** ប្រលោមលោកខ្មែរឡូត **

អតីតកាលមួយនោះ

អារម្មណ៍លួចស្រលាញ់មនុស្សម្នាក់ពិតជាពិបាកខ្លាំងណាស់។ ចង់នៅក្បែរគេ ចង់និយាយជាមួយគេ ចង់នៅជិតគេឱ្យបានយូរៗតាមដែលអាចទៅរួច។ មិនខ្វល់ថ្ងៃមុន មិនខ្វល់ថ្ងៃមុខ សំខាន់ពេលនេះខ្ញុំចង់នៅជិតគេ ចង់ស្តាប់សម្តីគេ ចង់មើលមុខដែលមានស្នាមញញឹមរបស់គេឱ្យបានយូរៗ។ ខ្ញុំក៏មិនច្បាស់ដែរ ថានេះជាស្នេហាពិត ឬគ្រាន់ តែជាអារម្មណ៍ចូលចិត្តមួយឆាវរបស់មនុស្សដែលមានបេះដូងទន់ជ្រាយ? គ្រាន់តែបេះដូងបាន បញ្ជាក់ប្រាប់ថា មានសេចក្តីសុខដ៏លើសលប់ពេលដែលបាននៅក្បែរគេម្នាក់នោះ។ អារម្មណ៍ចង់នៅក្បែរគេធ្វើឱ្យខ្ញុំព្យាយាមរកឱកាសបាននៅជិតគ្នាឱ្យបានយូរៗទោះត្រឹមជាមិត្តទោះបានមើលគេពីចំងាយក៏អស់ចិត្តដែរ។ ខ្ញុំល្ងង់ណាស់មែនទេដែលជីករណ្តៅកប់ខ្លួនឯង ជាមួយនឹងរឿងរ៉ាវដែលគ្មានសង្ឃឹម? តែស្នេហាវាគ្មានហេតុផលនោះទេ សំខាន់ពេលនេះ ខ្ញុំធ្វើបែបនេះខ្ញុំសប្បាយចិត្ត ខ្ញុំពេញចិត្តនឹងធ្វើ ខ្ញុំមានសេចក្តីសុខ។ ស្នាមញញឹមដ៏មានមន្ត ស្នេហ៍របស់គេ សំលេងដ៏ស្រទន់ និងកាយវិការប្ញកពារសុភាពរមទម្យរបស់គេធ្វើ ឱ្យខ្ញុំកាន់តែលង់ជ្រៅដកខ្លួនមិនរួច។ បើសិនជាមានអ្នកណាម្នាក់ដឹង ប្រាកដជាសើចចំអក ខ្ញុំស្លាប់ជាមិនខាន។ មនុស្សដូចខ្ញុំមានអីល្អទៅ? រូបរាងក៏មិនស្អាត មុខមាត់ក៏ស្រែៗ ប្ញកពាក៏មិនចុះចំណោមទេ ហើយនឹងមានកាយវិការល្ងង់ៗដែលគួរឱ្យចង់សើចរបស់ខ្ញុំទៀត។គ្រប់គ្នាសើចចំអក មើលងាយខ្ញុំ ប៉ុន្តែនាងតែងតែញញឹមញញែម រួសរាយដាក់ខ្ញុំជានិច្ចរហូតពួកយើងបានក្លាយទៅជាមិត្តល្អនឹងគ្នាទៀតផងបែបនេះហើយបានជាខ្ញុំស្រលាញ់នាងសឹងតែដកចិត្តមិនរួច។

