បរទេស៖ កីឡាករឆ្នើមរបស់ក្រុមហង្សក្រហម Liverpool ខ្សែបម្រើ់ Philippe Coutinho ចង់ចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barcelona មុនទីផ្សារដោះដូរកីឡាករបិទទ្វារ ប៉ុន្ដែរូបគេចង់ចាកចេញទាំងក្ដីរីករាយ។

កីឡាករជម្រើសជាតិប្រេស៊ីល គឺស្ថិតក្នុងរ៉ាដារបស់ក្រុម Barcelona នារដូវក្ដៅនេះ ក្រោយពួកគេបានលក់តារាឆ្នើម Neymar ទៅឲ្យក្លិបអ្នកមានបារាំង PSG ក្នុងតម្លៃបំបែកកំណត់ត្រា ១៩៨លានផោន (២៥៨លានដុល្លារ) កាលពីសប្ដាហ៍មុន។

Coutinho ចង់ចេញពី Liverpool ទៅ Barca ដោយក្ដីរីករាយ

Barcelona បានបោះលុយចំនួន ៧២លានផោន សម្រាប់ Coutinho ប៉ុន្ដែត្រូវបាន Liverpool បដិសេធក្នុងអំឡុងពេល២សប្ដាហ៍មុន។ 

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា បច្ចុប្បន្ននេះ ក្លិបកំពុងពិភាក្សាជុំវិញទឹកប្រាក់ចំនួន១០០លានផោន (១៣០លានដុល្លារ) សម្រាប់រូបគេ។

ទោះជាយ៉ាងណាប្រភពជិតស្និទមួយបានបញ្ជាក់ថា Coutinho ចង់ចូលរួមជាមួយ Barcelona មុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារនៅចុងខែសីហា ខាងមុខ។

Coutinho នឹងចាប់ដៃគូរសាជាថ្មីជាមួយអតីតមិត្ដរួមក្រុម Luis Suarez ប្រសិនបើរូបគេអាចផ្ទេរពីកីឡដ្ឋាន Anfield ទៅកាន់កីឡដ្ឋាន Nou Camp។

យោងតាមសារព័ត៌មានអេស្ប៉ាញបានបញ្ជាក់ថា Barcelona មានទំនុកចិត្តនឹងអាចទិញ Coutinho បានមុនចុងសប្ដាហ៍នេះ តែបើយោងពីប្រភពរបស់សារព័ត៌មាន Mundo Deportivo បានអះអាងថា Liverpool ចង់បានកីឡាករព័រទុយហ្គាល់ Andre Gomes របស់ Barca ប្រសិនពួកគេបាត់បង់ Coutinho៕

Coutinho និង Suarez កាលលេងនៅ Liverpool
Coutinho អំឡុងលេង pre-season ឲ្យ Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]