* ពិធីទទួល និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចឪ មានមនុស្សចូលរួមច្រើន លើសការស្មានទុក
* ថ្ងៃដង្ហែព្រះបរមសព និងគម្រប់បុណ្យ ៧ថ្ងៃ មានអព្ភូតហេតុចម្លែកៗ និងពាក្យចចាមអារ៉ាម កើតឡើងច្រើន
* អ្នករកស៊ីមួយចំនួនឆ្លៀត កេងចំណេញពីអ្នកទៅចូលរួម កាន់ព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ

ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២១ ខែតុលា កន្លងទៅនេះ គឺគម្រប់៧ថ្ងៃ សម្រាប់ការសោយទិវង្គត របស់អង្គសម្ដេចឪ នេះបើយោងទៅតាមប្រពៃណី ទំនៀមទម្លាប់ របស់ជនជាតិខ្មែរយើង។ ក្នុងនោះនៅរយៈពេល ៧ថ្ងៃ នៃការចូល ទិវង្គតរបស់សម្ដេចឪ ត្រូវបានគេសង្កេតឃើញថា មានព្រឹត្ដិការណ៍ធំៗ និងប្លែកៗកើតឡើងជា បន្ដបន្ទាប់ រួមទាំង អព្ភូតហេតុ ពាក្យចចាមអារ៉ាម រួមទាំងជនខិលខូច និងជនកេងចំណេញមួយចំនួន ទាញយកផលប្រយោជន៍ពីពិធី បុណ្យព្រះបរមសព របស់អង្គសម្ដេចឪផងដែរ ។

មនុស្សចូលរួម បុណ្យព្រះបរមសព សម្ដេចឪ ច្រើនលើសពីការស្មាន

តាមការកត់សម្គាល់ និងការសង្កេតមើលនៅក្នុងរយៈពេល ៧ថ្ងៃ កន្លងមកនេះ បានធ្វើឱ្យគេមើលឃើញថា ពិធី បុណ្យព្រះបរមសព របស់អង្គសម្ដេចឪ តាំងពីថ្ងៃដែល ព្រះអង្គចូលទិវង្គត នៅវេលាម៉ោង ១និង២០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កាលណាមក គឺគេមើលឃើញថា មានប្រជាពលរដ្ឋស្រីប្រុស ទាំង មន្ដ្រី រាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងជនបរទេសផងដែរ មានការរំជើបរំជួលដោយក្ដីក្ដុកក្ដួល ក្រៀមក្រំ ចំពោះការទទួល បានដំណឹងមរណទុក្ខរបស់ ព្រះអង្គនេះ ហើយពួកគេបាននាំគ្នា ចូលរួមទៅទទួលការដង្ហែព្រះបរមសព ពីប្រទេសចិន ឆ្ពោះមកកាន់រាជធានីភ្នំពេញ និងនាំគ្នាទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់ ព្រះអង្គ គឺមានចំនួនច្រើនលើសលប់ លើសពីការស្មានទុក ដែលរហូតមកដល់ថ្ងៃនេះ ចំនួនប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃនៅទូទាំងប្រទេសផងដែរ  នៅតែនាំគ្នានិមន្ដ និងធ្វើដំណើរមកគោរព ព្រះវិញ្ញាណក្ខន្ធសពរបស់ព្រះអង្គ នៅមុខព្រះបរមរាជវាំង នៅតែមាន ចំនួនច្រើនលើសលប់ដដែល ។ មិនតែប៉ុណ្ណោះ សូម្បីតែនៅតាម បណ្ដាខេត្ដ តាមក្រសួង មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និងឯកជន នៅទូទាំងប្រទេស ដែលមានរៀបចំការតាំងព្រះឆាយាល័ក្ខណ៍ ដើម្បីធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធនោះ ក៏មានព្រះសង្ឃ ប្រជាពលរដ្ឋ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងជនជាតិបរទេសផងដែរ នាំគ្នាទៅ ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ជារៀងរាល់ថ្ងៃ ហើយ ចំនួនច្រើនទៀតផង ។

