** ប្រលោមលោកខ្មែរឡូត **

រឿងរ៉ាវកូនអ្នកក្រស្រលាញ់អ្នកមានវាបានក្លាយជាប្រធានបទមួយដែលត្រូវាបានគេលើកឡើង មកនិយាយ និងដឹងឮគ្រប់ៗគ្នា។ តែវាក៏បានកើតឡើងចំពោះស្នេហារបស់ខ្ញុំ។  ស្នេហាដែលគ្រប់គ្នាមិននឹកស្មានថាពួកយើងអាចជួបគ្នា នឹងជំនះឧសបគ្គច្រើនយ៉ាងនេះសោះ។ កើតក្នុងត្រកូលខ្ពង់ខ្ពស់នៅក្នុងសង្គម ខ្ញុំមិនដែលស្គាល់ពាក្យថាលំបាក ពាក្យថាអត់ឃ្លាននោះឡើយ។ ជីវិតដែលកើតមកមានម្តាយឪពុកលើកដាក់ថ្នាក់ថ្នមដូចជាព្រះនាង ធ្វើឱ្យខ្ញុំគិតថាខ្លួនឯងជាមនុស្សមានសំណាងបំផុត និងមានសេចក្តីសុខបំផុត។ អ្វីៗបានប្រែផ្លាស់ប្តូរគ្រប់យ៉ាង ពេលដែលខ្ញុំបានជួបគេ ដែលគ្រាន់តែជាមនុស្សធម្មតាៗ តែធ្វើឱ្យខ្ញុំសុខចិត្តយកជីវិតព្រះនាងរបស់ខ្ញុំមកប្តូរដើម្បីបាននៅជាមួយគេ។

ថ្ងៃដំបូងនៅក្នុងបន្ទប់ហ្វឹកហាត់ការនៅក្នុងសាលាមួយដែលខ្ញុំបានដាក់ពាក្យ។ រូបរាងខ្ពស់ ស្រលះ រាងមាំទាំ មុខមានមន្តស្នេហ៍ និងពោរពេញដោយស្នាមញញឹមដ៏គួរឱ្យឈ្លក់វង្វេងធ្វើឱ្យ ចិត្តមនុស្សស្រីដែលធ្លាប់មានបេះដូងដូចដុំថ្មចាប់ផ្តើមរង្គោះរង្គើរ។ ក្នុងកែវភ្នែកអ្នកដទៃគេ ប្រហែលគ្រាន់តែជាមនុស្សប្រុសធម្មតាៗ ឬថាចំណុចខ្លះមិនស្មើរបុរសផ្សេងដែលធ្លាប់មកតាមញ៉ែខ្ញុំ និងខ្ញុំធ្លាប់រាប់អានផង។ នេះមិនរាប់ពីជីវិត និងជីវភាពដ៏សែនយ៉ាប់យ៉ឺនរបស់ផង។ តែគេបានឆក់យកបេះដូងរបស់ខ្ញុំតាំងពី វិនាទីដំបូងពេលដែលបានជួបគេ និងបានដឹងរឿងរ៉ាវពីជិវិតតស៊ូខ្លះៗរបស់គេ។ ក្តីអាណិតប្រែ ក្លាយជាធំៗឡើងរហូតវាក្លាយជាសេចក្តីស្នេហាពេញប្រៀបបេះដូងដ៏តូចល្អិតមួយនេះ។ ស្នេហាអ្នកណាទៅប្រកាន់មានក្រនោះសំខាន់បេះដូងរបស់មនុស្សពីរនាក់តើ។

ពេលល្ងាចភ្លៀងធំមួយខ្ញុំនៅក្នុងឡានទំនើបដែលមានតៃកុងកំពុងតែបើកដឹកខ្ញុំកាត់សាលាយឺតៗកាត់ដំណក់ភ្លៀង។ រូបរាងបុរសនៅក្នុងបេះដូងរបស់ខ្ញុំបានប្រាកដឡើង ជាមួយរូបរាងទទឹកភ្លៀងជោគបណ្តើរម៉ូតូទាំងប្ញកពាហំហាន។ ខ្ញុំតាមមើលទាំងមិនអស់ចិត្ត រួចក៏ស្រែក

