រាជធានីភ្នំពេញ ៖ អំឡុងម៉ោងប្រហែល៨យប់ថ្ងៃទី២១ តុលា ២០១២ ប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសកម្ពុជា ទៅហើយនាំគ្នាភ្ញាក់ ផ្អើលសម្លឹងមើលដួងព្រះចន្ទ ដែលចឺនចរនៅលើមេឃានៃអាកាសវេហាស៍ ហើយថា ក្នុងចំណិតដួងព្រះចន្ទដែលរះភ្លឺថា ទំហំ៦កើតឃើញមានព្រះភ័ក្ត្រព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ នៅក្នុងនោះ ជាបាតុភូតអស្ចារ្យគួរឱ្យពិចពិលរមិលមើល ។

ការភ្ញាក់ផ្អើលរំលេចព្រះភ័ក្ត្រព្រះមហា វីរក្សត្រនៅក្នុងចំណិតដួងព្រះចន្ទ នារាត្រីកាលនេះវាមិនមាន អ្វីជាការពិតដែលសបញ្ជាក់ថា ព្រះភ័ក្ត្រព្រះមហាវីរក្សត្រជាក់ស្បាន់ឡើយ គ្រាន់តែឃើញព្រាលៗ នៃស្នាមខ្លះក្នុងចំណិតព្រះចន្ទតែប៉ុណ្ណោះ ហើយមនុស្សម្នាក៏ទាញវាស ឬចង្អុលបង្ហាញតាមអាម្មរណ៍ថា ជាព្រះភ័ក្ត្រព្រះបាទនរោត្តម សីហនុ ទៅវិញ... សូមបញ្ជាក់ថា ការប្រែប្រួលរបស់ដួងព្រះចន្ទ្រា គឺគ្មានទេ ព្រោះថា ចំណិតព្រះចន្ទ៦កើតបែបនេះ តែងតែមានជារៀងរាល់ខែ...មានន័យថា បើមានព្រះភ័ក្ត្រព្រះអង្គមែន គឺមានយូរណាស់ហើយ មិនមែនទើបតែមានថ្ងៃនេះទេ... ការមានជំនឿហួសហេតុពេកមិនមែនជាប្រការល្អនោះទេ ត្រូវប្រើវិចារណញាណទើបជាការប្រសើរ ។

មានពលរដ្ឋភាគច្រើនជាមនុស្សទាន់សម័យ...យល់ ដឹងជ្រៅជ្រះ គួរតែយកចំណេះដឹងរបស់ខ្លួនមកប្រើប្រាស់ឆ្លើយតបទៅនឹងការ ប្រឌិតរឿងផ្សេងៗ បើពុំដូច្នេះទេ វានឹងគ្រោះថ្នាក់...ជាក់ស្តែងការស្រែកបង្អើលរបស់មនុស្សអគតិ មួយចំនួននៅកោះពេជ្រកាលពីរាត្រីបង្ហើយនៃព្រះរាជពិធីបុណ្យអុំ ទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី២២ វិច្ឆិកា ២០១០ នោះ តើមនុស្សប៉ុន្មានរយនាក់ស្លាប់? តើមនុស្សប៉ុន្មានរយនាក់រងរបួស... កាលណោះជាង៣០០នាក់ ស្លាប់ និងជាង៣០០នាក់រងរបួសដោយសារតែការប្រឌិតរឿងស្រែកបង្អើលនេះ ឯង ។

សូមបញ្ជាក់ថា ការភ្ញាក់ផ្អើលនេះអាចចាប់ផ្តើមតាំងពីម៉ោងជាង១៩ ខណៈស្បៃរាត្រីក្រាលគ្របលើផែនពសុធា ពេលនោះមនុស្សម្នាបានទូរស័ព្ទទៅប្រាប់សាច់ញាតិ, បងប្អូន, មិត្តភក្តិ ថា មានផុសរំលេចរូបព្រះភ័ក្ត្រព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ នៅលើដួងព្រះចន្ទ ហើយក៏ផ្អើលតៗគ្នានាំគ្នាសម្លឹងគយគន់ទៅលើលំហអាកាស ការសម្លឹងមើលព្រះចន្ទស៊ុប និងផ្ទើលទូទៅនោះ គឺនៅអំឡុងម៉ោង៨យប់ អ្នកខ្លះប្រើការស្រមើស្រមៃរបស់ខ្លួនថា ចំណិតព្រះចន្ទពិតជាមានភិនភាគដូចវង់ព្រះភ័ក្ត្រព្រះមហា វីរក្សត្រមែន... អ្នកខ្លះខំពិនិត្យមើលគយគន់យ៉ាងណាក៏មិនឃើញដូចព្រះភ័ក្ត្រ ព្រះអង្គដែរ... តាមពិតព្រះចន្ទនៅតែព្រះចន្ទដដែល គ្រាន់តែអ្នកខ្លះប្រើអារម្មណ៍ស្រមើស្រមៃទាញគូសវាសតែប៉ុណ្ណោះ ។

ក្រុមអ្នកតាមដានបានលើកឡើងថា ការភ្ញាក់ផ្អើលនេះគឺជាការប្រឌិតរបស់ពួកអ្នកឆក់ឱកាសនិយមតែ ប៉ុណ្ណោះ ពីព្រោះគេថា ឃើញមានដូចព្រះភ័ក្ត្រព្រះមហាវីរក្សត្រនៅក្នុងចំណិតព្រះចន្ទ គឺគេមានបំណងយករូបចំណិតព្រះចន្ទដែលមានការកែច្នៃមកលក់ជូន ពលរដ្ឋដែលឆ្ងល់ ចង់ឃើញ ចង់ដឹងតែប៉ុណ្ណោះ ហើយពួកអ្នកឆក់ឱកាសទាំងនោះចំណេញប្រាក់សន្ធឹកសន្ធាប់ពីការ ប្រឌិតរឿងនេះ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]