(ភ្នំពេញ)៖ បន្ទាប់ពីបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួតកម្ដៅសាច់ដុំដូចភ្លៀងរលឹមជាច្រើនខែកន្លងទៅ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរកឃើញកីឡាករជើងខ្លាំង ១០រូប ដើម្បីបញ្ជូនទៅចូលរួមប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៧ ប្រទេសសិង្ហបុរីហើយ ដោយពួកគេបានធ្វើដំណើរឆ្ពោះទៅកន្លែងប្រកួតនាព្រឹកថ្ងៃទី១០ ខែសីហានេះ។

មុនចេញដំណើរ កាលពីល្ងាចម្សិលមិញថ្នាក់ដឹកនាំសហព័ន្ធ ក្រោមការដឹកនាំរបស់លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរៀបចំកម្មវិធីជួបជុំមួយ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ចំពោះកីឡាករតំណាងឲ្យជាតិទាំង ១០រូប ក្នុងដំណើរឆ្ពោះទៅការប្រកួតលើឆាកអន្ដរជាតិ និងទទួលបាននូវលទ្ធផលល្អត្រឡប់មកវិញ ។

ថ្លែងក្នុងឱកាសនោះ លោក មាស សារិន បានបញ្ជាក់ថា គោលដៅក្នុងការស្វែងរកជើងឯក គឺជារឿងពិបាកមួយសម្រាប់កម្ពុជា ពីព្រោះប្រទេសដែលចូលរួម គឺសុទ្ធតែប្រទេសខ្លាំងខាងផ្នែកកីឡានេះ ស្របពេលកីឡាទាញព្រ័ត្រកម្ពុជា នៅមានភាពក្មេងខ្ចីនៅឡើយ ។ តែការបង្ហាញខ្លួនលើកដំបូងលើឆាកអន្ដរជាតិនេះ គឺដើម្បីក្រេបជញ្ជក់យកបទពិសោធ ពីប្រទេសទាំងនោះ ដើម្បីស្វែងយល់ពីរបៀបនៃការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ និងការអភិវឌ្ឍន៍ខ្លួនឲ្យមានការរីកចម្រើននាពេលអនាគត ។

អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័តកម្ពុជា អ្នកស្រី ប្រាក់ សម្ផស្ស បានឲ្យដឹងដែរថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកអាស៊ី លើកទី៩ ដែលប្រទេសសង្ហបុរី ធ្វើជាម្ចាស់ផ្ទះនឹងធ្វើការប្រកួតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា ដោយមាន ៧ប្រទេសចូលរួម ដូចជាម៉ាឡេស៊ី ប្រ៊ុយណេ នេប៉ាល់ ឆាយនីសតៃប៉ិ សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងកម្ពុជា ។

សម្រាប់សមាសភាពកីឡាករទាញព្រ័ត្រកម្ពុជាទាំង ១០រូប រួមមានកីឡាករ ងួន ដូ, គង់ សុភាព, ម៉ៅ វុធា, ឌួង មាសបញ្ញា, សុខ រតនៈ, ជួន វៃ, យ៉ាន់ ដាម, គុណ ណារ៉ាក់, សូ រ៉ាន់ឌីណា និងកីឡាករ ទឹម សាមឌី៕

កីឡាករទាញព្រ័ត្រ​កម្ពុជា ១០រូប ចេញ​ទៅ​ប្រកួត​ជើង​ឯអាស៊ី​ព្រឹកនេះ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]