« ឈប់សិនទៅ » តៃកុងឡានសួរទាំងឆ្ងល់

« អ្នកនាងមានការអីមែនទេ? ខ្ញុំក៏ស្រវាទាញឆ័ត្រក្នុងឡាន និងអាវភ្លៀងនៅក្នុងកាតាបចេញមករួចនិយាយ

«ចាំមួយភ្លែតណាពូ ខ្ញុំមកវិញឥឡូវហើយ »

« អឺ..អ្នកនាង?? ប្រយ័ត្នផង»

ខ្ញុំក៏ស្ទុះបើកទ្វារចេញពីក្នុងឡានហើយសំដៅទៅគេម្នាក់នោះ។ គេស្រាប់តែមើលមកខ្ញុំទាំងឆ្ងល់។ ខ្ញុំហុចអាវភ្លៀងនោះទៅឱ្យគេ

« យកប្រើសិនទៅ ចាំស្អែកចាំសងវិញក៏បាន » ហុចឱ្យគេរួចខ្ញុំក៏រត់ស្ទុះចូលទៅក្នុងឡានទាំងបេះដូងលោតខុសចង្វាក់។ គេប្រហែលមិនចាំខ្ញុំទេមើលទៅ ព្រោះខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលបានជួបគេបានត្រឹមប៉ុន្មានដងប៉ុណ្ណោះក្នុងនាមជាអ្នកហ្វឹកហាត់ការងារ។ គេជាអ្នកគ្រប់គ្រងនិងណែនាំបុគ្គលិករវល់យ៉ាងនេះគេម៉េចនឹងចាប់អារម្មណ៍មនុស្សស្រីខ្លួនតូចតែមួយដូចខ្ញុំទៅ។ ប៉ុន្តែរឿងថ្ងៃនេះបានធ្វើឱ្យខ្ញុំសប្បាយរីករាយ និងញញឹមពេញមួយថ្ងៃ។  

រូបតំណាង

ស្អែកឡើងរឿងស្មានមិនដល់បានកើតឡើង គេស្រាប់តែឈរចាំខ្ញុំមុខបន្ទប់ដែលខ្ញុំត្រូវបង្រៀនក្មេងៗ។ គេហុចអាវភ្លៀងពណ៌ផ្កាឈូកនោះមកឱ្យខ្ញុំវិញទាំងញញឹម

«អរគុណ»

ខ្ញុំទទួលទាំងស្ទាក់ស្ទើរការពិតគេចាំខ្ញុំបានតើនេះ។ ពួកយើងក៏ស្រាប់តែអស់សំណើចឡើងមកទាំងមិនដឹងខ្លួន។ ចាប់ពិថ្ងៃនោះមក ពួកយើងក៏ចាប់ផ្តើមស្គាល់គ្នា រហូតបង្កើតជាពន្លកស្នេហាមួយឡើង។ ព្រោះតែដើម្បីគេ ខ្ញុំលែងឱ្យអ្នកបើកឡានជូនមក។ ខ្ញុំសុំប៉ាជិះម៉ូតូ ខ្ញុំសុំប៉ាម៉ាក់ប្រើជីវិតធម្មតាដូចអ្នកដទៃ។  ទោះជាមិនសូវយល់ស្របតែម៉ាក់ប៉ានៅតែតាមចិត្តកូនសំណព្វដូចខ្ញុំជានិច្ច។ ការប្តូរខ្លួនជាមនុស្សសាមញ្ញា ប្រើជីវិតធម្មតា ញ៉ាំបាយនៅកង់ទីនសាលាជាមួយបាយម្ហូបធម្មតាៗឬថាអន់ជាងធម្មតាផង ព្រោះតែវាមានតម្លៃថោកសម្រាប់បុគ្គលិកនិងកូនសិស្ស វាធ្វើឱ្យខ្ញុំមានការលំបាកនឹងសម្របខ្លួនជាខ្លាំង។ ប៉ុន្តែរសជាតិវាបែរជាឆ្ងាញ់ខុសពីធម្មតាព្រោះតែមានមនុស្សម្នាក់តែងតែកំដរខ្ញុំញ៉ាំរាល់ពេល។ ជីវិតរបស់ខ្ញុំបានចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង ហើយខ្ញុំស្រាប់តែមានអារម្មណ៍ថាមានសេចក្តីសុខមែនទែន ។ នោះគឺជាសេចក្តីសុខដោយមិនបាច់ជិះឡានទំនើប មិនបាច់ញ៉ាំអាហារតម្លៃថ្លៃ មិនបាច់ស្លៀកសំលៀកបំពាក់ប្រេនៗ។ វាគឺជាសេចក្តីសុខពិតៗដែលមិនបាច់មានលុយច្រើនក៏យើងអាចសប្បាយចិត្តដែរ។ មនុស្សម្នាក់នោះពិតជាពូកែណាស់ដែលអាចធ្វើឱ្យអ្នកនាងដែលមិនចេះធ្វើអីក្រៅពីចាយលុយមកចេះប្រើជីវិតដូចគេដូចឯង។  

