** ប្រលោមលោកខ្មែរឡូត **

រឿងរ៉ាវស្នេហានេះពិតជាស្មុគស្មាញមែនទែន។ ហើយចំពោះយើងជាអ្នកក្រទៀតកាន់តែមិនបាច់និយាយ។  រកលុយចិញ្ចឹមតែខ្លួនឯងមិនទាំងរស់ផង មានប្រាជ្ញាឯណាទៅស្រលាញ់កូនគេនោះ។  ម្យ៉ាងដែរអាចថាជាវាសនាចារមកក៏បាន ខ្ញុំស្រាប់តែបានជួបមនុស្សស្រីដែលស្អាត សុភាពរាបសារ ថ្លៃថ្នូរហើយគ្រួសារគេគ្រាន់បើដែរ។ និយាយកាត់ៗត្រួសៗគឺថាបានរាប់អានគ្នា រហូតជ្រុលជ្រួសដួងចិត្តបង្កើតជាស្នេហាកំលោះក្រមុំហ្នឹងឯង។  គេថាមានស្នេហាពិភពលោកនេះ ប្រែក្លាយទៅជាឥន្ទធនូ មេឃប្រែជាពណ៌ផ្កាឈូកមិនខុសមែន។ តាំងពីចេះមានស្នេហាមកធ្វើឱ្យខ្ញុំសប្បាយរីករាយរាល់ថ្ងៃ ហើយរឹតតែមានកម្លាំងចិត្តតស៊ូនឹងជីវិតដែលលំបាក ដើម្បីជំនះបាននៅជាមួយគ្នានៅថ្ងៃអនាគតហ្នឹងឯង។ប៉ុន្តែវាក៏មិនខុសពីពាក្យចាស់លោកថាមានស្នេហាមានការឈឺចាប់នោះដែរ។ ព្រោះស្នេហាខុសឋានៈហ្នឹងឯងបានជាធ្វើឱ្យស្នេហារបស់ពួកខ្ញុំរង្គោះរង្គើរស្ទើរនឹងដាច់ខ្សែម្តងៗ បើទោះខ្ញុំអង្វរលោកទាំងពីររបស់នាងយ៉ាងណា សន្យាថ្ងៃមុខយ៉ាងណាពួកគាត់នៅតែដាច់អហង្ការឱ្យពួកខ្ញុំបែកគ្នាដែរ។

គិតៗទៅកើតជាអ្នកក្រខុសមួយចប់។ សូម្បីក្តីស្រលាញ់ចិត្តនិងចិត្តសោះក៏មានគេបំបែកដែរ។ អារឿងស្នេហាគេក្បត់ចិត្តនេះវាដូចជាមិនឈឺស្មើនឹងត្រូវម៉ែឪ ពង្រាត់សោះ ដូចពាក្យគេថា គូព្រេងមិនព្រាត់ម៉ែឪពង្រាត់វាព្រាត់ដូចតែគ្នា។ ឈឺចាប់ពេកចេះតែចង់លោតទឹកឱ្យស្លាប់ តែគិតឱ្យបានច្បាស់ជីវិតមនុស្សមានតម្លៃណាស់មិនគួរគ្រាន់តែរឿងរ៉ាវស្នេហាសោះធ្វើបាបខ្លួនឯងនោះទេ។ ប៉ុន្តែវាក៏ធ្វើឱ្យខ្ញុំឈឺចាប់គួរសមដែរ។ បើសិនជាអាចរើសកន្លែងកើតបាន ខ្ញុំក៏មិនមែនចង់កើតក្នុងគ្រួសារអ្នកក្រដែរ តែនេះជាវាសនាទៅហើយមានតែទ្រាំទទួលតាមយថាកម្មទៅចុះ។ ក្រោយបែកគ្នាមកខ្ញុំក៏រស់នៅធម្មតាដូចតែគេដូចតែឯងដែរ តែក៏មិនអាចនិយាយបានថារីករាយដូចមុនដែរ។ មនុស្សធ្លាប់តែមានគ្នា មានមនុស្សជជែកលេង មានមនុស្សកំដរញ៉ាំអី មានមនុស្សនិយាយលើកទឹកចិត្ត ស្រាប់តែពេលនេះបាត់គ្នាដូចលលកព្រាត់គូអ្នកណាមិនឈឺចិត្ត? ស្នេហាលើលោកនេះពិតជាធ្វើបាបមនុស្សមែន។ ទោះជាឈឺចាប់យ៉ាងណា ខ្ញុំក៏មិនបោះបង់ខ្លួនឯងដែរ គ្រាន់តែសង្ឃឹមថាវាសនាពិតជាអាចធ្វើឱ្យយើងបានមកជួបគ្នាម្តងទៀត។ ថាមិនត្រូវពេលដែលម៉ែឪនាងឃើញខ្ញុំរៀនចប់ មានការងារត្រឹមត្រូវគាត់អាចនឹងពិចារណាឡើងវិញទទួលខ្ញុំជាកូនប្រសា ព្រោះពាក្យចាស់ពោលថាទីណាមានការតស៊ូទីនោះប្រាកដជាមានភាពជោគជ័យ។