ពេលវេលាកន្លងដែលបាននៅជិតគេធ្វើឱ្យអារម្មណ៍ខ្ញុំសែនកក់ក្តៅ ទោះស្នេហាគ្មានទិសដៅតែខ្ញុំក៏ពេញចិត្តវេលាដែលកន្លងហួស។ ធ្មេចបើកៗពេលវេលាក៏កន្លងផុតយ៉ាងលឿនរហូតដល់ពួកយើងជិតបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ ដំណឹងជាប់អាហារូបករណ៍នៅក្រៅប្រទេសធ្វើឱ្យខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ហើយចង់នាំដំណឹងនេះប្រាប់នាងជាមនុស្សទីមួយ តែរឿងមួយស្មានមិនដល់បានកើតឡើង។ ពេលដែលខ្ញុំកំពុងតែឈានជើងដើរចូលថ្នាក់ស្រាប់តែខ្ញុំឮនាងនិយាយជាមួយមិត្តរួមថ្នាក់របស់នាង។ វាជាសម្តីនិងប្ញកពាដែលខ្ញុំមិនដែលបានឃើញ ហើយក៏មិនស្មានថានាងអាចធ្វើ បែបនេះរួចសោះ

« យើងឆ្ងល់ឯងចេះរាប់អានអាមួយមោកៗនៅក្នុងថ្នាក់រួច? »

« ហាហា...មកពីវាមានផលប្រយោជន៍ចំពោះយើងហ្នឹងណា បោកប្រើទៅមានទៅខាតអី ឯងមើលពិន្ទុការសិក្សារបស់យើងទៅមិនដែលក្រោម ៨០ ទេ »

« អឺៗៗគ្នាដឹងហើយទៅឯងហ្នឹងនោះ ចុះឯងមានដឹងអត់ថាវាដូចជាស្រលាញ់ឯងទៀតផង »

« អីមិនដឹង ចឹងហើយបានជាយើងខំធ្វើល្អបោកវាថែមតិចទៅហ្នឹងណា ការពិតទៅយើងធុញ យើងស្អប់សឹងអីហើយ មនុស្សស្អីស្រែៗ មោកៗ អូយព្រឺសម្បុរ»

« កោតឯងចេះនៅជិតរួចដែរ »

« ទ្រាំៗទៅ តែរៀនចប់ប្រាកដជាយើងទាត់ក្បាលចោលមិនខាន នែម៉ាក់យើងប្រាប់ថាបើរៀនចប់បាននិទ្ទេសល្អគាត់នឹងទិញឡានឱ្យយើង ណ្ន»

« អូយ ច្រណែនឯងណាស់ »

ក្រដាសនៅក្នុងដៃត្រូវបានញីញ៉ុកក្នុងកណ្តាប់ដៃរបស់ខ្ញុំ។ កំហឹង ការតូចចិត្ត ភាពអស់សង្ឃឹម បានលេចក្នុងពេលតែមួយ។ ហេតុអ្វីមនុស្សតែម្នាក់ដែលតែងតែលើកទឹកចិត្តខ្ញុំ នៅជាមិត្តនឹង ខ្ញុំបានក្លាយទៅជាមនុស្សដែលបោកប្រាស់ខ្ញុំសាហាវបែបនេះទៅវិញ?

តាំងពីថ្ងៃដែលការពិតត្រូវបានលាតត្រដាង ខ្ញុំលែងទៅសាលា លែងចេញពីបន្ទប់គេង លែងទទួលទូរស័ព្ទ ឬជួបអ្នកណាទាំងអស់ ហើយវាក៏បានធ្វើឱ្យខ្ញុំសម្រេចចិត្តបាននូវរឿងមួយ។

ថ្ងៃដែលខ្ញុំត្រូវទៅរៀននៅបរទេសក៏បានមកដល់ ខ្ញុំមិនចង់ចាកចេញ តែដើម្បីអនាគត និងទាត់ចោលរឿងរ៉ាវអស់សង្ឃឹមទាំងនោះខ្ញុំត្រូវតែទៅ។ សង្ឃឹមថាការចាកចេញដោយគ្មានដំណឹងរបស់ខ្ញុំនឹងធ្វើឱ្យភ្លើងស្នេហាមួយនោះ និងភាពឈឺចាប់នូវការបោកប្រាស់ដ៏ជូរចត់មួយនោះ វារលត់តាមពេលវេលាទៅចុះ។  

រូបតំណាង

បច្ចុប្បន្ននៅពេលនេះ......

