** ប្រលោមលោកខ្មែរឡូត **

គិតទៅមនុស្សជាច្រើនមានរឿងជាច្រើនដែលបានធ្វើពីមុន រឿងខ្លះក៏ជារឿងល្អ ឯរឿងខ្លះទៀតបានក្លាយទៅស្នាមដៅនៅក្នុងចិត្តដែលមិនអាចបំភ្លេចបាន។ រឿងជីវិតយុវវ័យ មានពេលខ្លះរំលឹកទៅហើយពោរពេញដោយអនុស្សាវរីយ៍ល្អៗ ឯរឿងខ្លះទៀតបែរជាធ្វើឱ្យស្ទះណែននៅក្នុងចិត្តទៅវិញ។

ពេលដែលខ្ញុំបានក្លាយទៅជាឪពុកគេទើបខ្ញុំបានដឹងថា ក្តីស្រលាញ់ដែលមានចំពោះគ្រួសារ និងសាច់ឈាមបង្កើតមានទំហំប៉ុនណា។ កូនកាន់តែធំ ទំហំនៃការបារម្ភកាន់តែរីកធំតាមនោះដែរ។ សង្គមសព្វថ្ងៃនេះធ្វើឱ្យខ្ញុំខ្លាច គឺខ្លាចកូនៗជាន់ដានចាស់ដែលខ្ញុំធ្លាប់បានសាង ព្រោះតែកូនប្រុសស្រីរបស់ខ្ញុំគឺជាកែវភ្នែកជាដួងជីវិតរបស់ខ្ញុំ។ គិតទៅជាង ២០ឆ្នាំហើយ តែវិប្បដិសារីបានជេរស្តីខ្ញុំឥតឈប់ឈរ នោះគឺកំហុសយុវវ័យ ភាពខុសឆ្គងចំពោះឪពុកម្តាយនិងគ្រួសារដែលធ្វើឱ្យខ្ញុំតឹងរឹងចំពោះកូនៗរបស់ខ្ញុំ។

បើនិយាយពីរឿងខិលខូច និយាយពីរឿងអាក្រក់ប្រហែលជាគ្មានអ្នកណាអាក្រក់ដល់ខ្ញុំទេអ្វីក៏ធ្លាប់ប្រឡូកដែរតាំងពី គ្រឿងញៀន ល្បែង ឆក់ប្លន់ លួចទ្រព្យសម្បត្តិឪពុកម្តាយ ផឹកស៊ីដើរលេងហ៊ីហា ខិលខូចស្រីញី បំផ្លាញអនាគតស្រីៗស្លូតត្រង់ជាច្រើននាក់។ គិតៗទៅវ័យកាន់តែចាស់កំហុសការពីមុនបានក្លាយជាភ្នំមកសង្កត់បេះដូងស្ទើរតែដកដង្ហើមមិនរួច។ អារម្មណ៍គ្រប់ដង្ហើមចេញចូលរបស់ខ្ញុំមានតែ ខ្លាច ភ័យ បារម្ភកូនប្រុសប្រព្រឹត្តិដូចជាខ្ញុំ ខ្លាចកូនស្រីក្លាយជាជនរងគ្រោះពីសំណាក់ បុរសខិលខូចដូចជាខ្ញុំពីមុន។ ថាធ្វើម្តាយឪពុកគេមានទុក្ខលំបាកធ្ងន់ តែចំពោះខ្ញុំដែលប្រឡូក ជោគជាំ និងស្គាល់ច្បាស់ពីសង្គមរឹតតែបារម្ភលើសនោះ ១០០០ដង។ ខ្ញុំធ្លាប់គិតថាការដែលខ្ញុំកែប្រែខ្លួនឯង និងសាងអនាគតថ្មីអ្វីៗនឹងប្រសើរឡើងតាមពេលវេលា តែមិននឹកស្មានវាធ្វើឱ្យខ្ញុំគិតច្រើនបែបនេះសោះ។ សំឡេងបើកទ្វារផ្ទះម៉ោង ១០យប់ធ្វើឱ្យខ្ញុំភ្ញាក់ដឹងខ្លួន បញ្ឃប់ការស្រមើស្រមៃពីរឿងពីមុន។