រូបតំណាង

ទីបំផុតខ្ញុំក៏បានបញ្ចប់ការសិក្សាបានជោគជ័យពេញដោយលទ្ធផលជាទីគាប់ចិត្ត ហើយមានការងារល្អគួរសមនឹងគេដែរ។ ចិត្តដែលប៉ងទៅរកអតីតមនុស្សស្រីដែលខ្ញុំស្រលាញ់និងនៅតែស្រលាញ់រហូតដល់ពេលនេះនៅតែមាន។ កំពុងតែគិតៗ ស្រាប់តែទូរស័ព្ទរោទិ៍លោតលេខចម្លែកៗ តែដូចប្រហែលៗ ខ្ញុំក៏ដាច់ចិត្តលើកទាំងឆ្ងល់

« អាឡូ អ្នកណាហ្នឹង? »

« អាឡូបងសិទ្ធ! ខ្ញុំរាជនីណា បងចាំបានអត់? »

គ្រាន់តែឮឈ្មោះភ្លាមបេះដូងខ្ញុំស្រាប់តែលោតខុសចង្វាក់មួយរំពេច។ ឈ្មោះ មនុស្សស្រីដែលតែងតែស្ថិតនៅក្នុងក្រអៅបេះដូងធ្វើម៉េចភ្លេចបានទៅ។ រាជនីនៅតែមានសម្តីពិរោះ ផ្អែមល្ហែមពោរពេញដោយភាពថ្លៃថ្នូរនិងសុភាពរាបសារ។ ខ្ញុំពិតជានឹកនាងខ្លាំងណាស់ មិននឹកស្មានថាថ្ងៃនេះនាងជាអ្នកខលមករកខ្ញុំមុនសោះ។

« រាជនី...ចាំ ចាំបងម៉េចនឹងអាចភ្លេចអូនបានទៅ បង...»

«សប្បាយចិត្តណាស់ដែលបងមិនបានប្តូរលេខទូរស័ព្ទថ្មី »

« ចុះអូន...ខលមកបងមានការអីមែនទេ? បែកគ្នាយូរអូនសុខសប្បាយអត់? ហើយ....? »

« ចា៎ បងសុខទេ..អឺ អូនខលមកចង់ពឹងបងរឿងមួយបានទេ? »

« រឿង...រឿងអីអូន? »

« ស្អែកបងទំនេរទេ? »

គ្រាន់តែឮមនុស្សស្រីដែលស្រលាញ់ខលមកភ្លាម អរខ្លាំងប៉ុណ្ណឹងហើយចុះទម្រាំតែឮគេណាត់ទៀត អូយសប្បាយចិត្តចង់ដាច់ខ្យល់ហើយនេះ ប្រាកដជាត្រូវយល់ព្រមភ្លាមៗហើយ

« បាន...បងទំនេរតើអូនមានការអីដែរ?»

«គឺ...ខ្ញុំចង់ឱ្យបងជួយខ្ញុំរឿងមួយ»

« រឿងអីទៅអូន? »

« តើបងអាចមកជួយកំដរការខ្ញុំបានទេ?»

« ការ? ការអ្នកណា? »

« គឺ....ការអូនហ្នឹងណា »

« ថាម៉េច? »

ខ្ញុំដាក់ទូរស័ព្ទចុះទាំងគ្មានវិញ្ញាណ ហេតុអ្វីព្រហ្មលិខិតធ្វើបាបមនុស្សម្ល៉េះ? ស្នេហាដែលខំថែរក្សា ហើយសង្ឃឹមថានឹងអាចជួបគ្នាសាជាថ្មី បែរជាត្រូវមកជួបគ្នាឡើងវិញដោយស្ថានភាពបែបនេះ? ខ្ញុំមិនយល់សោះ តើខ្ញុំត្រូវធ្វើបែបណាចំពោះរឿងនៅនឹងមុខនេះ? ទៅឬមិនទៅ? គិតយ៉ាងណាទៅ អូយ! ចង់បែកខួរក្បាលហើយខ្ញុំ។ 

