** ប្រលោមលោកខ្មែរឡូត **

កើតក្នុងគ្រួសារធូរធារមួយដោយមានខ្ញុំម្នាក់ដែលជាកូនទោល។ ខ្ញុំសប្បាយរីករាយនឹងជីវិតមួយនេះខ្លាំងណាស់ ក្តីស្រលាញ់ទាំងអស់របស់ម៉ាកប៉ាបានប្រគល់ឱ្យខ្ញុំតែម្នាក់គត់។ ប៉ុន្តែ...អ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុងនៅពេលមួយដែលម៉ាក់មានកូនម្នាក់ទៀត។ ម៉ាក់ប៉ាបានប្រាប់ថានេះជាប្អូនរបស់ខ្ញុំ។ ប្អូន? ខ្ញុំមិនយល់សូម្បីតែបន្តិចនូវពាក្យមួយម៉ាត់នេះ ខ្ញុំដឹងត្រឹមថាពាក្យថាប្អូនជាចំណែកលើស ជាចំណែកដែលដណ្តើមក្តីស្រលាញ់ទាំងអស់របស់ខ្ញុំពីម៉ាក់ប៉ា។ ខ្ញុំស្អប់ប្អូនខ្លាំងណាស់ វាចូលចិត្តយំនិងឡូឡាឱ្យម៉ាក់ប៉ាលួងនិងឱបថើប។ វាធ្វើឱ្យម៉ាក់ប៉ាពិបាក និងអត់ងងុយរាល់ថ្ងៃជាពិសេសពេលយប់។ តែម៉ាក់ប៉ានៅតែសើច ញញឹម និងមិនដែលខឹងនឹងវាម្តងណាសោះ។ ម៉ាក់ប៉ាលែងសូវមានពេលវេលាឱ្យខ្ញុំដូចមុន ពួកយើងក៏លែងបាន ទៅដើរកំសាន្ត និងញ៉ាំអីឆ្ងាញ់ៗទៀតដែរ ប៉ុន្តែរាល់ដងពេលដែលយើងចេញក្រៅតែងមានវត្តមានប្អូនដ៏គួរឱ្យស្អប់ម្នាក់នោះរាល់លើក។

ពេលវេលាកាន់តែកន្លងហួស មិនបានធ្វើឱ្យខ្ញុំឈប់ស្អប់ប្អូនម្នាក់នោះទេ ទោះជាខ្ញុំដឹងថាប្អូនម្នាក់នោះជាសាច់ឈាមបង្កើតជាមួយខ្ញុំក៏ដោយ។ ពេលនេះវាមានអាយុ ៥ ឆ្នាំហើយ ហើយក៏ជាវ័យដែលពេញដោយភាពឆ្លាតវៃ និងគួរឱ្យស្រលាញ់ដែរ ជាហេតុធ្វើឱ្យម៉ាក់ប៉ាកាន់តែស្រលាញ់និងយកចិត្តទុកដាក់កាន់តែខ្លាំង ហើយវាក៏ធ្វើឱ្យខ្ញុំកាន់តែស្អប់ និងសន្សំចិត្តគុំគួនផងដែរ។ ប៉ុន្តែថ្ងៃមួយនោះ ស្រាប់តែវាសន្លប់នៅក្នុងបន្ទប់ទឹក ម៉ាក់យំ ប៉ាប្រញាប់លើកបីវាទៅមន្ទីរពេទ្យ។ ខ្ញុំនៅផ្ទះទាំងទឹកមុខញញឹម ខ្ញុំស្អប់វាដែលដណ្តើមយកការស្រលាញ់ពីខ្ញុំ បែបនេះហើយ ពេលវាទៅបាត់ខ្ញុំនឹងសប្បាយចិត្តជាមិនខាន។ ខ្ញុំស្រែកច្រៀងតិចៗទាំងសប្បាយរីករាយដែលក្មេងម្នាក់នេះបានចាកចេញទៅ។ ប៉ុន្តែខ្ញុំបែរជាមើលឃើញទឹកមុខឈឺចាប់របស់ម៉ាក់ប៉ា ឃើញស្នាមទឹកភ្នែករបស់ម៉ាក់ ឃើញភ្នែកដែលក្រហមរបស់ប៉ា។ ទោះខ្ញុំនៅតូចវ័យត្រឹមតែ ១០ឆ្នាំក្តី ហើយមិនដឹងថាមានរឿងអ្វីកើតឡើង តែខ្ញុំដឹងថាប្រាកដជាមានរឿងអ្វីមួយដែលមិនស្រួល។ ពេលខ្ញុំសួរម៉ាក់ សួរប៉ាគាត់គ្រាន់តែគ្រវីក្បាលទាំងភ្នែករលីងរលោង។ ថ្ងៃមួយនោះម៉ាក់បានមកផ្ទះហើយឱបខ្ញុំយំរួចដឹកដៃខ្ញុំទៅមន្ទីរពេទ្យ។ កែវភ្នែកខ្មៅៗរបស់ក្មេងប្រុសអាយុ ៥ ឆ្នាំ ដែលមានបំពង់អុកស៊ីសែនជាប់នឹងមុខព្យាយាមញញឹមពេលដែលឃើញវត្តមានរបស់ខ្ញុំ។ ខ្ញុំគួរតែសប្បាយរីករាយមែនទេ ដែលទីបំផុតប្អូនដែលខ្ញុំស្អប់កំពុងតែទទួលការឈឺចាប់។ ទោះមិនដឹងថាឈឺចាប់រឿងអ្វីខ្ញុំអាចដឹងតាមសភាពខាងក្រៅរបស់វា។ សក់ក្បាលត្រូវបានកោរ ក្បាលមានស្នាមរបួសដូចជាទើបតែវះកាត់ហើយថ្មីៗ ស្នាមញញឹមរឹងមាំដ៏ស្លេកស្លាំងរបស់វា បែរជាហៅភាពផ្សារៗនៅហ្នឹងភ្នែករបស់ខ្ញុំ។ នេះខ្ញុំកំពុងតែយំមែនទេ? អត់ទេ ខ្ញុំស្អប់វា

