** ប្រលោមលោកខ្មែរឡូត **

ខ្ញុំស្អប់សមុទ្រ ស្អប់សំឡេងទឹករលក ស្អប់ក្លិននិងរសជាតិប្រៃនៃទឹកសមុទ្រ និយាយរួមអ្វីក៏ដោយដែលទាក់ទងនឹងទឹកសមុទ្រ ខ្ញុំស្អប់ គឺស្អប់បំផុតគ្មានអ្វីប្រៀបផ្ទឹមបាននោះទេ។ ប៉ុន្តែនៅពេលនេះ នៅថ្ងៃនេះខ្ញុំក៏បានត្រលប់មកទីនេះម្តងទៀត។ ស្រមោលអតីតកាលនៅតែតាមលងបន្លាចខ្ញុំគ្រប់ដង្ហើមចេញចូល។ មនុស្សម្នាក់ដែលគួរឱ្យ ស្អប់ មនុស្សដែលធ្លាប់សន្យាថាមិនទៅណាចោលខ្ញុំ មនុស្សដែលនិយាយថានឹងនៅជាមួយខ្ញុំរហូត និងនាំខ្ញុំមកទីនេះម្តងទៀត តើហេតុអ្វីបានជាគេក្បត់ពាក្យសន្យាបែបនេះ? ចង្វាក់បេះដូងនៅតែលោតញាប់ ទឹកភ្នែកនៅតែស្រក់ហូរ តើបែបនេះឱ្យខ្ញុំបំភ្លេចគេបានយ៉ាងម៉េចទៅ? ស្នេហាដែលកប់ទុកក្នុងបេះដូងជាស្នាមដែលឆ្លាក់ជាប់មិនរលុបបាន។  វាគួរតែដល់ពេលសមល្មមហើយ..........................

រូបតំណាង

តើវាជាកំហុសរបស់ខ្ញុំ ឬជាកំហុសរបស់ព្រហ្មលិខិតដែលបានយកមនុស្សជាទីស្រលាញ់ចេញពីខ្ញុំគ្មានថ្ងៃអាចត្រលប់មកវិញ? បើអាចទាញពេលវេលាត្រលប់មកវិញខ្ញុំនឹងមិនរើសផ្លូវមួយនេះនោះទេ ​ផ្លូវដែលធ្វើឱ្យអូននឹងបងមិនអាចជួបគ្នាអស់មួយជីវិត។ បើខ្ញុំមិនក្លាយជាជនទី៣ បើយើងមិនបានស្រលាញ់គ្នាខ្ញុំប្រាកដជានៅមានពេលវលេាដែលអាចនៅឃើញមុខគេ តែពេលនេះគ្មានទៀតទេ ​អ្វីៗសល់តែអនុស្ាវរីយ៍ តែបាត់មនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់ខ្ញុំទៅវិញ។ ទោះខ្ញុំយំដល់ហើមភ្នែក  យំរហូតដល់លិចលង់ផែនដីក៏គ្មានអ្វីអាចហៅគេត្រលប់មកវិញបានដែរ......។ 

..................................................

៣ឆ្នាំមុន

នាងជាក្មេងស្រីកំព្រាខ្លួនមួយ មួយរូបដែលយកការសម្តែងជាមុខរបរចិញ្ចឹមជីវិត ជាមនុស្សស្រីល្អត្រឹមត្រូវ មិនលោភលន់ ចង់បានមាសប្រាក់ ក្នុងការដោះដូរខ្លួនប្រាណដូចជាអ្នកសិល្បៈមួយចំនួននោះទេ។ សម្រស់របស់នាងធ្វើឱ្យប្រុសៗជាច្រើន ទាំងអ្នកតូច អ្នកធំ ទាំងអ្នករកស៊ី ឱកញ៉ា តាមស្រលាញ់ផ្គាប់ផ្គន់នាង តែនាងមិនដែលអើពើអ្នកណាម្នាក់នោះទេ។ ក្នុងចំណោមអ្នកដែលតាមស្រលាញ់វីរីយ៉ា មានឧត្តមសេនីយ៍ ម្នាក់បានតាមស្រលាញ់នាងដែរ។ ភាពស្និទ្ធស្នាល ក្តីស្រលាញ់ដ៏ស្មោះត្រង់របស់គេបានធ្វើឱ្យនាងចិត្តទន់ ស្រលាញ់គេដោយមិនដឹងខ្លួន   តែនាងមិនចង់ប៉ះប្តីរបស់គេទេ នាងបេ្តជ្ញាធ្វើជាអ្នកសិល្បៈថ្លៃថ្នូរ។ ដោយនាងជាមនុស្សស្រីល្អ បែបនោះហើយបានជាធ្វើឱ្យឧត្តមសេនីយ៍វ័យក្មេង រិទ្ធីស័ក្ក កាន់តែបាក់ចិត្តស្រលាញ់នាង ហើយបានសុំលែងលះជាមួយប្រពន្ធដែលម្តាយឪពុកទុកដាក់។