បន្ទាប់ពីបញ្ចប់ការសិក្សា ៥ ឆ្នាំនៅបរទេស ខ្ញុំបានត្រលប់មកស្រុកកំណើត។ មែនហើយពេល វេលាពិតជាបានផ្លាស់ប្តូរខ្ញុំអស់ទាំងស្រុង។ ខ្ញុំប្រែក្លាយជាបុរសជោគជ័យម្នាក់ទាំងការសិក្សា ទាំងការងារ ហើយថែមទាំងជាបុរសសង្ហាម្នាក់នៅក្នុងក្តីស្រមៃរបស់នារីជាច្រើន ប៉ុន្តែខ្ញុំក៏មិន ដែលទាក់ទងជាមួយអ្នកណាពិតប្រាកដ ព្រោះថារឿងរ៉ាវអតីតនៅតែដក់ជាប់នៅក្នុងចិត្តគ្មានថ្ងៃបំភ្លេចបាន។ នាង...មនុស្សស្រីម្នាក់នោះនៅតែស្ថិតក្នុងក្រអៅបេះដូងរបស់ខ្ញុំគ្មានវិនាទីណាដែលខ្ញុំមិននឹក និងគិតដល់នាងនោះទេ ទោះបីជាដឹងថានាងបានបោកប្រាស់សេចក្តីស្មោះត្រង់របស់ខ្ញុំក៏ដោយ។ ហើយមកម្តងនេះខ្ញុំក៏ ចង់មករកនាងដើម្បីសួរនាងបញ្ជាក់ឱ្យច្បាស់នូវអ្វីដែលខ្ញុំស្តាប់ឮកាលពិប៉ុន្មានឆ្នាំមុន។ ការចាកចេញដោយមិនបានប្រាប់នាង ការដែលមិនបានសួរនាងឱ្យច្បាស់ និងស្តាប់ការបកស្រាយរបស់នាងធ្វើឱ្យវាក្លាយជាស្នាមដែលមិនអាចរលុបបាន។

រូបតំណាង

ការជួបដោយចៃដន្យ

រឿងចៃដន្យបំផុតដូចនៅក្នុងរឿងកុន ទីបំផុតខ្ញុំក៏បានជួបនាងនៅក្នុងក្លឹបរាត្រីមួយ។ នាងនៅតែស្រស់ស្អាត គឺសឹងតែស្រស់ស្អាតជាងមុនទៅទៀត។ កែវភ្នែកនៅតែមានមន្តស្នេហ៍ តែរឿងមួយដែលធ្វើឱ្យខ្ញុំទប់ចិត្តមិនបានគឺនាងមកជាមួយបុរសម្នាក់ដែលខ្ញុំអាចមើលដឹងថាពួកគេជាគូស្នេហ៍នឹងគ្នា ហើយអ្វីដែលខ្ញុំច្បាស់ក្នុងចិត្ត គឺនាងជាស្រីឆ្នាស់ឆ្មើមនៅក្នុងស្រោមទេវត្តាដែលតែងតែលាក់ទុកចរិតពិតរបស់នាងនៅពេលដែលនៅក្បែរខ្ញុំ។ បន្ទាប់ពីបង្ហាញភាពស្និទ្ធស្នាលជាគូស្នេហ៍ នាងជាមួយគូស្នេហ៍បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ រាល់សកម្មភាពរបស់ពួកគេតែងតែនៅក្នុងក្រសែភ្នែករបស់ខ្ញុំជានិច្ច។ ខ្ញុំរង់ចាំឱកាសល្អដើម្បីបាននិយាយជាមួយនាង និងសួរនាងឱ្យច្បាស់។ 

រូបតំណាង

នាងបានស្រែកយំយ៉ាងខ្លាំងពេលដែលបុរសជាគូស្នេហ៍បានចាកចេញ តែគ្មានអ្នកណារវល់នឹងនាងទេ។ នាងបានអង្គុយផឹកស្រាម្នាក់ឯងទាំងទឹកភ្នែករហាម។ វាក៏ជាពេលសមរម្យដែលខ្ញុំត្រូវមានសេចក្តីក្លាហានហ៊ានដើរទៅរកនាង។ តើនាងអាចចំណាំខ្ញុំបានដែរអត់?