ទីបំផុតខ្ញុំក៏មកឈរនៅមុខផ្ទះអតីតមនុស្សស្រីជាទីស្រលាញ់របស់ខ្ញុំទាល់តែបាន។ ធ្វើម៉េចទេបើចិត្តនៅស្រណោះអាល័យគេ នៅតែចង់ជួបមុខគេជាលើកចុងក្រោយ ទោះបីជាការជួបដែលអាចហៅថាកាត់ផ្តាច់និស្ស័យពីគ្នាក៏ដោយ។ មើលទៅនាងសប្បាយចិត្តខ្លាំងណាស់ពេលឃើញវត្តមានរបស់ខ្ញុំ។ ចំណែកឪពុកម្តាយរបស់នាងមើលទៅក៏ញញឹមញញែមដែរ ពេលដែលឃើញមុខខ្ញុំ។ រឿងអីមិនសប្បាយចិត្តបើគាត់បំបែកបំបាក់កូនៗបានសម្រេចទៅហើយ ហើយឥឡូវថែមទាំងមានកូនប្រសាជាសាសន៍គេទៀត។ 

គិតៗទៅព្រហ្មលិខិតពិតជាលេងសើចនឹងជីវិតមនុស្សខ្លាំងណាស់។ ពិធីរៀបការបានដំណើរការដោយរលូន ខ្ញុំក៏បានតាំងចិត្តធ្វើជាអ្នកកំដរទាំងចិត្តអួលផ្សារដើម្បីរង់ចាំពិធីរៀបការបញ្ចប់ឱ្យបានឆាប់ៗ។ ពិធីសែនចងដៃសំពះផ្ទឹមជាពិធីមួយដ៏សំខាន់ក្នុងពិធីរៀបអាពាហ៍អាពាហ៍របស់ខ្មែរ។ ខ្ញុំស្រាប់តែមានអារម្មណ៍ថាដូចជាមានទឹកអ្វី ប្រុងនឹងហូរចេញពីកែវភ្នែកទាំងគូរបស់ខ្ញុំ ។ ប៉ុន្តែចម្លែកណាស់ខ្ញុំបែរជាឃើញរាជនី ជាទីស្រលាញ់លួចមើលមកខ្ញុំដែរទាំងភ្នែកក្រហម មួយរំពេចស្រាប់តែទឹកភ្នែកហូរចុះលើផែនថ្ពាស់ទាំងគូរបស់នាង។ តែបែរជាគ្មានអ្នកណាចាប់អារម្មណ៍ ព្រោះឱ្យតែមានពិធីរៀបការកូនក្រមុំឬកូនកំលោះតែងតែបង្ហូរទឹកភ្នែក អាឡោះអាល័យម្តាយឪពុកនិងក្រុមគ្រួសារលាយនឹងចិត្តរំភើបដែលបានសងគុណឪពុកម្តាយរបស់ខ្លួនជារឿងធម្មតា។ តែខ្ញុំដឹងថារាជនីប្រាកដជាមានអារម្មណ៍ដូចជាខ្ញុំពេលនេះដែរ ហើយខ្ញុំមើលដឹងថានាងក៏នៅតែស្រលាញ់ខ្ញុំ និងមានអារម្មណ៍វេទនាក្នុងចិត្តដែលត្រូវរៀបការជាមួយមនុស្សដែលនាងមិនបានស្រលាញ់។ ខ្ញុំបែរមុខចេញលួចយកដៃជូតទឹកភ្នែកដែលហូររឹមៗចេញពីកែវភ្នែកកូនប្រុសរឹងមាំ។ អ្នកណាថាមនុស្សប្រុសមិនចេះយំ? ការពិតគ្រាន់តែគេមិនយំឱ្យអ្នកដទៃឃើញតែប៉ុណ្ណោះ។ អ្នកណាទៅទ្រាំបានដែលឈរមើលមនុស្សស្រីដែលខ្លួនស្រលាញ់ទៅរៀបការជាមួយប្រុសដទៃទៅ ជឿថាគ្មានអ្នកណាធ្វើបាននោះទេ។ តែខ្ញុំត្រូវតែធ្វើ គឺធ្វើដើម្បីសុភមង្គលនិងអនាគតដ៏ល្អរបស់មនុស្សស្រីដែលខ្ញុំស្រលាញ់។ 