ជាក់ស្ដែងគ្រាន់តែនៅរាត្រីថ្ងៃទី២១ ខែតុលា ដែលតាមការគ្រោងទុករបស់អ្នករៀបចំ គឺបាននិមន្ដព្រះសង្ឃចំនួន ២៥០០អង្គ មកចូលរួមសូត្រមន្ដបង្សុកូល ថ្វាយ ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនោះ តែជាក់ស្ដែងគឺមានព្រះសង្ឃ និមន្ដមកពីគ្រប់ទិសទីទូទាំងប្រទេស រហូតដល់ប្រមាណ ៦០០០អង្គឯណោះ ហើយចំណែកប្រជា ពលរដ្ឋ ក៏នាំគ្នាមក ចូលរួមលើសពីការគ្រោងទុកដូចគ្នាផងដែរ ។ 

អព្ភូតហេតុ និងពាក្យចចាមអារ៉ាម កើតឡើងនៅថ្ងៃគម្រប់បុណ្យ ៧ថ្ងៃ

នៅរាត្រីថ្ងៃទី២១ ខែតុលា នៅទូទាំងប្រទេស បានកើតមានការភ្ញាក់ផ្អើល តពីម្នាក់ទៅម្នាក់ ពីភូមិមួយទៅភូមិ មួយ រហូតដល់ពីប្រទេសមួយទៅប្រទេសមួយ ដែលមាន ជនជាតិខ្មែររស់នៅថែមទៀតផង ដោយសារតែពួកគេ អះអាងថា បានមើលឃើញអព្ភូតហេតុពាក់ព័ន្ធ ទៅនឹងបារមីរបស់ព្រះអង្គកើតឡើង ខណៈដែលព្រះចន្ទរះ តែមួយ ចំហៀងនោះ គេមើលឃើញនៅក្នុងផ្ទៃព្រះចន្ទ ហាក់មានរូបស្រដៀងទៅនឹងព្រះភក្ដ្រ របស់អង្គសម្ដេចឪ នៅក្នុង នោះ។

ការភ្ញាក់ផ្អើលពីអព្ភូតហេតុខាងលើនេះ ថ្វីដ្បិតតែអ្នកខ្លះមើលឃើញ និងមានជំនឿ ហើយអ្នកខ្លះទៀតមើលមិន ឃើញ ហើយក៏មិនសូវមានជំនឿនោះ គឺពួកគេនាំគ្នា អះអាងថា រូបព្រះភក្ដ្ររបស់អង្គសម្ដេចឪ ដែលគេធ្លាប់ឃើញ នៅក្នុងលុយក្រដាស១ម៉ឺនរៀលនោះ គឺបានលេចផុសអណ្ដែតឡើង នៅលើផ្ទៃព្រះចន្ទ ដែលរះនៅលើ មេឃតែ មួយចំហៀងនោះ។ ប៉ុន្ដែអ្នកខ្លះដែលខិតខំសម្លឹងមើលដែរ បានអះអាងថា មើលមិនឃើញ ឬក៏មើលមិនដូច ហើយចាត់ទុកថា អព្ភូតហេតុនេះ គ្រាន់តែ ជាការស្រមើស្រមៃ របស់អ្នកដែលមានអារម្មណ៍ ផ្ដោតទៅលើការចូលទិវង្គត របស់ព្រះអង្គតែប៉ុណ្ណោះ។ ក្រៅពីការភ្ញាក់ផ្អើល ទៅនឹងអព្ភូតហេតុខាងលើនេះ ពាក្យ ចចាមអារ៉ាមមួយចំនួន ក៏បានលេចឮឡើង តែហាក់ដូចជាមិនមានឥទ្ធិពល ដូចការលេចឮពីអព្ភូតហេតុនេះ ឡើយ។

នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋមួយចំនួន នាំគ្នាដើរនិយាយថា នៅឯខេត្ដបន្ទាយមានជ័យ កាលពីវេលា ម៉ោង៧-៨យប់ ថ្ងៃទី២១ ខែតុលា មានភូមិមួយនោះ មានការភ្ញាក់ផ្អើលឡើង ដោយសារតែសត្វមាន់របស់អ្នក ស្រុកនាំគ្នារងាវកងរំពងពេញភូមិតែម្ដង ។ ពាក្យចចាមអារ៉ាមខាងលើ ត្រូវបានអ្នកនិយាយតៗគ្នាចាត់ទុកថា ជា អព្ភូតហេតុចម្លែកនៅក្នុងថ្ងៃគម្រប់៧ថ្ងៃ នៃការចូលទិវង្គតរបស់ព្រះអង្គ។ ប៉ុន្ដែនៅព្រឹកថ្ងៃទី២២ ខែតុលា ភ្នាក់ងារដើមអម្ពិល នៅខេត្ដបន្ទាយមានជ័យ បានធ្វើ ការស្រាវជ្រាវ និងសាកសួរព័ត៌មានពីករណីមាន់រងាវពេញ ភូមិខាងលើនេះ គឺគ្មានអ្នកណាម្នាក់អះអាងថា មានអព្ភូតហេតុនេះកើតឡើងនោះឡើយ។ ដូច្នេះករណី មាន់រងាវ ពេញភូមិខាងលើ ត្រូវបានគេចាត់ទុកថា គ្រាន់តែជាពាក្យចចាមអារ៉ាម និយាយតៗគ្នាតែប៉ុណ្ណោះ។

មានអ្នកឆ្លៀតឱកាស កេងចំណេញពីព្រះរាជពិធីបុណ្យ ព្រះបរមសពរបស់អង្គសម្ដេចឪ

ចាប់តាំងពីសម្ដេចឪ សោយទិវង្គត រហូតមកដល់ថ្ងៃនេះ គេសង្កេតឃើញថា វត្ថុដែលពាក់ព័ន្ធទៅនឹងពិធីបុណ្យ ជា ពិសេសផ្កា និងព្រះឆាយាល័ក្ខណ៍របស់ ព្រះអង្គតែ ម្ដង បានចាប់ផ្ដើមឡើងថ្លៃ ដោយក្នុងនោះសូម្បីតែអ្នកទទួលផ្ញើ កង់ម៉ូតូ រថយន្ដ នៅក្បែរៗព្រះបរមរាជវាំង ក៏នាំគ្នាឡើងថ្លៃទ្វេជាពីរជាបីផងដែរ។  ជាក់ស្ដែងបូកាន់ទុក្ខ ដែលធ្វើពីក្រណាត់ពណ៌ស និងពណ៌ខ្មៅ ហើយភ្ជាប់ទៅដោយកូនម្ជុលខ្ទាស់មួយនោះ ត្រូវបាន ពួកឈ្មួញ និងមនុស្សមួយចំនួននាំគ្នាធ្វើលក់ នៅលើទីផ្សារ បើទោះ បីជាអ្នកខ្លះ ដែលមានសមានចិត្ដចំពោះព្រះអង្គ បានចំណាយថវិកា និងពេលវេលា ធ្វើចែកជូនដោយឥតគិតថ្លៃក៏ដោយ ។

នៅតាមដងផ្លូវនិងទីផ្សារ បូដែលធ្វើ ពីក្រណាត់សនិងខ្មៅ សម្រាប់ដោតជាប់នឹងអាវកាន់ទុក្ខនោះ ត្រូវបានគេលក់១តម្លៃ ៥០០រៀល សម្រាប់បូដែល រចនាឡើងដោយ សាមញ្ញ (តូច) និងតម្លៃ១០០០រៀល សម្រាប់បូដែលរចនាឡើងមានទ្រង់ទ្រាយធំ និងស្អាត។ ក្រៅពីការធ្វើអាជីវកម្មលក់បូកាន់ទុក្ខ អ្នករកស៊ីលក់ផ្កា ក៏បានចាប់ផ្ដើម លក់ឡើងថ្លៃផងដែរ ជាពិសេសប្រភេទ ផ្កាពណ៌សតែម្ដង ដែលត្រូវការចាំបាច់នៅក្នុងពិធី សម្រាប់បុណ្យសពនោះ។ នៅកន្លែងលក់ផ្កា ថ្វីដ្បិតតែការលក់ មានតម្លៃខ្ពស់ ទាប ទៅតាមទំហំធំតូច និងតាមការរចនាក៏ដោយ តែបើតាមការស៊ើបសួរ គឺតម្លៃផ្កាបានឡើងថ្លៃ ប្រមាណជា ៣០ភាគរយ ពីលើតម្លៃលក់នៅថ្ងៃធម្មតា។ ក្រៅតែ ពីផ្កា ឡើងថ្លៃ សូម្បីតែព្រះឆាយាល័ក្ខណ៍របស់ សម្ដេចឪ ក៏ត្រូវបានគេលក់ឡើងថ្លៃផងដែរ មិនតែប៉ុណ្ណោះ នៅមុខព្រះបរមរាជវាំង ក៏មានអ្នកធ្វើអាជីវកម្មផ្ដិត រូបព្រះ ឆាយាល័ក្ខណ៍ របស់អង្គសម្ដេចឪ លក់ឱ្យប្រជាពលរដ្ឋ ដែលមកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សូម្បីតែរូបព្រះខែ ដែលគេអះអាងថា មានរូបភាព ស្រដៀងទៅនឹងព្រះភក្ដ្រអង្គសម្ដេចឪ នៅលើនោះ ក៏ ត្រូវបានគេថត និងផ្ដិតលក់ពាសពេញមុខវាំង ប្រមូលបានលុយច្រើនសន្ធឹក។ 