« បងសុំទោសដែលត្រូវធ្វើបែបនេះ »

« ព្រោះតែមីស្រីថោកទាបម្នាក់នោះមែនទេ ដែលធ្វើឱ្យបងប្រែចិត្ត?»

« កុំថាឱ្យវីរីយ៉ាបែបនេះអី នាងមិនមែនមនុស្សបែបនេះទេ។ បងជាអ្នកធ្វើបងជាអ្នកទទួលកុំថា ឱ្យអ្នកដទៃ »

« បើគ្មានមីស្រីនោះទេ ស្មានតែបងលែងលះអូនហ្ហេស? បងប្រែចិត្តហើយបងឯងមានដឹងខ្លួន អត់? »

« បងមិនដែលប្រែប្រួល បងបែបនេះតាំងពិដើម។ ហើយអូនក៏បានដឹងដែរថាបងចង់ធ្វើបែបនេះយូរមកហើយ...... »

« ឈប់និយាយ! អូនមិនចង់ស្តាប់ អូនមិនចង់ឮ»

« អូនត្រូវតែដឹង អូនត្រូវតែទទួលស្គាល់ការពិត ថាបងមិនដែលស្រលាញ់អូន »

« តែអូនស្រលាញ់បង..... ហើយពួកយើងរៀបការជាមួយគ្នាយូរហើយណា ម៉េចបងមិនដែលសុំអូនលែងលះទើបតែចេញមុខមីស្អីនោះទើបបងធ្វើបែបនេះទៅវិញ បងគ្មានយុត្តិធម៌ចំពោះអូនទេ »

« ចុះអ្នកណាផ្តល់យុត្តិធម៌ដល់បង? បងរៀបការដោយសភាពបែបណាអូនជាអ្នកដឹងច្បាស់ ជាងគេត្រូវអត់? ពេលដែលស្គាល់វីរីយ៉ាទើបបងដឹងថាបងបានជួបស្នេហ៍ពិតហើយ បងពិតជា មិនចង់បង្ខំអារម្មណ៍ខ្លួនឯងទៀតទេ។ បានហើយយើងនឹងនិយាយគ្នាម្តងទៀតនៅតុលាការ ចុះ »

« អត់ទេ! កុំទៅ បើបងទៅអូននឹងស្លាប់ឱ្យបងមើល»

រិទ្ធីសក្តីនៅតែចាកចេញព្រោះដឹងថាប្រពន្ធរបស់គេជាមនុស្សយកតែចិត្តខ្លួនឯង ហើយចូល ចិត្តយកសេចក្តីស្លាប់មកគំរាមគ្រួសារនិងអ្នកដទៃ តែពេលនេះគេលែងចាញ់បោក និងចិត្តទន់ ហើយ។ គេធ្លាប់បានលះបង់ចំពោះគ្រួសារនិងអ្នកដទៃជាច្រើន វាសមល្មមដល់ពេលដែលគេ ធ្វើដើម្បីខ្លួនឯងម្តងហើយ។ ទីបំផុតរឿងក្តីលែងលះរបស់ជនល្បីឈ្មោះទាំងពីរបានសាយភាយខ្ទ័រខ្ទារ។ 

រូបតំណាង

ពេលវីរីយ៉ាដឹងរឿងធ្វើឱ្យនាងរន្ធត់ចិត្ត និងរំភើបចិត្តយ៉ាងខ្លាំង ហើយក៏សង្ឃឹមថាបានរស់នៅជាមួយមនុស្សដែលនាងស្រលាញ់ដោយមានសេចក្តីសុខ និងគ្មានឈ្មោះអាក្រក់ដែលដណ្តើមប្តីរបស់គេដែរ។ ទោះបាត់បង់ឋានៈនៅក្នុងសង្គម តែពួកគេស្រលាញ់ និងរស់នៅជាមួយគ្នាដោយបើកចំហរពេញដោយសុភមង្គល។ រហូតរិទ្ធីសក្តិមានគម្រោងរៀបការជាមួយគ្នាដោយពិធីសាមញ្ញាថែមទៀតផង។ 