រូបតំណាង

រយៈពេលចេះតែកន្លងផុតទៅ ទោះមិនបាននិយាយថាស្រលាញ់ ទោះមិនបានសារភាពស្នេហា តែបេះដូងរបស់យើងយល់ពីគ្នារួចទៅហើយ។ តាំងពីស្គាល់គេមក យើងចំណាយពេលវេលាជាច្រើនជាមួយគ្នាទាំងពេលធ្វើការ ពេលញ៉ាំអាហារ និងពេលដើរកម្សាន្ត។ ស្នេហារបស់ពួកយើងក៏បានដឹងឮដល់គ្រួសាររបស់ខ្ញុំ។ ទោះជាមិនសូវទទួលបានការគាំទ្រ តែពួកគាត់ក៏មិនបានបិទផ្លូវពួកយើងទាំងស្រុងដែរ ព្រោះខ្ញុំដឹងថាម៉ាក់ប៉ាស្រលាញ់ខ្ញុំណាស់ និងតាមចិត្តខ្ញុំគ្រប់ពេលវេលា។ ម្យ៉ាងអត្តចរិតរបស់គាត់ ការតស៊ូ និងក្តីស្រលាញ់ស្មោះស្ម័គ្ររបស់គាត់បានធ្វើឱ្យម៉ាក់ប៉ារបស់ខ្ញុំចិត្តទន់ទៅហើយ។ បែបនេះហើយពួកយើងក៏ព្យាយាមខិតខំធ្វើការរៀងៗខ្លួនដើម្បីបញ្ជាក់ប្រាប់ពួកគាត់ថាពួកយើងស្រលាញ់គ្នាមិនបានមើលឃើញពីផលប្រយោជន៍របស់អ្នកម្ខាងទៀតនោះទេ។  អ្វីដែលយើងធ្វើគឺក្តីស្រលាញ់ស្មោះត្រង់ និងការខិតខំដោយខ្លួនឯង ដើម្បីដើរទៅដល់ផ្លូវអនាគតរួមគញនា។ ពួកយើងចាប់ផ្តើមខិតខំធ្វើការកាន់តែខ្លាំងឡើង និងជួយគ្នាសន្សំលុយ។ ពេលខ្លះគ្រួសារគាត់មានបញ្ហា ខ្ញុំក៏ដកលុយខ្លួនឯងមួយចំនួនជួយគាត់ ហើយពួកយើងសុខចិត្តញ៉ាំបាយជាមួយទឹកសម្លលាយបន្លែយ៉ាងមានសេចក្តីសុខ។

« បងធ្វើឱ្យអូនពិបាកហើយ » គាត់និយាយទាំងក្រៀមក្រំ។ខ្ញុំញញឹមតបវិញ

« អូនអត់បានលំបាកផង អូនមានសេចក្តីសុខណាស់ ឱ្យតែមានបងនៅក្បែរអ្វីក៏អូនអាចធ្វើបានដែរ » គេញញឹមក្រោយស្តាប់ខ្ញុំនិយាយចប់។