« កុំយំអីកូន ប្អូន....នឹង....មិនកើតអីទេ »

ម៉ាក់និយាយលួងលោមខ្ញុំ នៅពេលដែលឃើញទឹកភ្នែកស្រក់ពេញមុខរបស់ខ្ញុំ។ ម៉ាក់លួងលោមខ្ញុំទាំងសំឡេងយំក្តុកក្តួល។ ខ្ញុំមិនដឹងហេតុអ្វីបានជាខ្ញុំយំដែលឃើញសភាពរបស់ប្អូនម្នាក់នេះដែលខ្ញុំស្អប់ តែខ្ញុំមានអារម្មណ៍ថា ខ្ញុំជិតនឹងបាត់បង់អ្វីម្យ៉ាងនៅក្នុងជីវិត។

យប់នេះខ្ញុំបានក្លាយជាអ្នកដែលចាប់ដៃប្អូនជាប់កំដរវាឆ្លងកាត់ឈឺចាប់។ វាជាក្មេងប៉ុណ្ណេះតើវាឈឺចាប់យ៉ាងណា ពិបាកយ៉ាងណា? ហេតុអ្វីវាមិនយំ? ហេតុអ្វីបានជាវាជាមនុស្សរឹងមាំបែបនេះ។ វាចាប់ដៃខ្ញុំនិយាយខ្សាវៗ

« បងប្រុស..ពេលដែលខ្ញុំទៅបាត់ បងប្រុសមិនត្រូវយំទេ បងត្រូវតែសប្បាយចិត្តរាល់ថ្ងៃ បងត្រូវជួយមើលថែម៉ាក់ប៉ារបស់យើងផងជាពិសេសម៉ាក់ កុំឱ្យម៉ាក់យំឬពិបាកចិត្តអី »

« ឆ្កួតទេ? ឯងត្រូវតែរស់នៅបន្តទៀត។ កុំទៅណាអី ឯងចង់បានអីយើងនឹងរកមកឱ្យ។ ឯងចង់ញ៉ាំអី ឯងចង់បានរបស់លេងអីយើងនឹងយកឱ្យឯងទាំងអស់។ ឯងមិនអាចទៅណាបានទេ »

« ខ្ញុំសប្បាយចិត្តណាស់ដែលបានកើតមកជាកូនរបស់ប៉ាម៉ាក់ និងជាប្អូនរបស់បង បងត្រូវតែសប្បាយចិត្តណា ខ្ញុំដឹងថាខ្ញុំមិនអាចនៅយូរទៀតទេ តែរយៈពេលកន្លងមកខ្ញុំសប្បាយចិត្តណាស់ ដែលមានបង... ម៉ាក់ប្រាប់ថាខ្ញុំជាមនុស្សល្អបន្តិចទៀតខ្ញុំនឹងទៅលើមេឃ បើបងនឹកខ្ញុំបងងើយទៅលើមេឃទៅ ហើយបើបងចង់បានអ្វីខ្ញុំនឹងជួយសុំពរពីទេវត្តាឱ្យបងណា តែបងមិនត្រូវយំទេ បើមិនអ៊ីចឹងទេខ្ញុំនឹងមិនសុំពរឱ្យបងឡើយ »

ទឹកភ្នែកខ្ញុំស្រាប់តែស្រក់ដូចទឹកបាក់ទំនប់ពេលដែលឮសម្តីស្មោះត្រង់ ចេញពីមាត់របស់ក្មេងអាយុត្រឹមតែ ៥ ឆ្នាំ។