« ឯងទើបមកពីណា? »

« ប៉ា......! »

ខ្ញុំស្រែកហៅកូនខ្លាំងៗបន្ទាប់ពីឃើញស្រមោលកូនស្រីដើរលបៗចូលក្នុងផ្ទះ។

« ឮប៉ាសួរអត់ ថាឯងទើបមកពីណា? »

« ទើបមកពីរៀន.... »

« សាលាណាបង្រៀនឯងដល់យប់ៗជ្រៅអ៊ីចឹង? កាន់តែផ្តេសផ្តាសហើយឯង ប៉ានឹងដកសោរម៉ូតូ ហើយមិនឱ្យលុយឯងចាយទៀតទេ »

« ប៉ា.....ខ្ញុំនៅក្មេងត្រូវការដើរលេងដើរអីខ្លះអ៊ីចឹងហើយ បើគិតតែរៀនៗខ្ញុំប្រាកដជាឆ្កួតស្លាប់ មិនខានទេ »

« ប៉ាមិនបានហាមមិនឱ្យឯងដើរលេងឯណា តែឯងមានមើលម៉ោងមើលមេឃអីខ្លះអត់? »

« អូយ ធុញប៉ាឯងណាស់ ជួបមុខលើកណាក៏ស្តី ក៏រអ៊ូដែរ ចុះបងប្រុសដើរលេងសាហាវជាងខ្ញុំទៀតប៉ាម៉េចមិនថាខ្លះទៅ ថាឱ្យតែខ្ញុំ ធុញៗៗ មិនចង់នៅផ្ទះនេះទៀតទេ »

កូនខ្ញុំក៏រត់ទៅបន្ទប់គេងបាត់។ 

រូបតំណាង

ខ្ញុំអង្គុយចុះលើសាឡុងទាំងអស់កម្លាំង។ សម្តីបែបនេះ កាយវិការបែបនេះវាដូចជាប្រហែលៗព្រឹត្តិការណ៍កាលពិជាង ២០ឆ្នាំមុន។ គេថាទាល់តែជួបខ្លួនឯងទើបដឹងថាធ្វើជាឪពុកម្តាយរបស់គេពិតជាពិបាកខ្លាំងណាស់ ទាល់តែរលាកម្តងទើបដឹងថាទឹកក្តៅប៉ុនណា ពេលនេះខ្ញុំបានស្គាល់ហើយរសជាតិធ្វើជាឪពុកម្តាយរបស់គេ។ វាធ្វើឱ្យខ្ញុំអស់សង្ឃឹម និងនឿយហត់ទាំងកាយទាំងចិត្ត ជាពិសេសរឿងដែលខ្ញុំបានឃើញពេញភ្នែកពីថ្ងៃ។ កូនប្រុសច្បងសម្លាញ់ចិត្តរបស់ខ្ញុំ ពេលនោះគួរតែជាពេលរៀន តែគេបែរជាជិះម៉ូតូ ៤ ៥ គ្រឿងឆ្វែលពេញផ្លូវទៅវិញ បន្ទាប់មកក៏ជិះទៅប៉ះដៃម៉ូតូអ៊ំស្រីម្នាក់ដួលហើយជិះគេចយ៉ាងលឿនចេញទៅ។ សំណាងណាស់ ដែលអ៊ំស្រីមិនមានរបួសធ្ងន់ធ្ងរ ខ្ញុំក៏ចុះពីលើឡានជួយយកអាសារ

« អ៊ំស្រីមិនអីទេ? »

