អង់គ្លេស៖  Wayne Rooney ជឿថា កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់របស់ខ្លួននៅក្លិបចាស់ Manchester United នឹងគ្មានកីឡាករណាអាចបំបែកបានឡើយ។

Rooney ឈ្នះបានមេដាយពានរង្វាន់នានាសរុបចំនួន១៦ ក្នុងរយៈពេល១៣ឆ្នាំ ដែលរូបគេបានចំណាយពេលលេងនៅកីឡដ្ឋាន Old Trafford មុនពេលដែលគេសម្រេចចូលរួមជាមួយក្លិបចាស់ Everton នារដូវក្ដៅកន្លងមកនេះ។

Rooney ជឿថា កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេរបស់ខ្លួននៅ Man Utd នឹងគ្មានកីឡាករណាអាចបំបែកបានឡើយ

ក្រោយការចាកចេញនេះ Rooney បានបន្សល់ស្នាដៃធំបំផុតមួយគឺក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់ក្នុងប្រវត្ដិសាស្រ្ដក្រុមបិសាចក្រហម Manchester United ពោលគឺបានបំបែកកំណត់ត្រាចាស់របស់វីរបុរសលោក Sir Bobby Charlton ជាមួយនឹងគ្រាប់បាល់២៥៣គ្រាប់។

ជាមួយគ្នានេះដែរ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា៖ ''គ្មានអ្នកណាដឹងឡើយ ប្រសិនបើពួកគេ (Man Utd) អាចរកបាននរណាម្នាក់ដូចទៅនឹង Messi ឫ Ronaldo កំណត់ត្រានោះអាចនឹងត្រូវបំបែក''។

រូបគេបន្ដថា៖ ''ប៉ុន្ដែខ្ញុំគិតថា ក្នុងបាល់ទាត់អីឡូវ កីឡាករទំនងជាមិនអាចនៅក្នុងក្លិបរយៈពេលយូរទេ។ មានផ្លូវតែម្យ៉ាងគត់ដែលខ្ញុំមើលឃើញនោះ គឺនៅពេលដែលកីឡាករណាម្នាក់អាចនៅក្លិបក្នុងរយៈពេលដូចដែលខ្ញុំនៅក្នុង Man Utd ដែរ''។

Rooney ចូលរួមជាមួយ Man Utd កាលពីឆ្នាំ ២០០៤ ដោយផ្ទេរពីក្រុម Everton ហើយរូបគេបានចាកចេញវិញក្នុងឆ្នាំ២០១៧ ដោយបានជួយឲ្យក្លិបឈ្នះពានរង្វាន់ជាច្រើនក្នុងរយៈពេល១៣ឆ្នាំមកនេះ៕

Rooney លេងឲ្យ Everton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]