កន្លែងផ្ញើកង់ ម៉ូតូ រថយន្ដឡើងថ្លៃទ្វេជាបីជាបួន

នៅក្បែរៗព្រះបរមរាជវាំង មិនចំពោះតែកន្លែងប្រកបអាជីវកម្ម ទទួលផ្ញើរថយន្ដនិងម៉ូតូ បាននាំគ្នាដំឡើងថ្លៃ ប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរៗ នោះ បានឆ្លៀតឱកាសបើកកន្លែងទទួលបញ្ញើ រួចហើយដំឡើងថ្លៃស្រេចតែនឹងចិត្ដ ធ្វើឱ្យប្រជាពលរដ្ឋដែលនាំគ្នាទៅគោរពព្រះវិញ្ញាណក្ខន្ធ នៅមុខព្រះបរមរាជវាំង នាំគ្នា រអ៊ូរទាំពីរឿងការឡើងថ្លៃខាងលើនេះ ។ កន្លែងទទួលបញ្ញើម៉ូតូខ្លះ ដែលពីមុនធ្លាប់យកថ្លៃផ្ញើមួយគ្រឿង តែ ៥០០រៀល ទៅ១០០០រៀល ស្រាប់តែឥឡូវបាន ឡើងថ្លៃរហូតដល់ ២០០០រៀល កន្លែងខ្លះ ៣០០០រៀល ហើយ សម្រាប់រថយន្ដវិញ គេយកថ្លៃរហូតដល់ ៥០០០រៀល និងកន្លែងខ្លះ ១០០០០រៀល ថែមទៀតផង ។

ការឆ្លៀតឱកាសកេងចំណេញខាងលើនេះ ថ្វីដ្បិតតែជារឿងម្ដងម្កាល ហើយមិនស្ថិតនៅក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់អាជ្ញាធរសមត្ថកិច្ចក៏ដោយ ក៏ ប្រជាពលរដ្ឋភាគច្រើន បាននាំគ្នាសំណូមពរ សុំឱ្យអាជ្ញាធរសមត្ថកិច្ចជួយពិនិត្យមើល លើករណីនេះផង។ ក្នុងនោះអ្វីដែលអ្នកខ្លះព្រួយបារម្ភ គឺប្រយ័ត្នមានជន ខិលខូចលួចបង្កើតកន្លែងទទួលបញ្ញើ នៅតាមទីសាធារណៈ រួចហើយលួចយករថយន្ដ ឬម៉ូតូរបស់អថិតិជនរត់ទៅបាត់ ដោយសារតែអ្នកទទួលបញ្ញើទាំងអស់នោះ គេមិនបានស្គាល់ពីអត្ដសញ្ញាណ និងប្រវត្ដិរូបច្បាស់លាស់នោះ។

ខាងលើនេះគ្រាន់តែជារឿងខ្លះៗ នៅក្នុងរយៈពេល៧ថ្ងៃ នៃពិធីបុណ្យនិងការកាន់ព្រះបរមទុក្ខ ព្រះសពអង្គសម្ដេចឪ តែប៉ុណ្ណោះ។ ក្នុងនោះការកាន់ព្រះមរណទុក្ខ គឺនៅរយៈពេលជិត ៣ខែទៀត តើនឹងមានរឿងអ្វីកើតឡើងប្លែកៗជាបន្ដទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]