ដូចដែលយើងដឹងស្រាប់រួចមកហើយថា ម្ហូបរបស់ជនជាតិខ្មែរយើង មានប្រភេទខុសៗគ្នាច្រើនណាស់ ទៅតាមតំបន់ ភូមិ ស្រុក ខេត្ត ក្រុង នីមួយៗ មិនថាតែសម្ល ឆា ចៀន ញាំ ឬភ្លា នោះទេ។

ទន្ទឹមនឹងនោះដែរ សូម្បីតែប្រភេទភ្លា ក៏មានចែកចេញជាច្រើនមុខណាស់ដែរ ដោយហេតុនេះហើយបានជាថ្ងៃនេះ Khmerload នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកដឹងពីវិធីធ្វើភ្លាចំនួន ៣មុខ ពីអ្នកស្រី “ឡេងស៊ីម” ដែលជាស្រ្តីមេផ្ទះវ័យចំណាស់វិញម្តង។  

រូបភាព អ្នកស្រីឡេងស៊ីម

មិនត្រឹមតែអាចផ្លាស់ប្តូររសជាតិអាហារបានម្តងម្កាលប៉ុណ្ណោះទេ មុខម្ហូបភ្លានេះ គឺមានរសជាតិឆ្ងាញ់ជាប់មាត់ណាស់។ ដើម្បីកុំឲ្យរង់ចាំយូរ តោះទៅតាមដានសេចក្តីលម្អិត ទាក់ទងនឹងគ្រឿងផ្សំ និងរបៀបធ្វើពីអ្នកស្រី ទាំងអស់គ្នា ដូចខាងក្រោមនេះ!

១. ភ្លាបង្គាកោះកុង

# គ្រឿងផ្សំ

បង្គា ៣ខាំ ទឹកកកម៉ដ្ឋ ១កែវ ស្ពៃក្តោប ១ជ្រុង ម្ទេសប្រហែល ៣គ្រាប់ ទឹកត្រី ២ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ និងស្ករស ២ស្លាបព្រាបាយ។

# របៀបធ្វើ

ដំបូងបំផុត យកបង្គាមកបកសំបកទុកតែខ្លួន (ក្បាលមិនត្រូវការទេ) ព្រមទាំងយកស្ពៃក្តោបឈូសស្តើងៗ ម្ទេស និងខ្ទឹមស បុកចូលគ្នា។ បន្ទាប់មក យកបង្គារៀបដាក់ចាន ហើយយកទឹកកកចាក់ពីលើឲ្យត្រជាក់ (ឬអាចក្លាសេក្នុងទូរទឹកកកក៏បាន) រួចលាយ ទឹកត្រី ស្ករ ទឹកក្រូចឆ្មារ ម្ទេស ខ្ទឹមស ច្របល់ចូលគ្នា សឹមយកមកស្រោចពីលើបង្គាក៏បាន ចង់ជ្រលក់ផ្សេងក៏បាន រួមទាំងអាចផ្ទាប់ជាមួយស្ពៃក្តោប ឬបន្លែ តាមចំណូលចិត្ត។ 

ភ្លាបង្គាកោះកុង ដែលអាចទទួលទានដោយស្រោចទឹកជ្រលក់ពីលើ ឬជ្រលក់ផ្សេងក៏បាន
រូបភ្លា បង្គាកោះកុង

២. ភ្លាអណ្តាតជ្រូក

# គ្រឿងផ្សំ

អណ្តាតជ្រូកធំល្មមចំនួន២ ខ្ទឹមបារាំងពុះជាចំណិតធំៗបន្តិច១ ជីអង្កាម ឬជីពងទាកូន ក៏បាន។

# គ្រឿងផ្សំធ្វើទឹកជ្រលក់

ទឹកត្រីឆ្ងាញ់ ៣ស្លាបព្រាបាយ ស្ករ ២ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ ខ្ទឹមសចិញ្រ្ចាំម៉ដ្ឋ ២កំពឹស និងម្ទេសខ្មាំង ១គ្រាប់។

# របៀបធ្វើ

ដំបូង យកអណ្តាតជ្រូកលាងឱ្យស្អាត ហើយស្រុះទឹកក្តៅលាយទឹកខ្មេះប្រមាណ ២ នាទីសឹមស្រង់ចេញមកកោសស្រទាប់អន្ធិលៗលើអណ្តាតនោះឲ្យស្អាត រួចដាក់ចូលឆ្នាំងស្ងោរ ២០ នាទី តែកុំភ្លេចរោយអំបិលឆ្នាំងនោះបន្តិចផង។ ពេលឆ្អិន ស្រង់វាឡើងដាក់ត្រាំក្នុងទឹកត្រជាក់ដើម្បីឲ្យស្រួយឆ្ងាញ់ សឹមហាន់ជាចំណិត តូចឬធំ តាមចូលចិត្ត។ បន្ទាប់មកទៀត ដាក់អណ្តាតហាន់រួចចូលលាយជាមួយជី និងខ្ទឹមបារាំង រួចស្រូបទឹកជ្រលក់ខាងលើ ភ្លក់ឲ្យល្មមមាត់ និងអាចថែមអំបិល ក្រូចឆ្មារ ម្ទេស ឬ ស្ករ ទៅតាមការចូលចិត្តរបស់អ្នក។ 

រូបភាព ភ្លាអណ្តាតជ្រូក

៣. ភ្លាសាច់គោឆៅ

# គ្រឿងផ្សំ

សាច់គោ ខ្ទឹមបារាំង ម្ទេស(ខ្មាំង) ម្ទេសប្លោក គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ជីអង្កាម ក្រូចឆ្មារ ទឹកត្រី និងអំបិល។

# របៀបធ្វើ

ដំបូង យកសាច់គោហាន់ជាបន្ទះស្តើងៗ រួចប្រឡាក់អំបិលបន្តិច ដាក់ចានទុក រួចយកក្រូចឆ្មារមកចិត ច្របាច់យកទឹក ចាក់ច្របល់ជាមួយសាច់គោ (លៃមើលតាមបរិមាណសាច់គោ និងយោងតាមចំណូលចិត្ត)។ បន្ទាប់មក យកម្ទេស(ខ្មាំង) និងម្ទេសប្លោក ហាន់បញ្ឆិតស្តើងៗ រីឯស្លឹកគ្រៃ ខ្ទឹមបារាំង ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ ដាក់ចានទុក។ បន្ទាប់មកទៀត គ្រាន់តែយកសាច់គោលាយរួច មកលាយច្របល់ជាមួយគ្រឿងខាងលើ រួចចាក់ទឹកត្រីចូល ព្រមទាំងភ្លក់ឲ្យដឹងជូរ ប្រៃ តាមចូលចិត្ត ហើយរោយជីអង្កាមពីលើជាការស្រេច។ 

រូបភាព ភ្លាសាច់គោ

ជាចុងក្រោយ អ្នកស្រី ឡេងស៊ីម សង្ឃឹមថារូបមន្ត និងរបៀបធ្វើប្រភេទភ្លាទាំង ៣ មុខដែលគាត់បានរៀបរាប់ខាងលើនេះ នឹងធ្វើឲ្យប្រិយមិត្តទាំងអស់ ជាពិសេស មិត្តនារីៗយើង ទទួលបានចំណេះដឹងបទពិសោធន៍ថ្មីបន្ថែមផងដែរ។

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះមុខម្ហូបភ្លាទាំងនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]