បរទេស៖  កាហ្វេ និងទឹកតែគឺជាភេសជ្ជៈ២ប្រភេទ បង្កើតឡើងតាំងពីសម័យបុរាណនិងមានភាពល្បីល្បាញរហូតមកដល់ពេលនេះ។ 

ចំណែកភេសជ្ជៈដែលទើបបង្កើតឡើងនៅក្នុងសម័យនេះវិញ ក៏មានប្រជាប្រិយភាពខ្លាំងដែរ នោះគឺភេសជ្ជៈប៉ូវកម្លាំង (Energy Drink)។  មូលហេតុដែលនាំឲ្យភេសជ្ជៈប៉ូវកម្លាំងមានប្រជាប្រិយភាពខ្លាំង ព្រោះការទទួលទានភេសជ្ជៈប្រភេទនេះ មិនចាំបាច់ត្រូវចំណាយពេលក្នុងការដាំទឹកឲ្យពុះ ដូចការឆុងទឹកតែ និងកាហ្វេទេ ហើយភេសជ្ជៈប៉ូវកម្លាំងក៏មានរសជាតិឆ្ងាញ់ដែរ។

មនុស្សជាច្រើនបាននិយាយថា ភេសជ្ជៈប៉ូវកម្លាំងមានជាតិកាហ្វេអ៊ីន និងជាតិស្ករដែលអាចជួយដល់ពួកគេ ពេលមានអារម្មណ៍អន្ទះអន្ទែង និងអស់កម្លាំង។ ក្រៅពីជាតិកាហ្វេអ៊ីននិងជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំងផ្ទុកវីតាមីន B ដែលមានមុខងារជំនួយសាច់ដុំ ជួយប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធផ្សេងៗទៀតផង។ មានមនុស្សជាច្រើនបានសួរអំពីគុណសម្បត្តិ និងគុណវិបត្តិនៃភេសជ្ជៈប៉ូវកម្លាំង។

ខាងក្រោមនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិនៃភេសជ្ជៈប៉ូវកម្លាំង៖ 

បរទេស

អត្ថប្រយោជន៍នៃភេសជ្ជៈប៉ូវកម្លាំងរួមមាន៖

- ភេសជ្ជៈប៉ូវកម្លាំងអាចផ្ដល់ថាមពលដល់អ្នកពិសាទាំងផ្លូវកាយ និងផ្លូវចិត្ត។

- វាអាចធ្វើឲ្យអ្នកទទួលទានមានភាពប្រុងប្រយ័ត្នជាងមុន និងបង្កើនភាពអំណត់ផងដែរ។ 

គុណវិបត្តិនៃភេសជ្ជៈប៉ូវកម្លាំងរួមមាន៖

# ការឡើងទម្ងន់

ភេសជ្ជៈប៉ូវកម្លាំងមានជាតិស្ករច្រើន ដែលភេសជ្ជៈប្រភេទនេះមានកាល់ឡូរីខ្ពស់។ ការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនលើសកម្រិត នឹងបណ្ដាលឲ្យឡើងទម្ងន់ ហើយអាចប៉ះពាល់សុខភាពយ៉ាងខ្លាំង បើសិនមិនមានដំណោះស្រាយនៅក្នុងដំណាក់កាលដំបូង។ ដូច្នេះអ្នកគួរពិសាភេសជ្ជៈប៉ូវកម្លាំងម្ដងម្កាលបានហើយ។

# មានផលប៉ះពាល់ដល់បេះដូង

ការទទួលទានភេសជ្ជៈប៉ូវកំលាំងច្រើនហួសប្រមាណ អាចបណ្តាលឱ្យអ្នកមានជំងឺបេះដូង។  មានការស្រាវជ្រាវក្នុងវេជ្ជសាស្ត្របានឲ្យដឹងថា ការទទួលទានភេសជ្ជៈបែបនេះច្រើនពេក អាចនឹងបណ្ដាលឲ្យអ្នកមានជំងឺលើសឈាម  ចង្វាក់បេះដូងលោតមិនទៀងទាត់  ឬក៏លឿនពេក និងការឈឺក្នុងទ្រូង ហើយលើសពីនេះទៅទៀត វាក៏អាចនាំអោយអ្នកពិសាកើតជំងឺគាំងបេះដូងទៀតផង។

# អាចបំផ្លាញប្រព័ន្ធប្រសាទ

ភេសជ្ជៈប៉ូវកម្លាំងអាចជួយឲ្យអ្នកលើកកម្ពស់ការប្រុងប្រយ័ត្នបាន ប៉ុន្តែបើសិនជាអ្នកទទួលទានវាជាប្រចាំ  វានឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ។ មូលហេតុដែលភេសជ្ជៈប៉ូវកម្លាំងអាចនាំឲ្យមានបញ្ហានេះបាន ព្រោះជាតិកាហ្វេអ៊ីនអាចប៉ះពាល់ទម្លាប់គេងរបស់អ្នក និងអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ ធុញថប់ ភ័យ និងឆាប់ខឹង។

# បញ្ហាប្រព័ន្ធរំលាយអាហារ

ភេសជ្ជៈប៉ូវកម្លាំងមានជាតិកាហ្វេអ៊ីន ជាតិស្ករ និងសារធាតុផ្សេងទៀតជាច្រើនមុខ ហើយបើសិនជាទទួលទានវាច្រើនពេក នោះប្រព័ន្ធរំលាយអាហារនឹងត្រូវផ្ទុកសារជាតិទាំងនោះហួសប្រមាណ  អាចធ្វើឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ  និងជំងឺជាច្រើនទៀត។

# ការញៀន

ដូចដែលបានដឺងស្រាប់ហើយថា ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកសារជាតិកាហ្វេអ៊ីន ដែលសារជាតិនេះ អាចធ្វើឲ្យអ្នកទទួលទានមានអារម្មណ៍ថា មិនអាចឈប់ពិសាវាបាន។  រោគសញ្ញានៃការញៀនភេសជ្ជៈប៉ូវកម្លាំងរួមមាន ការឈឺក្បាល ការឆាប់ខឹងនិងការផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ ជាដើម។

ដូច្នេះអ្នកគួរប្ដូរទម្លាប់របស់អ្នកចេញទៅ បើសិនជាអ្នកទទួលទានភេសជ្ជៈប៉ូវកម្លាំងជាប្រចាំ  ព្រោះវានឹងផ្ដល់ភាពអវិជ្ជមានដល់សុខភាពរបស់អ្នកយ៉ាងខ្លាំងមិនខាន នៅក្នុងពេលអនាគត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]