« អរគុណដែលអូននៅក្បែរបង និងលើកទឹកចិត្តបងកន្លងមក។ បងសន្យាណាថានឹងធ្វើឱ្យអូនក្លាយជាមនុស្សស្រីដែលមានសេចក្តីសុខបំផុត » ពួកយើងឱបគ្នាពេញដោយក្តីស្រលាញ់។  

រូបតំណាង

ពីមួយឆ្នាំទៅមួយឆ្នាំ ពេលវេលាកាន់តែកន្លងផុតទៅ ខ្ញុំដឹងថាម៉ាក់ប៉ាចាប់ផ្តើមមិនសប្បាយចិត្តដែលគេមិនបានផ្លាស់ប្តូរអភិវឌ្ឍន៍ទៅមុខតាមដែលពួកគាត់ចង់បាន។

« ម៉ាក់ថាកូនឈប់ទាំក់ទងគេទៅ បើគេនៅតែបែបនេះទៀត ពេលណាទើបកូនស្រីម៉ាក់បានរៀបការនឹងគេ មើលកូនចុះ ខ្មៅក៏ខ្មៅ មុខក៏នឿយហត់ច្រើនទៀត ឈប់ទ្រាំទៅកូន  »

« អត់ទេម៉ាក់ ម៉ាក់ក៏ដឹងថាគាត់ប្រឹងប្រែងតស៊ូយ៉ាងណាខ្លះនោះដើម្បីកូន»

« អឺៗ ម៉ាក់ដឹង ចឹងចេះចុះ....ម៉ាក់បាននិយាយជាមួយប៉ាហើយ យ៉ាងណាៗបើកូនស្រលាញ់គ្នាបែបនេះ ឈប់ទៅអាគំនិតរកខ្លួនឯងនោះមិនដឹងពេលណាទេ ហៅគេមករៀបចំពិធីរៀបការតែម្តងទៅ រឿងផ្សេងៗចាំម៉ាក់ប៉ាចាត់ចែងក៏បាន»

« ធ្វើចឹងបានដែរហ្ហេ? »

ខ្ញុំសួរម៉ាក់ទាំងមិនប្រាកដចិត្ត។ ខ្ញុំដឹងថាម៉ាក់ប៉ាស្រលាញ់ខ្ញុំណាស់ ទោះជាខ្ញុំចង់បានផ្កាយលើមេឃក៏ពួកគាត់អាចរកឱ្យខ្ញុំបានដែរ ដូច្នេះមង្គលការប៉ុណ្ណឹងមានអីអស្ចារ្យទៅ។ តែបញ្ហាគឺនៅលើគេទៅវិញទេ។ ពេលគេដឹងគេស្រាប់តែមិនសប្បាយចិត្ត និងអន់ចិត្តជាខ្លាំង គេគិតថាម៉ាក់ប៉ានិងខ្ញុំមើលងាយគេទៅវិញ។ ខ្ញុំបានពន្យល់គេជាច្រើន តែគេមិនស្តាប់។ ពួកយើងក៏មិនបាននិយាយរកគ្នារហូតដល់ទៅមួយអាទិត្យ។ ខ្ញុំបានត្រលប់ទៅនៅផ្ទះរបស់ខ្ញុំវិញទាំងឈឺចិត្ត។ គាត់និយាយថាខ្លាចគេមើលងាយ ខ្លាចគេពេបជ្រាយ តែការពិតម៉ាក់ប៉ានិងខ្ញុំសុទ្ធតែមានបំណងល្អចំពោះគេដោយស្មោះ។ ខ្វះអីមនុស្សនៅក្នុងសង្គមសព្វថ្ងៃដែលម្តាយឪពុកខាងស្រីឬអ្នកដែលមានជាងគេរៀបចំពិធីមង្គលការនោះ ក្រែងរៀបការហើយជាគ្រួសារតែមួយហើយតើ ចាំបាច់គិតមើលងាយ ខ្មាសអៀនអីទៅ។ ឱ្យតែពេលរៀបការហើយស្រលាញ់គ្នា និងប្រឹងប្រែងតស៊ូធ្វើការរកស៊ីទៅបានទៅហើយ។ ពេលខ្លះខ្ញុំមិនយល់ពីគាត់សោះ។

...................................

