បរទេស៖  Netflix គឺជាក្រុមហ៊ុនមួយដែលផ្ដល់សេវាកម្ម ទស្សនារឿងនៅលើប្រព័ន្ធអ៊ីនធឺណិត។  នៅលើវេបសាយរបស់ Netflix មានប្រមូលផ្ដុំរឿងច្រើនណាស់ ដែលមានដូចជារឿងហូលីវូដ និងរឿងភាគនានា។ ទស្សនិកជនតម្រូវឲ្យបង់ប្រាក់យ៉ាងហោចណាស់  ៧.៩៩ដុល្លារដែរក្នុងមួយខែ ដើម្បីទទួលបានលេខកូដសម្រាប់បើកដំណើរការវេបសាយនេះ នៅលើឧបករណ៍អេឡិចត្រូនិករបស់អ្នក។ 

យ៉ាងណាមិញក្រុមហ៊ុន Netflix បានធ្វើការសហការជាមួយក្រុមហ៊ុនផលិតភាពយន្តជាច្រើន ក្នុងការទិញសិទ្ធិសម្រាប់ធ្វើការផ្សព្វផ្សាយរឿងទាំងនោះ នៅលើវេបសាយរបស់ខ្លួន។  ហើយកាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុន Disney ដែលជាដៃគូសហការដ៏ធំរបស់ Netflix បានប្រកាសថា ខ្លួនមានផែនការបញ្ចប់កិច្ចសន្យាចែកចាយភាពយន្តរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Netflix ក្នុងឆ្នាំ ២០១៩ នេះហើយ។ មូលហេតុនៃការផ្ដាច់កុងត្រារបស់ក្រុមហ៊ុន Disney បណ្ដាលមកពីការត្រៀមបើកដំណើរការ សេវាកម្មផ្សាយផ្ទាល់ខ្លួនតែម្តងនៅពេលខាងមុខនេះ។

រឿងមួយចំនួនរបស់ក្រុមហ៊ុន Disney នៅលើវេបសាយ Netflix
ភាពយន្តមួយចំនួននៅលើវេបសាយ Netflix

ក្រុមហ៊ុន Disney បានចំណាយប្រាក់ចំនួន ១.៤៨ពាន់លានដុល្លារដើម្បីទិញភាគហ៊ុនចំនួន ៤២ភាគរយនៃក្រុមហ៊ុន BAMTech ដែលអាចឲ្យក្រុមហ៊ុន Disney ធ្វើការគ្រប់គ្រងទៅលើវេបសាយ BAMTech បាន។ BAMTech គឺជាវេបសាយដែលផ្ដល់សេវាកម្មទស្សនាការប្រកួតកីឡាផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណិត។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Disney ក៏នឹងចាប់ផ្តើមសេវាកម្មផ្សាយប៉ុស្តិ៍ ESPN នៅដើមឆ្នាំក្រោយផងដែរ ដែលរួមមានមកជាមួយនូវព្រឹត្តិការណ៍កីឡាធំៗនៅសហរដ្ឋអាមេរិកដូចជា ព្រឹត្តិការណ៍កីឡាបាល់ទាត់  កីឡា Baseball  និងកីឡា Hockey ជាដើម។ ដូច្នេះមានន័យថានៅក្នុងពេលខាងមុខនេះ វេបសាយ BAMTech អាចនឹងមានផ្ដល់សេវាកម្មក្នុងការទស្សនារឿងផងដែរ៕

ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Disney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]