ទោះមិនដែលស្គាល់កូនកំលោះនោះពីមុនក៏ដោយ តែតាមអារម្មណ៍របស់មនុស្សប្រុសមួយរូបនឹងគេដែរ ខ្ញុំឃើញកែវភ្នែក ស្នាមញញឹមការស្រលាញ់និងការយកចិត្តទុកដាក់ លើអនាគតភរិយារបស់គេ ខ្ញុំដឹងថាគេស្រលាញ់រាជនីខ្លាំង និងអាចមើលថែរក្សានាងអស់មួយជីវិតផងដែរ។ ស្រលាញ់មនុស្សម្នាក់គឺការលះបង់ឱ្យគេមានសេចក្តីសុខ មិនមែនជាការឱបក្រសោបគេជាប់មកស៊ីអំបិលប្រហុកជាមួយយើងនោះទេ។ កូនកំលោះជាមនុស្សល្អ ពិតជាអាចផ្តល់សុភមង្គលពិតប្រាកដឱ្យមនុស្សស្រីដែលខ្ញុំស្រលាញ់។ គ្រាន់តែបានដឹងនិងឃើញសុខទុក្ខរបស់នាងពីចំងាយខ្ញុំសប្បាយចិត្តណាស់ទៅហើយ ចាំបាច់អីឡើយរក្សាគេឱ្យមករងទុក្ខជាមួយយើងនោះទេ។ គ្រាន់តែចប់ពិធីកាត់នំមិនទាន់ស្រួលបួលផង ខ្ញុំក៏ប្រញាប់ដើរគេចទៅក្នុង ប្តូរសម្លៀកបំពាក់រៀបចំចេញឱ្យបានឆាប់ពីពិធីមួយនេះ។

រូបតំណាង

ដៃកាន់អាវធំដើរតាមដងវិថីដ៏ស្ងាត់ជ្រងំ ដៃម្ខាងទៀតចុចទូរស័ព្ទផ្ញើសារទាំងទឹកភ្នែករលីងរលោង

« ជាតិនេះនិស្ស័យរបស់ពួកយើងអស់ត្រឹមហ្នឹងហើយ បងសុំទោសដែលបងកើតមកជាកូនអ្នកក្រ គ្មានទ្រព្យ គ្មានបុណ្យសក្តិ អាចយកមនុស្សស្រីដែលខ្លួនស្រលាញ់មកឱបជាប់នឹងដើមទ្រូងបាន។ ខុសអស់ហើយជាតិនេះអូនអើយ តែណ្ហើយ! បងមានតែជូនពរអូននិងស្វាមីរបស់អូនរស់នៅមានសេចក្តីសុខហើយសូមឱ្យ ចេះស្រលាញ់គ្នាតរៀងទៅ។ សូមអូនបំភ្លេចបងចោលទៅហើយស្រលាញ់ប្តីរបស់អូនឱ្យបានច្រើនៗ ចំណែកឯបងក៏ត្រូវកាត់ចិត្ត បៀមទុក្ខឱបក្តីស្រលាញ់មួយនេះលុះអវសាន្តរៀងទៅដែរ។ លាហើយអូនរាជនីសម្លាញ់ចិត្តបង»។

បន្ទាប់ពីផ្ញើសារចប់ខ្ញុំញញឹមទាំងជូរចត់មើលទឹកទន្លេដែលកំពុងតែហូរត្របាញ់តាមខ្សែទឹកហូរ។ ខ្សែជីវិតមនុស្សពិតជាពិបាកមែន រឿងស្នេហាក៏កាន់តែស្មុគស្មាញ។ ណ្ហើយ! គេកំពុងតែមានសេចក្តីសុខហើយ យើងគួរតែញញឹមជូនពរគេ កុំបីឡើយនៅរេរានឹងស្រមោលស្នេហ៍ដែលកន្លងហួសអី។ ចាត់ទុកថាវាជាអតីតកាលមួយដ៏ផ្អែមល្ហែមលាយនឹងល្វីងជូរចាត់ទៅចុះ។ អ្នកកំដរឥតព្រៀងទុកដូចជាខ្ញុំយ៉ាងហោចណាស់ក៏បានឈរអម និងបានឃើញមនុស្សស្រីដែលខ្លួនស្រលាញ់ស្លៀកសម្លៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាតដែរទោះជាវាមិនមែនសម្រាប់ខ្ញុំក៏ដោយ៕  

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]