ថ្ងៃមួយពេលខ្ញុំក្រោកពីគេងថ្ងៃខ្ញុំក៏ឃើញអ្នកបំរើរត់ចុះឡើងជញ្ជូនខោអាវរបស់ខ្ញុំរៀបចំ។

« ធ្វើអីហ្នឹង? »

« រៀបចំខោអាវអ្នកនាង »

« អ្នកណាឱ្យរៀបចំខ្ញុំមិនបានទៅណាទេ ទុកវិញទៅ»

« ជាបញ្ជាលោកប្រុសអ្នកស្រី»

ខ្ញុំក៏ចុះទៅសួរម៉ាក់ប៉ាទាំងឆ្ងល់

« ម៉ាក់ប៉ាមានរឿងអីហ្នឹង? »

« រៀបចំអីវ៉ាន់បញ្ជូនឯងទៅបរទេសហ្នឹងណា »

« ប៉ានិយាយអីហ្នឹង? » ម៉ាក់ឃាត់ខ្ញុំរួចនិយាយ

« ទៅតាមប៉ាប្រាប់ទៅកូន មិនអីទេ ទៅតែមួយរយៈទេ »

« ខ្ញុំមិនទៅ »

ប៉ាក៏ស្រែកដាក់ខ្ញុំថា

« ឬឯងចង់នៅជាមួយមនុស្សគ្មានបានការនោះបន្តទៅទៀត? រឿងវាយ៉ាងម៉េចឯងស្មានតែប៉ាមិនដឹង? ឱ្យរៀបការក៏មិនរៀបការនៅដំឡើងប្ញកពា ប៉ាមិនចូលចិត្តទេ។ ពេលនេះប៉ាលែងតាមចិត្តឯងទៀតហើយ ប៉ាឱ្យឯងជ្រើសជ្រើស ឯងចង់ទៅបរទេស ឬចង់រៀបការជាមួយមនុស្សដែលប៉ារៀបចំហ្ហាស? »

« ប៉ា!!! » ខ្ញុំស្រែកយំរួចរត់ទៅបន្ទប់ប្តូរខោអាវហើយចេញទៅរកគេ។ ខ្ញុំពិតជាត្រូវការគេខ្លាំងណាស់នៅពេលនេះ។ តែអ្វីដែលខ្ញុំឃើញគឺគេកំពុងតែនៅជាមួយបុគ្គលិកថ្មីនិយាយគ្នាញញឺមសើចសប្បាយទាំងមានសេចក្តីសុខ តែមើលខ្ញុំចុះពេលនេះក្លាយជាស្អីក៏មិនដឹង។

« បងធ្វើស្អីហ្នឹងហ្ហាស? » គេនិងនាងម្នាក់នោះមើលមកខ្ញុំទាំងភ្ញាក់ផ្អើលលាយឆ្ងល់។ នាងនោះក៏ដើរចេញ។ គេក៏និយាយទាំងមុខមាំ

« អូនធ្វើអីហ្នឹង គ្មានសុជីវធម៌សោះ »

« ចុះបងល្អណាស់មែនទេ? ទុកអូនចោលហើយមកសប្បាយជាមួយនាងម្នាក់នោះ ទាំងមិនដឹងថាអូនកំពុងតែមានរឿងអីសោះ។ បងដឹងទេប៉ាបញ្ជូនអូនទៅស្រុកគេហើយណា »

« ហើយយ៉ាងម៉េច? អូនទៅក៏ល្អមិនចឹង? អូននៅទីនេះនាំតែលំបាកទេ»

« បងនិយាយអី?»

