** ប្រលោមលោកខ្មែរឡូត **

ពេលខ្លះរបស់ដែលបានបាត់បង់វាមិនមានតម្លៃធំដុំនឹងស្តាយស្រណោះ ប៉ុន្តែតម្លៃនៃការចងចាំ និងអត្ថន័យរបស់វាពិតជាធំធេងខ្លាំងណាស់សម្រាប់មនុស្សដែលមានអនុស្សាវរីយ៍ជាមួយរបស់អស់ទាំងនោះ។

ចិញ្ចៀនរៀបការរបស់ម៉ាក់ប៉ារបស់ខ្ញុំបានក្លាយទៅជារបស់ដែលមានតម្លៃក្នុងការចងចាំបំផុតរបស់ម៉ាក់ប៉ារួមទាំងខ្ញុំ។ ដោយសារតែចិញ្ចៀនមួយនេះហើយបានជាធ្វើឱ្យម៉ាក់ប៉ាបានរស់នៅជាប្តីប្រពន្ធនឹងគ្នា។ ដោយសារតែចិញ្ចៀននេះហើយបានចងភ្ជាប់សេចក្តីស្នេហាដែលគ្មានអ្នកណាអាចបំបែកបាន ហើយដោយសារតែវានេះហើយទើបមានរូបខ្ញុំមកជាកូនរបស់លោកទាំងពីរ។

ទោះបីជាធំឡើងដឹងក្តី និងមានអាយុច្រើនក៏ដោយ ក៏ខ្ញុំនៅតែចូលចិត្តគេងកើយភ្លៅម៉ាក់ ស្តាប់ម៉ាក់ប៉ានិទានរឿងល្អៗពីរោះ និងរឿងរ៉ាវកាលពីមុនដែរ។ ពេលម៉ាក់និយាយរឿងរីករាយខ្ញុំក៏រីករាយ ពេលម៉ាក់និយាយរឿងកម្សត់ខ្ញុំក៏កើតទុក្ខតាមភ្លាម។ គិតៗទៅមនុស្សយើងទម្រាំអាចហែលឆ្លងមកដល់ទីនេះបានពិតជាបានជួបប្រទះនូវរឿងជាច្រើនដែលមិនអាចរ៉ាយរ៉ាប់អស់។ ស្នេហារបស់ម៉ាក់ប៉ាពិតជាគួរឱ្យរំភើបខ្លាំងណាស់មានរឿងលំបាកជាច្រើនបានកើតឡើង តែនៅតែអាចឆ្លងកាត់បានមកដល់ថ្ងៃនេះ។ 

រូបតំណាង

ថ្ងៃមួយមានរឿងកើតឡើងដែលធ្វើឱ្យខ្ញុំឮហើយបេះដូងស្រាប់តែធ្លាក់ក្តុក។ ចិញ្ចៀនរៀបការរបស់ម៉ាក់ បានបាត់នៅពេលដែលម៉ាក់មានគ្រោះថ្នាក់ចរាចរណ៍ពេលដែលឆ្លងថ្នល់។ ទោះបីជាម៉ាក់គ្មានរបួសរាងកាយត្រង់ណាដែលគួរឱ្យបារម្ភ ប៉ុន្តែម៉ាក់បែរជាមានរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ពេលដែលរុំរបួសនៅមន្ទីរពេទ្យទើបម៉ាក់ដឹងខ្លួនថាចិញ្ចៀនរៀបការបានបាត់បង់ទៅហើយ។ ម៉ាក់យំ ម៉ាក់សោកស្តាយ ខ្ញុំនិងប៉ាក៏មិនអាចជួយអ្វីផ្សេងបាន ក្រៅពីនាំគ្នាជួយលួងលោមម៉ាក់ និងនាំគ្នាជួយដើររកចិញ្ចៀនមួយវង់នោះដែលបានបាត់។ ទោះជាសួរដល់ប៉ុស្តិប៉ូលិស ឬសួរនាំប្រជាជនជិតកន្លែងកើតហេតុក៏គ្មានដំណឹងអ្វីដែលមានសង្ឃឹមសោះ។ ប៉ាបានលួងលោមម៉ាក់

« ម៉ាក់វាកុំយំអី គ្រាន់តែចិញ្ចៀនរៀបការមួយវង់តើ បងធ្វើថ្មីឱ្យអូនទៀតក៏បានដែរណា »

« អត់ទេ វាជាចិញ្ចៀនរៀបការរបស់យើង មានអីដែលអាចជំនួសបានទៅ បងឯងនេះពិតជាមិនដឹងអីមែន»

« បងដឹង តែធ្វើម៉េចបើវាបានបាត់ទៅហើយ ទោះគ្មានចិញ្ចៀននោះក៏បងនៅស្រលាញ់អូន ទោះវាបាត់ក៏ស្នេហាយើងនៅតែឋិតឋេរជារៀងរហូតដែរ អូនឈប់គិតច្រើនទៅណា » ទោះមិនបានធ្វើឱ្យម៉ាក់កាត់ចិត្តបានទាំងស្រុង តែខ្ញុំជឿថាសម្តីចេញពីមាត់របស់ប៉ាបានធ្វើឱ្យម៉ាក់សប្បាយចិត្ត និងធូរស្បើយអារម្មណ៍បានច្រើន។

រូបតំណាង

បន្ទាប់ពីរឿងរ៉ាវបានកន្លងហួសបានជាងមួយសប្តាហ៍ ម៉ាក់ក៏បានចេញពីមន្ទីរពេទ្យដោយស្ថានភាពល្អប្រសើរជាងមុន។ ថ្ងៃមួយស្រាប់តែម៉ាក់បានស្រែកផ្អើលបន្ទប់ ពួកយើងប៉ាកូនក៏រត់ទៅរកម៉ាក់ក្រែងអាការរបស់ម៉ាក់មានអ្វីមិនស្រួល។ តែពេលយើងទៅដល់ស្រាប់តែឃើញ ម៉ាក់កំពុងតែចិញ្ចៀនមួយវង់ទាំងញញឹមញញែមបង្ហាញពួកយើង។ បើខ្ញុំចាំមិនខុសទេនោះគឺជាចិញ្ចៀនរៀបការរបស់ម៉ាក់នោះឯង ហេតុអ្វីបានជាវាបានមកនៅលើដៃរបស់ម៉ាក់ទៅវិញ?