រិទ្ធីស័ក្ក និងវីរីយ៉ាបានណាត់គ្នានៅកន្លែងដែលជួបគ្នាដំបូងគឺមាត់សមុទ្រដ៏ស្រស់ស្អាតមួយកន្លែង។ វីរីយ៉ាចាំនៅកន្លែងណាត់មុនទាំងចិត្តអន្ទះសារ ឯរិទ្ធីស័ក្កបានដើរចេញពីក្នុងឡានទៅកាន់កន្លែងណាត់ ដោយមានបាច់ផ្កាកុលាបមួយបាច់ធំ ហើយនឹង ចិញ្ជៀនមួយវង់ដើម្បីសុំវីរីយ៉ារៀបការ។ រិទ្ធីស័ក្ករំភើបចិត្តណាស់បើកប្រអប់ចិញ្ជៀនបង្ហាញវីរីយ៉ាទាំងញញឹម។ មួយរំពេចនោះអតីតភរិយារបស់រិទ្ធីសក្តិបានចេញមកហើយលើកកាំភ្លើងសំដៅវីរីយ៉ា

« នាងឯងធ្វើឱ្យយើងឈឺចាប់ ស្លាប់ទៅ ​»

​រិទ្ធីសក្តិក៏រត់ទៅពាំងជំនួសវីរីយ៉ារហូតត្រូវគ្រាប់ដួលដេកលើដី។ ឈាមហូរចេញពីក្នុងខ្លួនរិទ្ធីសក្តិហូរជោគដីខ្សាច់ដែលការពិតគួរតែជាទីកន្លែងដែលមានសុភមង្គលរបស់ពួកគេ។

រូបតំណាង

« បង បងបើកភ្នែកឡើង កុំកើតអីឱ្យសោះ អូនជូនបងទៅពេទ្យ...» វីរីយ៉ាស្រែកហៅទាំងទឹកភ្នែកជោគថ្ពាល់។ រិទ្ធីស័ក្កបើកភ្នែកហើយញញឹមនិយាយទៅកាន់ វីរីយ៉ាដោយសំលេងខ្សោយ

« វីរីយ៉ា បងសប្បាយចិត្តណាស់ដែលបានស្គាល់អូន ទោះបីជាយើងមិនអាចរស់នៅជាមួយគ្នាអស់មួយជីវិតក៏ដោយ » វីរីយ៉ាស្រែកយំ

« អត់ទេ បងមិនអីទេ យើងនៅត្រូវរៀបការជាមួយគ្នាទៀត » រិទ្ធីស័ក្កតបទាំងមុខស្រពោនឈឺចាប់

« បងដឹងខ្លួនឯងច្បាស់សោកស្តាយណាស់ដែលយើងមិនអាច រស់នៅជាមួយគ្នាដល់ចាស់ បងសុំទោសដែលបងមិនអាចមើលថែអូនបន្តទៀត »

« អត់ទេ.....កុំទៅណាចោលអូន កុំទុកអូននៅម្នាក់ឯងអីណា អូនសុំអង្វរ » វីរីយ៉ាទ្រហោយំយ៉ាងខ្លាំង អ្នកនៅជុំវិញយំអាណិតពួកគេគ្រប់គ្នា។

« បងស្រលាញ់អូន....ស្រលាញ់ខ្លាំងណាស់ » រិទ្ធីស័ក្កនិយាយហើយព្រមទាំងទាញយកចិញ្ចៀនចេញមកទាំងញញឹម

« តើអូនយល់ព្រម រៀបការនឹងបង ហើយយល់ព្រមពាក់ចិញ្ចៀន នេះជារៀងរហូតទេ? »

«ហ៊ឺ.... អូនព្រម អូនព្រមហើយ អូននឹងក្លាយជាកូនក្រមុំរបស់បងតែម្នាក់គត់ និងជារៀងរហូត » រិទ្ធិស័ក្កញញឹមហើយ ប្រឹងពាក់ចិញ្ចៀនអោយវីរីយ៉ា រួចនិយាយ