« បងក៏ដឹងរឿងនេះដែរ ប៉ាអូនបានខលមកបងហើយ»

« បងគ្មានអ្វីត្រូវនិយាយជាមួយអូនទេ? »

« គ្មានទេ ដើម្បីអនាគតអូន... អូនទៅចុះ! បងគ្មានលទ្ធភាពអ្វីឃាត់អូនទេ ។ អូនក៏ដឹងថាបងក្រ បងគ្មានអ្វីទាំងអស់ គ្មានអនាគតឱ្យអូននោះទេ ទោះអូនរង់ចាំប៉ុន្មានឆ្នាំទៀតក៏គ្មានប្រយោជន៍ដែរ »

ខ្ញុំស្រែកយំខ្លាំងៗទាំងហួសចិត្ត។

« ការតស៊ូប៉ុន្មានឆ្នាំរបស់បងទៅណាអស់ហើយ? បងចេះនិយាយយករួចខ្លួនបែបនេះកើតដែរ? បងជាមនុស្សប្រុសទេៗៗ? » ខ្ញុំយំផង ស្រែកជេរគេផង តែគេនៅធ្វើមិនដឹងមិនឮ។

« បងមិនឃាត់អូនទេ? បាន!!! អូននឹងទៅលែងត្រលប់ឱ្យបងឃើញ»

« ល្អ!! »

« មនុស្សចង្រៃ » ខ្ញុំទះកំផ្លៀងគេមួយដៃទាំងឈឺចាប់រួចរត់ចេញទៅ។ ការពិតខ្ញុំលះបង់អស់ច្រើនយ៉ាងនេះ ខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេ តែគេសូម្បីតែការតស៊ូដើម្បីឃាត់ខ្ញុំបន្តិចក៏គ្មានដែរ។ ឯណាពាក្យថាស្រលាញ់? ឯណាពាក្យថានឹងធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សស្រីមានសេចក្តីសុខបំផុតនោះ? វាសុទ្ធតែជាពាក្យកុហក បោកប្រាស់តែប៉ុណ្ណោះ។

រូបតំណាង

១ ខែហើយដែលខ្ញុំបានប្តូរមករស់នៅក្នុងទឹកដីថ្មី តែជីវិតខ្ញុំពោរពេញដោយទុក្ខក្រៀមក្រំ ក្រៅពីទៅរៀនគឺមកផ្ទះគេងស្តាប់ចម្រៀង។ លែងមានសំណើចក្អាកក្អាយ លែងមានស្នាមញញឹម លែងមានមនុស្សម្នាក់ដែលនៅក្បែរខ្ញុំទៀតហើយ។ រយៈពេល១ខែដែលមិនបានជួបគេ មិនបានធ្វើឱ្យខ្ញុំបំភ្លេចគេបានម្តងនោះឡើយ វាមានតែធ្វើឱ្យទំហំការនឹករលឹកកើនទ្វេរ ឯការឈឺចាប់ក៏រឹតតែកើនឡើងខ្លាំង។ មួយជីវិតនេះខ្ញុំប្រហែលជាស្រលាញ់អ្នកណាមិនបានទៀតទេក្រៅពីគេនោះ។ ឃើញសភាពបែបនេះម៉ាក់ប៉ាតែងតែប្តូរវេនគ្នាខលមកលួងលោមខ្ញុំ។ ព្រោះតែសំឡេងម៉ាក់ខលមកតឿនពេក ខ្ញុំក៏ដើរចេញទៅស្រូបយកខ្យល់អាកាសតាមម៉ាក់ប្រាប់ទាំងធុញទ្រាន់។

រូបតំណាង

ពេលនោះស្រមោលមនុស្សប្រុសដែលប្រហែលបំផុតបានប្រាកដនៅនឹងមុខខ្ញុំ។

« បង...! » ពេលឃើញគេដើរញញឹមមករកខ្ញុំ ការឈឺចាប់ភ្ញាក់ផ្អើលបានលាយឡំគ្នា ខ្ញុំក៏បែរខ្នងចេញ ស្រាប់តែគេស្ទុះមកឱបខ្ញុំជាប់។

« ចង់ទៅណា?? »

« លែងអូន ក្រែងបងមិនចង់ជួបអូន? លែងភ្លាម? »

« អ្នកណានិយាយថាមិនចង់ជួបអូន ស្រីឆ្កួត?»

