ភ្នំពេញ៖ មន្រ្តីសាលារាជធានីភ្នំពេញ បានថ្លែង នៅវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២នេះថា  ទោះបីជា មេឃកំពុង តែធ្លាក់ភ្លៀងខ្លាំង ក៏នៅតែមានប្រជាពលរដ្ឋ មួយចំនួន នៅឈរខាងមុខ ព្រះបរមរាជវាំង ដើម្បីសម្តែងនូវភាពកតញ្ញូធម៌ និងចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ  ។

នាយកទីចាក់ការរដ្ឋបាល និងជាអ្នកនាំពាក្យ សាលារាជាធានីភ្នំពេញ លោកឡុង ឌីម៉ង់ បានឲ្យដឹងថា តាមសេចក្តីរាយការណ៍ ពីអាជ្ញាធរនៅមុខ ព្រះបរមរាជវាំងបានឲ្យដែរដឹងថា បើទោះបីជា មេឃកំពុង ភ្លៀងក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋ ចូលរួម គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ប៉ុន្តែគ្រាន់តែមានចំនួនតិចជាង ពេលធម្មតាបន្តិច ។

លោក ឡុង ឌីម៉ង់ បានបន្តថា ខណៈមេឃកំពុងភ្លៀងនេះ មានប្រជាពលរដ្ឋ ខ្លះបានរត់រកកន្លែង ជ្រកភ្លៀងតាមលទ្ធភាព ដែលអាចជ្រកភ្លៀងបាន ហើយមានអ្នកខ្លះ មិនព្រមទៅណានោះទេ គឺបន្តឈរក្រោមដំណក់ទឹកភ្លៀង នៅមុខព្រះបរមរាជវាំង ដើម្បីសម្តែងពីភាពកតញ្ញូធម៌ របស់ខ្លួន ចំពោះព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រ។

សូមបញ្ជាក់ថាព្រះភិរុណ បានធ្លាក់ចុះនៅរាជធានីភ្នំពេញ ចាប់តាំងពីម៉ោង៧:១០នាទី យប់ថ្ងៃទី២២ ខែតុលានេះ ម្តងរលឹមព្រិចៗ និងម្តងខ្លាំង ហើយគិតត្រឹមម៉ោង ៩និង២០នាទីនេះ មេឃនៅតែបន្តភ្លៀងឥតឈប់ឈរ ៕   

www.dap-news.com

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]