(ភ្នំពេញ)៖ ទីបំផុតក្រុមបឹងកេតរបស់កម្ពុជា នៅតែមិនអាចសងសឹកក្រុមជើងខ្លាំងហ្វីលីពីន Global FC ឡើយ ដោយបន្ដបរាជ័យក្នុងលទ្ធផល ៣-១ នៅក្នុងជំនួបដណ្ដើមកៅអីវគ្គ ៤ក្រុមចុងក្រោយជើងទី១ នៃពានរង្វាន់ RHB Singapore Cup 2017 កាលពីយប់មិញ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី។

ការប្រកួតនេះតង់ទី១ ក្រុម Global បានទម្លាយសំណាញ់ទីក្រុមបឹងកេត ២គ្រាប់មុន មុននឹងប្រធានក្រុមបឹងកេតកីឡាករ ឃួន ឡាបូរ៉ាវី វាយបកបាន ១គ្រាប់នៅដើមតង់ទី២ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ។ បន្ទាប់មកក៏ត្រូវកីឡាករក្រុម Global បន្ថែម ១គ្រាប់ទៀត ដើម្បីយកឈ្នះ ៣-១ តែម្ដង ។

ការបរាជ័យនេះ បានធ្វើឲ្យក្រុមបឹងកេត មានឱកាសតិចតួចបំផុត នៅក្នុងការផ្ដួលក្រុម Global ស្វែងរកកៅអីវគ្គ ៤ក្រុមចុងក្រោយ ព្រោះ ៣ប្រកួតមកហើយ បឹងកេតពុំស្គាល់រស់ជាតិស្មើ ឬឈ្នះក្រុមជើងខ្លាំងហ្វីលីពីននេះឡើយ ខណៈជួបគ្នា ២ប្រកួតក្នុងវគ្គជម្រុះពាន AFC Cup 2017 កាលពីពេលថ្មីៗ ក្រុម Global បានយកឈ្នះ ២-០ ក្រៅដី និងឈ្នះក្នុងដី ៣-១ រួចមកហើយ ។

គួរបញ្ជាក់ថា ការប្រកួតជើងទី២ រវាងក្រុមបឹងកេត និង Global នឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហាខាងមុខ ដែលជាការប្រកួតកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ដ ។ ទន្ទឹមជាមួយគ្នានោះ ក្រុមតំណាងកម្ពុជាមួយក្រុមទៀត គឺក្រុមណាហ្គាវើល ក៏នឹងត្រូវធ្វើការប្រកួតជើងទី១ នៅថ្ងៃជាមួយគ្នានោះផងដែរ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះសិង្ហបុរី Hougang United ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយដូចគ្នា៕

ក្រុមបឹងកេតរបស់កម្ពុជា នៅតែមិនអាចសងសឹកក្រុមជើងខ្លាំងហ្វីលីពីន Global FC ឡើយ
បឹងកេត ចាញ់ Global FC ៣-១
ការប្រកួតជើងទី២ រវាងក្រុមបឹងកេត និង Global នឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហាខាងមុខ ដែលជាការប្រកួតកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ដ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]