« ឃើញទេ អូនរកឃើញហើយ កូន! ម៉ាក់រកចិញ្ចៀនឃើញវិញហើយ»

« ឃើញទេ អូនឯងនេះ ការពិតច្រលំទុកនៅផ្ទះសោះ »

ម៉ាក់ឱបប៉ាទាំងរំភើបញាប់ញ័រ។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលម៉ាក់បានរកឃើញរបស់ប្រចាំស្នេហ៍ឃើញ។ ប៉ុន្តែមានរឿងមួយដែលខ្ញុំមិនអស់ចិត្ត។ ពេលដែលពួកយើងដើរចេញពីបន្ទប់របស់ម៉ាក់វិញ ខ្ញុំបានតាមមើលមុខរបស់ប៉ាជាប់រហូត រហូតដល់ប៉ាឆ្ងល់រួចនិយាយ

« កូនមានរឿងអីចង់សួរប៉ាមែនទេ? »

« បាទ មែនហើយ....តើរឿងចិញ្ចៀនមួយនោះ.....? »

ប៉ាដកដង្ហើមធំបន្តិចរួចដើរទៅកាន់បង្អួចរួចនិយាយ

« ប៉ាជឿថាម៉ាក់កូនប្រាកដជាដឹងថាប៉ាស្រលាញ់ម៉ាក់កូនប៉ុនណា ប៉ុន្តែម៉ាក់របស់កូនជាមនុស្សគិតច្រើន ប៉ាដឹងថាទោះជាទង្វើ ឬពាក្យសម្តីមួយណាក៏ដោយក៏មិនអាចជំនួសរបស់មួយនោះដែរ ព្រោះប៉ាដឹងថាវាមានន័យខ្លាំងណាស់ចំពោះស្នេហារបស់ពួកយើង។ បែបនេះហើយ.....»

« បែបនេះប៉ាក៏ទៅធ្វើចិញ្ចៀនមួយថ្មីជូនម៉ាក់មែនទេ? »

ប៉ាតបទាំងងក់ក្បាលញញឹម

« ប៉ាពិតជាបារម្ភម៉ាក់របស់កូនណាស់ពេលដែលឃើញម៉ាក់កូនមិនសប្បាយចិត្ត ប៉ាមានចិត្តឯណាមានសេចក្តីសុខដែរនោះ។ បើគ្រាន់តែលះបង់ពេលវេលាតាមរកជាងដែលធ្លាប់ធ្វើចិញ្ចៀនឱ្យពួកយើងពីមុន ហើយធ្វើវាថ្មីឡើងមកឱ្យម៉ាក់កូនសប្បាយចិត្ត ប៉ាក៏អាចធ្វើបាន »

« ប៉ាមិនគិតថាវាជារឿងកុហកទេ? ចុះបើម៉ាក់ដឹងប៉ាមិនខ្លាចថាម៉ាក់ខឹងទេ? »

« កុហកក្នុងបំណងល្អ កុហកដើម្បីឱ្យមនុស្សដែលយើងស្រលាញ់មានសេចក្តីសុខ ប៉ាគិតថា ប៉ាធ្វើត្រឹមត្រូវហើយ មែនទេ? »

បន្ទាប់ពីស្តាប់រឿងរ៉ាវចេញពីមាត់ប៉ា ខ្ញុំក៏ញញឹមងក់ក្បាលដាក់ប៉ា។ ថ្ងៃនេះខ្ញុំក៏បានរៀនមេរៀនថ្មីពីស្នេហារបស់ម៉ាក់និងប៉ា។ មនុស្សយើងក្នុងមួយជីវិតអាចនឹងមានរឿងរ៉ាវលាក់លៀម និងភូតកុហកច្រើន ប៉ុន្តែរឿងខ្លះយើងនិយាយកុហកក្នុងបំណងល្អ ហើយក៏មិនបានបង្កការក្តៅក្រហាយលើអ្នកណាម្នាក់ដែរ ហើយដែលសំខាន់គឺយើងធ្វើដើម្បីមនុស្សដែលយើងស្រលាញ់មានសេចក្តីសុខ។ ការលះបង់ខ្លះពិតជាមានអត្ថន័យធំធេងខ្លាំងណាស់ វាមិនខុសអ្វីពីប៉ាដែលចំណាយពេលវេលា លះបង់ទាំងកម្លាំងកាយចិត្តដើម្បិធ្វើចិញ្ចៀនមួយវង់ដើម្បីម៉ាក់ទេ។ តម្លៃរបស់វាពិតជាគ្មានទ្រព្យសម្បត្តិលើលោកណាអាចមកទិញដូរបានឡើយ។ ហើយស្នេហារបស់ម៉ាក់និងប៉ាវាក៏រាងមាំជាងថ្មដាគ្មានអ្នកណាអាចបំបែកបាន ទោះជាចិញ្ចៀនដើមបានបាត់បង់ តែស្នេហាដ៏ស្មោះស្ម័គ្រគឺស្ថិតលើបេះដូងរបស់មនុស្សនោះឯង។

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]