រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​របស់​កុមា​រ​ពេជ្រ ថៃ នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង ឬ​ការ​ទាក់ទង​ពី​ផ្នែក​ពាក់ព័ន្ធ​ណាមួយ​ពី​ការ​ផ្សាយ​ថា បាន​ទទួល​អាហារូបករណ៍​១០០​ភាគរយ​ពី​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ។

ដំណឹង​ពី​ការ​ទទួល​បាន​អាហារូបករណ៍​សម្រាប់​កុមារ​ពេជ្រ ថៃ នា​ពេល​នេះ​ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា បានដឹង​ត្រឹម​ព័ត៌មាន​ដែល​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​។

ឪពុក​របស់​កុមារ​ពេជ្រ ថៃ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣ ខែសីហា ២០១៧​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុម​គ្រួសារ​របស់​លោក​មិន​ទាន់​បាន​ដំណឹង ឬ​មានការ​ទាក់ទង​ណាមួយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បាន​អាហារូបករណ៍​សម្រាប់​កូន​របស់​លោក​នៅឡើយ​ទេ ។ បានឃើញ​ព័ត៌មាន​នោះ​តែ​តាម​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​។

បុរស​ជា​ឳ​ពុក​និយាយ​ថា​ «​ខ្ញុំ​មានចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​មួយ​នេះ ព្រោះ​ខ្ញុំ​ក៏​មាន​បំណង​ចង់​ឲ្យ​ពេជ្រ ថៃ រៀន​ឲ្យ​បាន​ខ្ពស់​ដោយ​មិន​មាន​ចេតនា​ឲ្យ​កូនចាប់​យក​តែ​ផ្នែក​សិល្បៈ​នេះ​មួយ​មុខ​ឡើយ​» ។

បើ​តាម​ឪពុក​ពេជ្រ ថៃ ថា​ ព័ត៌មាន​ដែល​ថា​បាន​ជំនួយ​ពី​ឧកញ៉ា​ម្នាក់​ទៀត​នោះ​ក៏​មិន​ទាន់​បាន​ទទួល​ដែរ ។

ពេជ្រ ថៃ បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​តែ​ចំនួន​២០០​ដុល្លារ​ប៉ុណ្ណោះ ពី​ជនរួមជាតិ​ខ្មែរ​នៅ​អា​មេ​រិ​ក និង​នៅ​ប្រ​ទស​កូរ៉េ​ខាងត្បូង ។

ឪពុក​របស់​ពេជ្រ ថៃ ថា ​ប្រសិនបើ​ក្រុម​គ្រួសារ​របស់​លោក​នៅ​តែ​ខ្វះខាត​ខាង​ផ្នែក​ជីវភាព ក៏​ដូច​ជា​ការ​ផ្គត់ផ្គង់​ការ​សិក្សា​ដល់​កូន​នោះ លោក​នៅ​តែ​បង្ខំចិត្ត​ចាកចោល​កូន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដដែល ដោយ​គ្មាន​ជម្រើស​ទេ ។

ព័ត៌មាន​ពី​ការ​ផ្តល់​អាហារូបករណ៍​សម្រាប់​ពេជ្រ ថៃ បាន​ធ្លាយ​ចេញ​តាម​ការ​បញ្ជាក់​របស់​ព្រះ​ស​ង្ឈ​មួយ​អង្គ​ព្រះ​នាម Chhouk (​ឈ្មោះ​ដាក់​ក្នុង​ហ្វេ​ស​ប៊ុ​ក​) ហើយ​ព័ត៌មាន​នេះ​ត្រូវ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន និង​មានការ​ចែកចាយ​ត​ៗ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ។

ព្រះ​ស​ង្ឈ​នាម Chhouk សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​អង្គ​ថា «​នៅ​ពេល​ដែល​ខ្ញុំ​ផុស​ថា​នឹង​ជួយ​ផ្ដល់​សម្លៀក​បំពាក់​ដល់​ប្អូន​ពេជ្រ ថៃ មាន​អ្នក​សួរ​ខ្ញុំ​ថា ហេតុ​អី​មិន​ជួយ​គាត់​ផ្នែក​សម្ភារ​សិក្សា​វិញ ដូច​ជា​កា​តាប សៀវភៅ និង​កង់​ជិះ​ជាដើម ? ខ្ញុំ​ក៏​មិន​បាន​សន្យា​អី​ដែរ​ទៅ​លើ​ការ​សិក្សា​របស់​គាត់ ព្រោះ​វា​ហួស​លទ្ធភាព​របស់ខ្ញុំ ។