« អរគុណក្មួយ អ៊ំមិនអីទេ រលាត់ដៃបន្តិច ចង្រៃមកពីអាក្មេងស្ទាវអស់នោះហ្នឹងឯង រាល់ថ្ងៃម៉ែឪមិនដែលប្រដៅទេមើលទៅ បានជាធ្វើចរិតបែបហ្នឹង មើលមុខពួកវាទៅ បើមិនជក់គ្រឿងញៀនទេ ប្រាកដជាក្រុមចោរប្លន់ ហ៊ឹស! សំណាងហើយដែលមិនមែនកូនខ្ញុំ កុំអីហ្ហា សម្លាប់ឯងចោលតាំងពីនៅក្នុងពោះ »

បន្ទាប់ពីស្តាប់ហើយខ្ញុំស្រាប់តែអួលដើមកនិយាយមិនចេញ។ ហេតុអ្វីបានជារឿងពីមុនក្លាយជាស្រមោលអន្ទោលតាមប្រាណបែបនេះ។ ធ្វើជាឪពុកគេខ្ញុំពិតជាគ្មានសមត្ថភាពពិតមែន គ្រាន់តែកូនពីរនាក់ខ្ញុំមិនអាចប្រដៅ មិនអាចណែនាំបានផង។ទាន់រឿងមិនទាន់ធ្ងន់ធ្ងរ ធ្វើជាឪពុកម្នាក់ខ្ញុំត្រូវតែព្យាយាមកែខៃបញ្ហាដើម្បីមិនឱ្យរឿងវាធ្ងន់ធ្ងរជាងនេះឱ្យបាន។ កំពុងតែគិតៗស្រាប់តែទូរស័ព្ទខ្ញុំរោទិ៍

« អាឡូ! លោកជាឪពុករបស់សម្បត្តិ?»

« បាទ គឺខ្ញុំមានការអីដែរ លោកមកពីខាងណា? »

« សូមលោកមកប៉ុស្តិប៉ូលីសជាបន្ទាន់ កូនរបស់លោកត្រូវបានចាប់ខ្លួនពីបទលួងលោមក្មេងស្រីទៅរំលោភ ហើយថែមទាំងរឿងក្តីជួញដូរគ្រឿងញៀនទៀត »

« ថាម៉េច??» 

រូបតំណាង

បេះដូងជាឪពុកស្រាប់តែធ្លាក់ចុះស្ទើរដល់ដី។ ហេតុអ្វីក៏រឿងវាក្លាយជាបែបនេះ? ហេតុអ្វីបានជាវាកើតឡើងលឿនហួសពីការរំពឹងទុកបែបនេះ? ឯណាទៅអនាគតកូនខ្ញុំ ? កំពុងតែវិលវល់ពិបាកចិត្ត ស្រាប់តែប្រពន្ធរបស់ខ្ញុំដើរចេញពីបន្ទាប់គេងទាំងទឹកភ្នែកសស្រាក់ដៃកាន់ទូរស័ព្ទបង្ហាញខ្ញុំ

« វីវរហើយបង ធ្វើយ៉ាងម៉េចទៅៗ? កូន....កូនស្រីយើង...» ដៃខ្ញុំស្រាប់តែញ័រចំប្រប់ពេលដែលអេក្រង់ទូរស័ព្ទបង្ហាញរូបបែកធ្លាយសិស្សសាលាលើប្រព័ន្ធបណ្តាញសង្គមដែលត្រូវគេលួចថតរូបអាក្រាតនៅក្នុងផ្ទះសំណាក់

« ពុទ្ធោ! កូនស្រីប៉ា »

បាបកម្មពិតជាតាមស្នងប្រាកដមែន ខ្ញុំព្យាយាមហាម ព្យាយាមទប់ស្កាត់តែរឿងវានៅតែកើតឡើងមិនអាចបញ្ឃប់បាន។ តើវាមកពីកំហុសរបស់ខ្ញុំ ឬជាបាបកម្មដែលតាមស្នង ដែលធ្លាក់នៅលើកូន? ឱ ! អនាគតកូនប្រុសស្រីខ្ញុំ..........ហេតុអ្វី? តើខ្ញុំត្រូវធ្វើយ៉ាងណា?

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]