« សន្យានឹងបង ​ត្រូវរស់នៅដោយសប្បាយចិត្ត »

« អត់ទេ...គ្មានបងអូនរស់នៅបានយ៉ាងម៉េច?  » 

« បងចង់ឱ្យអូនរស់នៅបន្តទៀត  មកមើលសមុទ្រជំនួសបង ហើយប្រើពេលវេលាដែលនៅសល់ឱ្យមានសេចក្តីសុខបំផុត បងសន្យាថានឹងនៅក្បែរអូនជារៀងរហូត សន្យាមកអូនត្រូវតែរស់នៅបន្តទៀត...»

« បាន...បាន..អូនសន្យា ​»

វីរីយ៉ាក្តោបដៃរិទ្ធីសក្តិទាំងយំដង្ហក់  រិទ្ធីសក្តិក៏ដាច់ខ្យល់ស្លាប់ទៅ។ វីរីយ៉ាស្រែកយំកាន់តែខ្លាំង

« ទេ ទេអត់ទេ កុំទៅ កុំទៅចោលអូន....មកវិញមក មកវិញ....ហេតុអ្វីបំបែកពួកយើង? គ្រាន់តែពួកយើងស្រលាញ់គ្នាខុសដែរ?  » វីរីយ៉ាបានត្រឹមតែយំបោកខ្លួន ឱបរាងកាយដែលគ្មានវិញ្ញាណ។

ចាំពីថ្ងៃនោះមកវីរីយ៉ាបានក្លាយទៅជាមនុស្សស្រីដែលមិនដែលញញឹម មិនដែលសើច មិនដែលរាប់អានមនុស្សជុំវិញខ្លួន។ នាងប្រើជីវិតរស់នៅដ៏ស្ងប់ស្ងាត់បំផុត។ ៣ឆ្នាំហើយដែលនាងមិនដែលមកសមុទ្រព្រោះវាជាការចងចាំដ៏សែនឈឺចាប់បំផុតក្នុងជីវិតរបស់នាង។ បើសិនមិនរក្សាពាក្យសន្យាជាមួយគេនាងប្រាកដជាស្លាប់ទៅតាមគេតាំងពីវិនាទីដែលគេចាកចេញពីនាងមកម្ល៉េះ។ នាងបានប្រើពេលវលាឱបធាតុមនុស្សដែលនាងស្រលាញ់ដើរលេងគ្រប់ទីកន្លែង ឡើងភ្នំ  មើលផ្កា ​អង្គុយមើលថ្ងៃរាបលិចដ៏ស្រស់ស្អាត។  តែថ្ងៃនេះនាងបានត្រលប់មកសមុទ្រម្តងទៀត ហើយវាប្រហែលជាដែលនាងមិនអាចទ្រាំនឹងការឈឺចាប់បន្តទៀតដែរ

« សុំទោសដែលអូនមិនអាចរក្សាពាក្យសន្យា.......អូនពិតជាពិបាកទ្រាំណាស់ដែលត្រូវរស់នៅទាំងឈឺចាប់ពិបាកជាងស្លាប់.... ការបាត់បង់មនុស្សដែលអូនស្រលាញ់  អូនមិនអាចទ្រាំបានទៀតទេ  ៣ឆ្នាំហើយស្នាមនៅតែមុតក្នុងក្រអៅបេះដូង  គ្មានវិនាទីណាដែលអូនអាចបំភ្លេចបង ​និងបំភ្លេចរាល់ការឈឺចាប់នៅក្នុងថ្ងៃនោះបានទេ...សង្ឃឹមថាបងមិនខឹងអូន និងចាំទទួលអូនទាំងញញឹម.... »

វីរីយ៉ានិយាយបណ្តើរដើរបណ្តើរចូលទៅសមុទ្រទាំងញញឹមលាយទឹកភ្នែក។ ភាពឈឺចាប់របស់ពួកគេនឹងរលាយបាត់ទៅចាប់ពិថ្ងៃនេះតទៅ។ គ្មានការឈឺចាប់ គ្មានសំឡេងយំយែក គ្មានដំណក់ទឹកភ្នែក ​គ្មានសល់ស្រមោលអតីតកាលដែលចាំតែលងបន្លាចគ្មានថ្ងៃឈប់នោះទៀតទេ៕  

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]