត្តភក្តិរបស់អ្នកនិងម្ខាងទៀតសម្រាប់ខ្លួនអ្នកផ្ទាល់ ដូច្នេះមានន័យថា អ្នកដែលធ្វើការទស្សនានឹងអាចមើលឃើញសកម្មភាពនៃការផ្សាយផ្ទាល់ទាំង២ ព្រមគ្នាផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺអ្នកអាចអញ្ជើញឬក៏ដកមិត្តភក្តិរបស់អ្នកចេញកំឡុងពេលដែលកំពុងផ្សាយផ្ទាល់បានផងដែរ។

ការអញ្ជើញមិត្តភក្តិចូលរួមធ្វើការផ្សាយផ្ទាល់ដំណាលគ្នា
អេក្រង់បែងចែកជាពីរនៅពេលដែលអ្នកផ្សាយផ្ទាល់ដំណាលគ្នា

យោងទៅតាមសេចក្ដីថ្លែងការណ៍របស់ Instagram បានឲ្យដឹងថា លក្ខណៈពិសេសមួយនេះកំពុងតែធ្វើការសាកល្បង ដោយអ្នកប្រើប្រាស់មួយចំនួនតូច ហើយមុខងារពិសេសនេះក៏នឹងចេញដាក់ឲ្យប្រើប្រាស់ទូទាំងពិភពលោក នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះផងដែរ៕

ប្រភព៖The Next Web 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]