រាជធានីភ្នំពេញ ៖ នារី២នាក់ជិះម៉ូតូឃ្លីក ពណ៌ខ្មៅលាយស ត្រូវរថយន្តស៊ីអវី ពណ៌ស្លែ បើកកៀរឱ្យដួលរលាត់ដៃជើងតិចតួច លុះពេលក្រឡេកឃើញរថយន្តក្រពឹតទ្វារក្រោយ បន្តិចក៏បានទាមទារឱ្យនារីទាំងពីរនាក់នោះ សងថ្លៃជួសជុលរថយន្តទៀត អ្នកឃើញហេតុការណ៍ហួសចិត្តគ្រប់គ្នា ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលា ម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ តុលា នៅចំណុចស្តុបស្ថានទូតចិន តាមបណ្តោយមហាវិថីម៉ៅសេទុង កែងផ្លូវលេខ១៧៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូឃ្លីក ពណ៌ខ្មៅលាយស ជិះដោយនារី២នាក់ តាមមហាវិថីម៉ៅសេទុង ពីលិចទៅកើត ពេលមកដល់ស្តុបបត់ស្តាំស្រាប់តែរថយន្តស៊ីអវីពណ៌ស្លែ បើកបរតាមផ្លូវលេខ១៧៣ពីជើងទៅត្បូង ទៅកៀរម៉ូតូបណ្តាលឱ្យដួលរលាត់ដៃជើងតិចតួច ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបានសួរ ទៅនារីទាំងពីរនាក់ថាអត់មានគ្រោះថ្នាក់ទេ នារីទាំង២នាក់នោះឆ្លើយថា មិនអីទេ ក៏ចែកផ្លូវគ្នារៀងខ្លួនទៅ ។

ប្រភពដដែលបន្តទៀតថា ពេលនារីទាំង២នាក់បម្រុងលើកម៉ូតូជិះចេញទៅស្រាប់ តែម្ចាស់រថយន្តក្រឡេកឃើញទ្វាររថយន្តក្រោយ ចំហៀងខាងស្តាំក្រពឹតបន្តិច ក៏ឃាត់នារីទាំង២នាក់ឱ្យសងសំណង ជួសជុលរថយន្តរបស់គាត់ ធ្វើឱ្យអ្នកឃើញហេតុការណ៍នាំគ្នាហួសចិត្តដោយសារតែ បើករថយន្តកៀរម៉ូតូគេឱ្យដួលសោះទាមទារសំណងទៀត ។ ពេលដែលស្ត្រីនោះមិនព្រមសងក៏បាន ទូរស័ព្ទហៅមិត្តភក្តិឱ្យមកជួយអន្តរាគមន៍ និងប្រាប់ប៉ូលិសឱ្យធ្វើការវាស់វែង ហើយយករថយន្តនិងម៉ូតូ ទៅរក្សាទុកដោះស្រាយបន្តនៅខណ្ឌចំការមន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]