បន្ទាប់​មក​ខ្ញុំ​បាន​ពាំនាំ​ដំណឹង​នេះ​ជូន​លោកតា​បណ្ឌិត​កុ​ល ផេង ដោយ​លោក​មានចិត្ត​មេត្តា ករុណា​ចំពោះ​អ្នក​ខ្សត់ លោកតា​ក៏​សន្តោស​ផ្ដល់​អាហារូបករណ៍​ដល់​ប្អូនប្រុស​តូច​ពេជ្រ ថៃ ពេញ​តែ​ម្ដង ទាំង​ថ្នាក់​ភាសា​អង់គ្លេស (IEAP) ទាំង​ថ្នាក់​បរិញ្ញាបត្រ​(BA) នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ ដែល​ជា​សាលា​ដ៏​ល្បីល្បាញ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា​យើង ទោះបី​គាត់​ប្រឡង The Voice Kids Cambodia ធ្លាក់​ឬ​ជាប់​ក៏​ដោយ ។

លោកតា​ក៏​មាន​បណ្ដាំ​ខ្លះ​ដល់​ប្អូនប្រុស​ពេជ្រ ថៃ ដែរ​គឺ «​ចៅ​ពូកែ​សិល្បៈ​ហើយ តែ​ចៅ​កុំ​ភ្លេច​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​ចប់​ថ្នាក់​ទី​១២ សាលា​បញ្ញា​សាស្ត្រ​ត្រៀម​កៅអី​អាហារូប​ករណ៍​ជូន​ចៅ​១០០​ភាគរយ »​។

រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បានការ​ទាក់ទង​ផ្ទាល់​ពី​ប្អូនប្រុស​តូច​នៅឡើយ​ទេ ។ បើ​បងប្អូន​ណា​ដឹង សូម​ជួយ​ផ្ដល់​ដំណឹង​នេះ​ដល់​គាត់ ឬ​អ្នក​ជិត​ស្និទ្ធ​គាត់​ឲ្យ​ទាក់ទង​មក​អាត្មា​ផង »​។

ជា​អ្នកស្រុក​បាត់ដំបង បេក្ខជន The Voice Kid Cambodia រដូវ​កាល​ទី​មួយ ពេជ្រ ថៃ បាន​ឡើង​សម្តែង​យ៉ាង​ល្អ ហើយ​ទទួល​បានការ​គោះ​ប៊ូ​តុង​បង្វិល​កៅអី​ពី​គណៈ​កម្ម​ការ​ទាំង​៣​នាក់ ។ ជាមួយនឹង​ទឹកដម​សំឡេង​ល្អ​ហើយ​នោះ កុមារ​ដែល​មាន​វ័យ​១២​ឆ្នាំ​រូប​នេះ​ថែម​ទាំង​មាន​វោហារ​លែបខាយ និង​កំប្លុកកំប្លែង ធ្វើ​ឲ្យ​គណៈកម្មការ និង​ទស្ស​និកជន​ដែល​បាន​ចូលរួម​ផ្ទាល់ និង​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​សម្តែង​ការ​ហួសចិត្ត និង​សប្បាយ​រីករាយ​ពេញ​ឆាក ។

យូ​ធូប​ស្តី​ពី​ការ​ប្រឡង​របស់​កុមារ​ពេជ្រ ថៃ ត្រូវ​គេ​ចូល​មើល និង Share រាប់​ម៉ឺន​រាប់​សែន​នាក់ បន្ទាប់​ពី​បាន​បង្ហោះ​ចេញ​ត្រឹមតែ​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ៕

ក្រុម​គ្រួសារ​របស់​កុមា​រ​ពេជ្រ ថៃ នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង ឬ​ការ​ទាក់ទង​ពី​ផ្នែក​ពាក់ព័ន្ធ​ណាមួយ​ពី​ការ​ផ្សាយ​ថា បាន​ទទួល​អាហារូបករណ៍​១០០​ភាគរយ​ពី​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ
ដំណឹង​ពី​ការ​ទទួល​បាន​អាហារូបករណ៍​សម្រាប់​កុមារ​ពេជ្រ ថៃ នា​ពេល​នេះ​ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា បានដឹង​ត្រឹម​ព័ត៌មាន​ដែល​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