បរទេស៖ Fireball គឺជាមេរោគកុំព្យូទ័រមួយដែលមានការរីករាលដាលពាសពេញពិភពលោក។ មេរោគនេះបានចូលនៅក្នុងកុំព្យូទ័រប្រហែល ២៥០ លានគ្រឿងដែលនៅក្នុងនោះមានកុំព្យូទ័រនៃបណ្ដាញសាជីវកម្មប្រហែលជា ២០ ភាគរយផងដែរ។

កាលពីថ្មីៗកន្លងទៅនេះ សមត្ថកិច្ចប្រទេសចិន បានចាប់ខ្លួនមនុស្សចំនួន ៩នាក់ដែលជាប់ពាក់ព័ន្ធនឹងការបង្កើតមេរោគ Fireball នេះ។ មនុស្សមួយក្រុមនេះគឺជាបុគ្គលិកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មលើអ៊ីនធឺណិត Rafotech ។ ពួកគេរកប្រាក់បានប្រហែល ៨០ លានយ័នដែលមានតម្លៃជាង ១១ លានដុល្លារពីមេរោគនេះ។

ប៉ូលីសចិនកំពុងធ្វើការសួរចម្លើយជនសង្ស័យម្នាក់

មេរោគ Fireball មានមុខងារ បង្កើតប៊ូតុងក្លែងក្លាយ ដែលនាំឲ្យអ្នកប្រើប្រាស់ចូលទៅកាន់គេហទំព័រផ្សេងទៀត និងបង្ខំឲ្យអ្នកប្រើប្រាស់ទាញយកកម្មវិធីនៅលើវេបសាយនោះ។  មេរោគនេះបានរីករាលដាលលឿន ដោយសារ វាស្ថិតនៅក្នុងកម្មវិធីស្របច្បាប់មួយរបស់ក្រុមហ៊ុន Rafotech  និងតាមរយៈការតម្លើងកម្មវិធីខុសច្បាប់មួយចំនួនផងដែរ។

ក្រុមហ៊ុន Microsoft បានតាមដានមេរោគ Fireball តាំងពីឆ្នាំ ២០១៥ ហើយក៏បានសម្អាតការឆ្លងមេរោគនេះប្រហែលជា ៤០លានដងដែរ ប៉ុន្តែមេរោគនេះនៅតែមានឥទ្ធិពលដើម្បីបង្កើតផលប៉ះពាល់នៅឡើយ។

ក្រុមអ្នកបង្កើតមេរោគនេះត្រូវបានរកឃើញ ដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងប្រទេសចិន។  បន្ទាប់ពីអានការស្រាវជ្រាវនៅក្រៅប្រទេសលើមេរោគ Fireball រួចហើយ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិនមួយក្រុមនោះ អាចវិភាគ និងរកភស្តុតាងថាកម្មវិធីដែលឥតគិតថ្លៃរបស់ក្រុមហ៊ុន Rafotech មានផ្ទុកអក្សរកូដដែលដូចទៅនឹងអក្សរកូដដែលបានរកឃើញនៅក្នុង Fireball ដែរ។

បុគ្គលិកចំនួនប្រាំបួននាក់របស់ក្រុមហ៊ុន Rafotech ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទបំផ្លិចបំផ្លាញប្រព័ន្ធកុំព្យូទ័រ  ហើយប៉ូលិសនៅក្នុងស្រុក Haiidian  បានប្រាប់ថាមនុស្សទាំង ៩ នាក់នោះ មានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន  និងជាបុគ្គលិកដ៏សំខាន់របស់ក្រុមហ៊ុន Rafotech ទៀតផង៕

កម្រិតនៃកន្លែងដែលមានប៉ះពាល់ដោយដោយសារមេរោគ Fireball (ពណ៌ផ្កាឈូកកាន់តែដិត កន្លែងនោះមានផលប៉ះពាល់កាន់តែខ្លាំង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]