« សួស្តី អឺ.....»

នាងក្រឡេកមើលខ្ញុំបន្តិចរួចសើចទាំងសោះកក្រោះ

«យ៉ាងម៉េច? អូ ត្រូវការស្រីហ្ហេ? មានលុយប៉ុន្មានដែរ? អេ មើលរូបរាងរបស់លោកទៅក៏មិនអន់ដែរ អាចនិយាយគ្នាបាន »

« នាង...និយាយពីអី? »

« មិនបាច់ធ្វើពើទេ ពួកមនុស្សប្រុសដូចលោកមកកន្លែងអ៊ីចឹងៗបើមិនរកស្រីរកស្អីទៅ? កុំនិយាយច្រើនបើចង់បានណាស់និយាយថ្លៃមក ទាន់ខ្ញុំអារម្មណ៍ល្អ...ឃើញអត់សង្សារខ្ញុំទៅ បាត់ហើយ គេទៅរកស្រីស្នេហ៍ហើយ ហើយខ្ញុំក៏អាចរកប្រុសកំដរបានដូចគ្នា ហាហ... »

« ធ្វើអីហ្នឹង? នាងស្រវឹងមែនទេ? និយាយស្អីដូចស្រីរកស៊ី »

« ហាហា...លោកជាភ្ញៀវមកថ្មីមែនទេបានជាមិនដឹងស្អីសោះអ៊ីចឹង?»

ខ្ញុំសម្លឹងមើលមុខនាងចំ ដើម្បីឱ្យច្បាស់ក្នុងចិត្តថាខ្ញុំមិនបានមើលមនុស្សច្រលំ។ 

រូបតំណាង

តែទោះជាមើលយ៉ាងណាក៏នៅតែជានាងដដែល តែហេតុអ្វីបានជាច្រើនឆ្នាំមកនេះនាងប្រួលប្រែដល់ ម្លឹង? ហេតុអ្វីបានជានាងធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹង? តើច្រើនឆ្នាំមកនេះមានរឿងអ្វីកើតឡើង ចំពោះនាងខ្លះទៅ? រាប់ម៉ឺនសំណួរបានចាក់ដោតពេញខួរក្បាលរបស់ខ្ញុំ តែបែរជាធ្វើឱ្យខ្ញុំ និយាយអ្វីមិនចេញសូម្បីតែមួយម៉ាត់។ ខ្ញុំក៏ដាច់ចិត្តសួរនាងមួយម៉ាត់ទាំងអួលដើម.ក

« នាងជានារីមែនទេ? ហើយនាងចាំមិត្តមោកៗរបស់នាងកាលពី៥ឆ្នាំបានអត់? »

នាងបើកភ្នែកធំៗរួចស្រែកច្រលោត

« កុំហៅឈ្មោះនោះទៀត គ្មានស្រីឈ្មោះនារីនៅលើលោកនេះទៀតទេ? ហើយលោកឯងជាអ្នកណាហ្ហាស? បានជាដឹងរឿងរបស់ខ្ញុំ? អូ ប្រហែលជាមីពួកប្រពន្ធដើមតាតាឱ្យមកស៊ើបរឿងខ្ញុំមែនទេ? ផ្តាំប្រាប់ពួកយាយចាស់ស្បែកជ្រួញផង យើងមិនខ្លាច ដរាបណាមានលុយឱ្យយើង យើងនឹងយកប្តីរបស់វាមិនលែងទេ ហាហាហា...ហើយ! កុំរំលឹកអាឆ្កួតនោះទៀត វាមិនមែនជាមិត្តរបស់យើង យើងស្អប់វា »

« នាង.....!!!!»

