(ភ្នំពេញ)៖ តារាចម្រៀងប្រុសសម្ដីជ្រាយៗដូចមនុស្សស្រី របស់ផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ ព្រោះតែស្លុតចិត្តខ្លាំងស្ទើរតែមិនហ៊ានបើ Facebook ក្រោយពេលឃ្លីបវីដេអូ នៃការប្រើអំពើហិង្សា វាយដំចំ្រធាក់ ពីសំណាក់ប្រជាពលរដ្ឋ មកលើស្រ្តីវ័យចំណាស់ជាចោរលួចខោអាវម្នាក់ ត្រូវបានបង្ហោះ ចែករំលែកយ៉ាងកក្រើកបណ្តាញសង្គមយក្សហ្វេសប៊ុក អំឡុពេល២ឬ៣ថ្ងៃចុងក្រោយនេះ ក្រោយហេតុផលនៃទឹកចិត្តអាណិតខ្លាំង។

លោក សុគន្ធ ថេរ៉ាយុ បាននិយាយរៀបរាប់ថា «និយាយតាមត្រង់លែងចង់ហ៊ានបើក Facebook មើលហើយ ព្រោះបើកពេលណា ឃើញតែវីដេអូអ៊ុស្រី ដែលលួចខោអាវត្រូវគេវ៉ៃគាត់ ខ្ញុំអាណិតគាត់ខ្លាំងណាស់ មិនគួរណាឃោឃៅនាំគ្នាធ្វើចឹងដាក់គាត់ទេ។ ខ្ញុំមើលនេះហើយ គឺប៉ះពាល់អារម្មណ៍មែនទែន ទទួលស្គាល់ថា គាត់ពិតជាខុស តែខ្ញុំមិនគាំទ្រឲ្យធ្វើទង្វើបែបនេះ ទៅលើគាត់ទេ គាត់ពិតជាអត់ឃ្លាន ឬទាល់ខ្លាំងមែនទែនហើយ ទើបដាច់ចិត្តធ្វើបែបនេះ ប្តីក៏ស្លាប់ចោល កូនក៏គ្មានមើលថែគាត់ សូម្បីតែម្នាក់ តើអារម្មណ៍គាត់ឯកាកំព្រាបែបណា?»

លោក សុគន្ធ ថេរ៉ាយុ បាននិយាយបន្តថា «ខ្ញុំមើលវីដេអូនោះ ឬគាត់ស្រែកថា “អ៊ូយៗ ឈឺណាស់ៗ កុំវ៉ៃខ្ញុំ” ខ្ញុំពិតជាសង្វែគ និងពិបាកទទួលយកអារម្មណ៍នេះបានណាស់ ខ្ញុំមើលវីដេអូនោះ ខ្ញុំយំអាណិតគាត់ ម្តាយគេម្តាយយើង ហើយនាំគ្នាព្រួតវ៉ៃគាត់ ហើយចុះបើគាត់មានជំងឺ អ្វីមួយលើសឈាម ទឹកនោមផ្អែម ឬប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលគាត់ជាដើម តើនរណាជាអ្នកទទួលខុសត្រូវ?!»

តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ បានបញ្ជាក់ថា «មានអ្នកលេងហ្វេសប៊ុកមួយចំនួន និយាយត្រូវបើចោរក្មេងស្ទាវ វាឆក់វាប្លន់គេ ខ្ញុំមិនថាទេ ព្រោះវាក្មេងមានដៃមានជើង តែមិនចេះរកស៊ីមកលួចឆក់ប្លន់គេអ៊ីចឹង តែនេះគាត់ចាស់ហើយ អាយុ៦៣ឆ្នាំ ហើយគ្មានទីពឹងទាល់តែសោះ ខ្ញុំទទួលស្គាល់នរណា ក៏ធ្លាប់បាត់របស់បាត់លុយ ហើយម្ចាស់របស់នោះ ពិតជាខឹងនឹងចោរដែលលួច យកទៅណាស់ តែបើចាប់បានចោរនោះហើយ ជាពិសេសមនុស្សចាស់ដូចគាត់ គួរណាតែយកសតិ យកអារម្មណ៍មកគិតខ្លះផង កុំកាត់សេចក្តីដោយយកកំហឹង មកបញ្ចេញសកម្មភាពបែបនេះ ព្រោះគាត់ជាមួយមនុស្សចាស់ទន់ខ្សោយណាស់ មិនគួរព្រួតគ្នាទាំងហ្វូងវ៉ៃគាត់បែបនេះទេ!»

តារាប្រុសលោក សុគន្ធ ថេរ៉ាយុ បាននិយាយទៀតថា «ខ្ញុំសូមអំពាវនាវ បើមានករណីបែបនេះ កើតឡើងទៀត សូមមេត្តាណែនាំគាត់ ឬគ្រាន់តែនាំខ្លួនគាត់ ឲ្យប៉ូលិសគេចាត់ចែង ទៅតាមច្បាប់ ទៅកុំអាងអីវ៉ៃៗនោះ អរគុណច្រើន នេះគ្រាន់តែជាមតិយោបល់នឹងអារម្មណ៍ពិតរបស់ខ្ញុំ បើមានការខុសឆ្គងអី សូមកុំប្រកាន់!»

ដោយឡែកប៉ុន្មានម៉ោង ក្រោយពីបញ្ចេញមតិ តាមរយៈការអាណិតអាសូរនេះ លោក សុគន្ធ ថេរ៉ាយុ ក៏បានបញ្ជាក់បន្ថែមថា ពេលនេះខ្ញុំដឹងដំណឹងពីគាត់ហើយ គឺនៅដល់ក្រុងបាត់ដំបង ដំបូងខ្ញុំគិតថា បើគាត់នៅភ្នំពេញ ខ្ញុំនឹងឆ្លៀតទៅជួបគាត់ជូនថវិកា តិចតួចជូនគាត់ តែគាត់នៅឆ្ងាយពេកហើយខ្ញុំក៏ត្រូវមានការងារធ្វើច្រើន អ៊ីចឹងខ្ញុំបានតែផ្ញើរថវិកាបន្តិចបន្តួច ជូនគាត់តាមរយៈលោក Rith Omega ដើម្បីឲ្យគាត់អាចមានលុយ បើកមុខរបរតូចតាចមួយ ដើម្បីចិញ្ចឹមជីវិត។ ដូចនេះបើអ្នកទាំងអស់គ្នាអាណិតគាត់ អាចជួយជាថវិកា ឬសម្ភារៈម្នាក់បន្តិចៗ ក៏បានតាមរយៈលោក Rith omega ដើម្បីឲ្យគាត់បានមានលុយ បើកមុខរបររកស៊ីតូចតាចមួយ ដូចគេដូចឯងផង កុំឲ្យធ្វើចឹងទៀត អរគុណច្រើន!!»៕

សុគន្ធ ថេរ៉ាយុ
ស្ត្រីចំណាស់ដែលជាចោរលួចសម្លៀកបំពាក់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