បរទេស៖ នៅដើមខែកក្កដា ក្រុមហ៊ុនបង្កើតបន្ទះឈីបមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Diego បានស្នើសុំភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ ឲ្យធ្វើការបញ្ឈប់ការលក់ទូរស័ព្ទ iPhone 7 ដែលមានបំពាក់បន្ទះឈីបផលិតដោយក្រុមហ៊ុន Intel ។ 

ក្រុមហ៊ុន Qualcomm បានប្រាប់ថាក្រុមហ៊ុន Apple បានបំពានលើប៉ាតង់របស់ខ្លួនចំនួនប្រាំមួយចំនុច នៅក្នុងការធ្វើឲ្យទូរស័ព្ទ iPhone 7 កាន់ថ្មបានយូរ និងរំលោភបំពានមួយទៀតក្នុងការផលិតបន្ទះឈីប​ សម្រាប់ដំណើរការអ៊ីនធឺណិតដែលមាននៅក្នុងទូរស័ព្ទស្មាតហ្វូននេះផងដែរ។

ទូរស័ព្ទ iPhone 7
បន្ទះឈីបទូរស័ព្ទ iPhone 7

កាលពីថ្ងៃ អង្គារ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិបានប្រាប់ថា គេយល់ព្រមដើម្បីធ្វើការស៊ើបអង្កេតពីការចោទប្រកាន់របស់ក្រុមហ៊ុន Qualcomm ទៅលើក្រុមហ៊ុន Apple ហើយ។ ភ្នាក់ងារខាងលើនេះអាចនឹងរារាំងផលិតផលរបស់ក្រុមហ៊ុន Apple ក្នុងការនាំចូលទៅក្នុងសហរដ្ឋអាមេរិកផងដែរ។ 

ទីស្នាក់ការកណ្ដាលរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ

លោក Don Rosenberg ដែលជាអ្នកប្រឹក្សាទូទៅរបស់ក្រុមហ៊ុន Qualcomm បាននិយាយថា ក្រុមហ៊ុន Qualcomm មានភាពរីករាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តធ្វើការស៊ើបអង្កេតរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ ទៅលើភាពអយុត្តិធម៌របស់ក្រុមហ៊ុន Apple ក្នុងការនាំចូលផលិតផលដែលមាននៅលើប៉ាតង់របស់ក្រុមហ៊ុន Qualcomm ។  គាត់ក៏បានបន្ថែមទៀតថា ពួកគេនៅតែសង្ឃឹមថាការស៊ើបអង្កេតនេះនឹងមានភាពឆាប់រហ័ស។

កាលពីខែមុន លោក Ed Black ដែលជាអ្នកតំណាងឱ្យក្រុមហ៊ុន Google, Amazon Microsoft និង Facebook បានធ្វើសេចក្តីអត្ថាធិប្បាយប្រឆាំងជាមួយនឹងការស៊ើបអង្កេតរបស់ភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិទៅលើបណ្ដឹងខាងលើ ព្រោះថាវាអាចធ្វើឲ្យតម្លៃរបស់ទូរស័ព្ទស្មាតហ្វូនមានការកើនឡើង។

ចំណែកក្រុមហ៊ុន Intel ក៏បាននិយាយកាលពីខែមុនដែរថា ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន  Qualcomm ក្នុងការហាមឃាត់មិនឲ្យចេញលក់ទូរស័ព្ទ iPhone គឺជាយុទ្ធសាស្រ្តប្រកួតប្រជែងមួយដើម្បីបណ្ដេញក្រុមហ៊ុនខ្លួនឲ្យចេញពីទីផ្សារដែលក្រុមហ៊ុន Qualcomm កំពុងគ្រប់គ្រង។

ទោះយ៉ាងណា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Intel មិនទាន់ឆ្លើយតបទៅនឹងព័ត៌មាននៃការស៊ើបអង្កេតរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]