ប្រេស៊ីល៖  បុរសជាឪពុកពិការជើងម្នាក់ បានធ្វើឲ្យគ្រប់គ្នារំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីគាត់ខំប្រឹងដើរដោយប្រើដៃ សំដៅឆ្ពោះទៅកាន់មុខវេទិកា ចូលរួមអបអរក្នុងថ្ងៃទទួលសញ្ញាប័ត្ររបស់កូនស្រី។

លោក Alexandre Jose da Silva មានអាយុ៧៩ឆ្នាំ រស់នៅក្នុងប្រទេសប្រេស៊ីល មានកូនស្រីឈ្មោះ Rosany Caetano អាយុ៣០ឆ្នាំ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងថ្ងៃទទួលសញ្ញាប័ត្ររបស់ Rosany ឪពុករបស់នាង បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមើលឃើញថា លោក Alexandre ខំប្រឹងដើរដោយប្រើដៃទាំងត្រដាបត្រដួស អមដំណើរជាមួយនឹងកូនស្រី និងភរិយារបស់គាត់ឆ្ពោះទៅមុខវេទិកា។ នៅគ្រានោះធ្វើឲ្យ Rosany រំភើបចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ស្រក់ទឹកភ្នែក ពេលដែលអ្នកចូលរួមជាច្រើន បាននាំគ្នាទះដៃអបអរសាទរដល់នាងនិងគ្រួសារ។

ប្រភពដដែលឲ្យដឹងទៀតថា គ្រួសាររបស់ Raosany  ស្ថិតក្នុងស្ថានភាពក្រីក្រ និងលំបាកណាស់ សូម្បីឪពុកម្តាយរបស់នាងក៏គ្មានលទ្ធភាពគ្រប់គ្រាន់លើថ្លៃសិក្សារបស់នាងដែរ។ 

ទោះបីជាយ៉ាងណា Rosany នាងនៅតែតាំងចិត្ត ជំនះខិតខំតស៊ូរៀនសូត្រ រហូតទាល់តែចប់ចុងចប់ដើម បើទោះបីជាពេលនេះ នាងមានអាយុច្រើនបន្តិចក៏ដោយក្តី។

រូបភាព ក្នុងថ្ងៃទទួលសញ្ញាប័ត្រ

Rosany ប្រាប់ថា វាជាបទពិសោធន៍នៃជីវិតដ៏អស្ចារ្យបំផុតសម្រាប់នាង ដែលមានវត្តមានឪពុកម្តាយរបស់នាង បានចូលរួមក្នុងថ្ងៃឡើងទទួលសញ្ញាប័ត្រ។ នាងថា ជាអារម្មណ៍មួយដ៏រីករាយបំផុត ព្រោះនេះជាក្តីស្រមៃតែមួយគត់ក្នុងឆាកជីវិតរបស់នាង ដែលនាងបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ដើម្បីចង់បង្ហាញឲ្យឪពុកម្តាយនាងបានឃើញ និងមានមោទនភាពចំពោះរូបនាង។

Rosany និយាយថា «ពួកគាត់ទាំងពីរ គឺជាក្តីសង្ឃឹម និងជាអ្នកជំរុញលើកទឹកចិត្តខ្ញុំ ឲ្យមានការតស៊ូលើការសិក្សារៀនសូត្រ អស់រយៈពេល៥ឆ្នាំមកនេះ។ ពួកគាត់តែងលើកទឹកចិត្តខ្ញុំ ឲ្យមានការបេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបានជោគជ័យ និងតស៊ូជំនះរាល់ឧបសគ្គ កុំឲ្យបោះបង់ ឬបាក់ទឹកចិត្ត»

Rosany បានរៀបរាប់បន្តទៀតថា ឪពុករបស់នាងតែងត្អូញត្អែរឈឺរួយដៃយ៉ាងខ្លាំង រាល់ពេលដែលគាត់ខំប្រឹងប្រើដៃជាជំនួយក្នុងការដើរ។ ជាហេតុធ្វើឲ្យនាងជាកូន មានក្តីរំជួលចិត្តអាណិតដល់ឪពុកជាពន់ពេក។  ប៉ុន្តែនេះក៏ជាកត្តាជំរុញទឹកចិត្តមួយដល់នាងបន្ថែមទៀត ឲ្យកាន់តែខិតខំរៀនសូត្រយកសញ្ញាប័ត្រ និងសង្ឃឹមយ៉ាងមុតមាំថា ទទួលបានការងារធ្វើដ៏សមរម្យមួយ ដែលអាចជួយសម្រួលបន្ទុកគ្រួសារ ជាពិសេសគឺមានថវិកាសម្រាប់ទិញរទេះរុញអគ្គីសនីមួយ ជូនលោកឪពុករបស់នាង។

គួរឲ្យដឹងដែរថា លោក Alexandre បានបាត់បង់សមត្ថភាពដើរតាំងពីនៅអាយុ១៥ឆ្នាំ មកម៉្លេះ។  នោះក៏ដោយសារ គាត់កើតជំងឺកម្រម្យ៉ាង  ធ្វើឲ្យប៉ះពាល់ដល់ផ្នែកខួរឆ្អឹងខ្នង ទើបបណ្តាលឲ្យពិការដូច្នេះ។

ទោះបីជាយ៉ាងណា  បើគាត់ជាមនុស្សពិការមែនពិត លោក Alexandre នៅតែអាចស្វែងរកនារីសាកសមសម្រាប់លោក ដោយបានរៀបការ និងមានកូនៗ រហូតដល់ទៅ ១១នាក់ ក្នុងបន្ទុកឯណោះ។

ជាអកុសល កូនៗរបស់គាត់បានស្លាប់អស់ នៅសល់តែកូន៣នាក់ប៉ុណ្ណោះក្នុងគ្រួសារ ដែលនៅរស់រានមានជីវិត រហូតមកទល់សព្វថ្ងៃ  ក្នុងនោះមាន Rosany ម្នាក់ផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាព នាង Rosany និង លោក Alexandre
រូបភាព នាង Rosany និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]