នារីអកស្រាមួយកែវចូលមាត់រួចនិយាយទាំងសំឡេងឈឺចាប់លាយទឹកភ្នែកជោគជាំ

« មកពីវា មកពីវាទាំងអស់ អាមោកអាឆ្កួតអាចង្រៃ វាបំផ្លាញយើង យើងស្អប់ឯង...បើមិនមកពីវាទេយើងក៏មិនប្រលងធ្លាក់ដែរ បើយើងមិនប្រលងធ្លាក់ម៉ាក់ប៉ាយើងក៏មិនបានខឹងយើងស្អប់យើង ជេរយើងរហូតយើងរត់ចេញពីផ្ទះហើយធ្លាក់ខ្លួនចាញ់បោកសង្សាររហូតក្លាយជាស្រីលក់ខ្លួនដែរ ឯងស្តាប់បានទេៗៗ ចេញទៅយើងស្អប់មនុស្សប្រុស »  

រូបតំណាង

កែវភ្នែករបស់ខ្ញុំរំលេចភាពភ្ញាក់ផ្អើលលាយឡំនឹងភាពឈឺចាប់ពេលដែលបានដឹងរឿងរ៉ាវទាំងអស់ចេញពីមាត់របស់នាង។ តើវាជាកំហុសរបស់ខ្ញុំមែន? ឬក៏វាជាកំហុសការភ្លើតភ្លើន ជីវិតយុវវ័យរបស់នាង? ក្រោយពីខ្ញុំបានចេញពីក្លឹបមកទើបខ្ញុំបានឮពិមនុស្សជុំវិញនិយាយថា នារីជាស្រីលក់ខ្លួនថ្នាក់ខ្ពស់របស់តាតានិងអ្នកមានទ្រព្យសម្បត្តិមានអំណាចក្នុងសង្គម ហើយនាងក៏លួចលាក់ចិញ្ចឹមសង្សារក្មេងតែតែងតែត្រូវគេបោកប្រាស់បោកលុយនាងទៅចិញ្ចឹមស្រីបន្ត។ 

រូបតំណាង

ពាក្យសម្តីដែលចង់សួរពីមុនវាលែងសំខាន់ហើយ ព្រោះការពិតនៃស្ថានភាពរបស់នាងពេលនេះធ្វើឱ្យរន្ធត់រកពាក្យអ្វីថ្លែងមិនបាននោះទេ។ ហេតុអ្វីមនុស្សស្រីល្អនៅក្នុងអតីតកាលរបស់ខ្ញុំបានប្រែក្លាយទៅជាស្រីដែលត្រូវបានសង្គមស្អប់ខ្ពើមបែបនេះ។ អ្វីៗគ្រប់យ៉ាងគឺមកពីអំពើរបស់នាងដែលធ្លាប់បានសាង ហេតុអ្វីបានជានាងនៅតែទំលាក់កំហុសលើអ្នកដទៃហើយមិនព្យាយាមកែប្រែអ្វីឱ្យល្អឡើងវិញ? មែនហើយនារីដ៏ស្រស់ស្អាតរមទម្យ សុភាពរាបសារកាលពីមុនគ្រាន់តែជាស្រមោលអតីកាល ហើយនាងក៏បានស្លាប់ទៅហើយ ហើយក៏ដូចជាបុរសមោក ល្ងង់ ដែលត្រូវបានគេបោកប្រាស់ម្នាក់នេះក៏បានបាត់បង់ពីលើលោកនេះដូចគ្នា។ ខ្ញុំគ្រាន់តែស្តាយ ស្តាយដែលខ្ញុំមិនអាចជួយអ្វីនាងបាននៅពេលនេះ។ ដំណើរជីវិតរបស់នាងពិតជាធ្វើឱ្យខ្ញុំមិនអាចលូកដៃចូលទៅទាញនាងចេញពីរណ្តៅបាននោះទេ ព្រោះនាងបានជ្រើសដើរផ្លូវមួយនេះរួចទៅហើយ។ លាហើយនារីដ៏សែនល្អ ដែលធ្លាប់ជាមនុស្សស្រីល្អក្នុងក្រអៅបេះដូងបុរសម្នាក់នេះ លា លាគ្មានថ្ងៃត្រលប់៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]