« បងហ្នឹង លែងភ្លាម »

« បងមិនបាននិយាយ បងគ្រាន់តែឱ្យអូនមកបរទេសមុនតើ ព្រោះបងនឹងតាមមកក្រោយនោះអី? » ខ្ញុំបែរមករកគេរួចសួរទាំងឆ្ងល់។

« ថាម៉េច? »

« ចាំបងនិយាយឱ្យស្តាប់ទៅចុះ ការពិតបងបានទៅអង្វរម៉ាក់ប៉ាអូនតាំងពីឮគាត់ខលមករករឿងបងឯណោះ។ បងមិនចង់បាត់បង់អូន បងមិនចង់ឱ្យអូនទៅណាឆ្ងាយ។ បងគ្រាន់តែសុំឱកាសជាលើកចុងក្រោយ នោះគឺ.....»

« គឹ??? ដេញអូនហ្នឹងមែន? »

គេខោកក្បាលខ្ញុំទាំងខ្នាញ់រួចនិយាយ

« ស្រីក្បាលរឹងស្តាប់បងនិយាយសិនមើល....ឱកាសនោះគឺ...ទុកពេលឱ្យបងមួយខែ ដើម្បីប្រលងដាក់ការងារនៅបរទេសនោះអី? »

« ពិតមែន? ចុះបងធ្វើបានអត់? »

« បើមិនជាប់ទេ ពេលនេះបងប្រហែលជាមកជួបអូនមិនបានទេ »

« អស្ចារ្យណាស់ ចុះហេតុអ្វីពេលនោះបងចិត្តអាក្រក់ដាក់អូនម្ល៉េះ?»

« បងចង់ឱ្យអូនទៅឱ្យបាត់ៗមុនទៅហ្នឹងណា។ គឺ....បើអូននៅបងគ្មានសម្មាធិប្រឹងប្រលងនោះអី »

« ចេះតែមានហ្មង...ចុះបើបងមិនជាប់? »

« មិនជាប់អូនប្រាកដជាមិនបានស្តាប់ការបកស្រាយរបស់បងពេលនេះទេ....តែ...បងដឹងច្បាស់ថាបងពិតជាអាចធ្វើបានដើម្បីមនុស្សស្រីជាទីស្រលាញ់របស់បង» ។

រឿងរ៉ាវក៏បែបនេះ ពួកយើងក៏បានប្រើជីវិតថ្មីនៅទីនេះ និងបានរៀបការនៅលើទឹកដីថ្មីនេះផងដែរ។ គេមានការងារល្អប្រាក់ខែច្រើនដែលអាចផ្តល់សេចក្តីសុខដល់ខ្ញុំ និងអាចជួយក្រុមគ្រួសាររបស់គេនៅឯស្រុកកំណើតបាន។ មានរឿងអ្វីដែលល្អជាងនេះទៅ? លើលោកនេះគ្មានអ្វីដែលបានមកងាយស្រួលទេ។ ហើយរឿងរ៉ាវជីវិតមនុស្សសោតទៀតនោះ គ្មានផ្លូវណាដែលក្រាលព្រំក្រហមរង់ចាំយើងឡើយ។ ពាក្យថាជីវិតបើគ្មានឧបសគ្គខ្លះ ការលះបង់ខ្លះ ការព្យាយាមខ្លះម៉េចដែលគេហៅថាជីវិតទៅ? រឿងរ៉ាវស្នេហារបស់ខ្ញុំអ្នកខ្លះគេមិនជឿជាក់ថាពួកយើងនឹងអាចដើរដល់ផ្លូវជោគជ័យនៅថ្ងៃនេះ ការពិតទាំងនេះជារឿងរ៉ាវដែលយើងឆ្លងកាត់ជាមួយគ្នា លំបាកជាមួយគ្នា តស៊ូជាមួយគ្នា អត់ទ្រាំជាមួយគ្នាទើបមានថ្ងៃនេះមកបាន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]