« ខ្ញុំហត់ណាស់ ខ្ញុំចង់សម្រាក...ខ្ញុំស្រលាញ់ម៉ាក់ប៉ា ខ្ញុំស្រលាញ់បងប្រុស»

ប្អូនរបស់ខ្ញុំបានបិទភ្នែកទាំងញញឹម ចង្វាក់បេះដូងលែងលោត ដៃត្រជាក់ដែលខ្ញុំចាប់កាន់បែរជាលែងមានកម្លាំងតទៅទៀត។ គេទៅបាត់ហើយ ទៅគ្មានត្រលប់ ទៅដោយទឹកមុខញញឹមទ្រាំនឹងការឈឺចាប់របស់ជំងឺមហារីកដែលបានវាយលុកពេញខ្លួនរបស់គេនៅដង្ហើមចុងក្រោយ។

ខ្ញុំបានក្លាយជាក្មេងដែលឯកាម្តងទៀតនៅពេលដែលបានបាត់បង់ប្អូនជាទីស្រលាញ់ក្នុងមួយប៉ប្រិចភ្នែក។ ដៃកាន់រូបគំនូរដែលបានរកឃើញក្រោយមរណៈភាពរបស់ប្អូនរបស់ខ្ញុំ។គំនូរដែលខ្ញុំធ្លាប់គូរ គំនូរដែលខ្ញុំធ្លាប់បោះចោលក្នុងធុងសម្រាម។ តែប្អូនខ្ញុំបែរជាលួចរក្សាវាទុក។ ចាំថាគំនូរមួយនេះ ខ្ញុំបានគូរពេលដែលវាមានងាយុ ៣ ឆ្នាំ ពេលនោះខ្ញុំពិតជាស្អប់និងច្រណែនប្អូនខ្លាំងណាស់។ វាជារូបគំនូរក្មេងប្រុស២នាក់កាន់ដៃគ្នា។ តែរូបក្មេងប្រុសតូចបែរជាមានស្នាមខ្មៅដៃគូសគ្រវាសពេញផ្ទៃមុខ។ ខ្ញុំបានមូរវាបោះចោលជាយូរមកហើយ តែពេលនេះគំនូរនេះបែរជាមានថែមអក្សរពីក្រោមថា « ខ្ញុំស្រលាញ់បងប្រុស » ទឹកភ្នែកខ្ញុំស្រក់ម្តងទៀតពេញដោយភាពឈឺចាប់។ បងជាបងមិនបានការ បងជាមនុស្សប៉ិនច្រណែន បងជាបងមិនល្អ បែរជាស្អប់ប្អូនខ្លួនឯង តែឯងនៅតែស្រលាញ់បង ទោះបងមិនដែលលេងជាមួយឯង មិនដែលនិយាយថាស្រលាញ់ឯង ហើយរាល់ពេលបងជាអ្នកធ្វើបាបឯងក៏ដោយ។ បងសុំទោស បងស្រលាញ់ឯង។ ខ្ញុំជូតទឹកភ្នែកងើយមើលលើមេឃ។ ពេលនេះបងដឹងហើយហេតុអ្វីបានជាឯងឱ្យបងងើយលើមេឃពេលបងនឹកឯង និងចង់សុំពរពីឯងព្រោះឯងដឹងថាបងប្រាកដជាយំ បែបនេះហើយពេលដែលបងងើយមើលមេឃរកឯង ទឹកភ្នែកបងប្រាកដជាលែងហូរហើយ។ ឯងជាក្មេងឆ្លាត បងស្រលាញ់ឯង។ បើសិនជាមាននិស្ស័យ ហើយប្រសិនជាពាក្យអធិដ្ឋានរបស់បងពិតជាស័ក្តិសិទ្ធប្រាកដមែន បងសុំឱ្យឯងត្រលប់់មករកបងវិញ បងនឹងសងពេលវេលាដែលកន្លងមកឱ្យឯងវិញ។ វិលវិញមកប្អូនសម្លាញ់។

១ឆ្នាំក្រោយមក សំឡេងកូនង៉ែតបានបន្លឺពេញមន្ទីរពេទ្យ។ ម៉ាក់បានសម្រាលបានកូនប្រុសមួយ ដែលនោះជាប្អូនរបស់ខ្ញុំ។ ខ្ញុំអើតមើលប្អូនតូចដែលកំពុងតែញញឹមដាក់ខ្ញុំ។ ទោះជាគ្មានអ្នកណាជឿឬសង្ស័យ តែអារម្មណ៍របស់ខ្ញុំបានប្រាប់ថាប្អូនបានត្រលប់មករកយើងវិញតាមពាក្យអធិដ្ឋានហើយ។ អរគុណដែលបានមកវីញ មករកបង មករកគ្រួសាររបស់យើង ឱ្យបងបានស្រលាញ់ និងមើលថែរឯងណា។ ស្រលាញ់ឯងខ្លាំងណាស់ប្អូនប្រុសសម្លាញ់របស់បង៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]