** ប្រលោមលោកខ្មែរឡូត **

ភ្លៀង !!! មិនថាតែខ្ញុំទេមនុស្សភាគច្រើនប្រាកដជាមានអនុស្សាវរីយ៍ជាច្រើនជាមួយភ្លៀង។ ភ្លៀងបានផ្តល់អនុស្សាវរីយ៍ជាច្រើនដល់រូបខ្ញុំ មិនថាតែភាពសប្បាយរីករាយ ទុក្ខសោក ជូរចត់ ស្នាមញញឹម និងទឹកភ្នែក ប៉ុន្តែខ្ញុំនៅតែចូលចិត្តភ្លៀង ទោះជាវាផ្តល់អតីតកាលមិនសូវល្អប៉ុន្មានក៏ដោយ។ ខែនេះដល់ខែភ្លៀងធ្លាក់ជោគជាំទៀតហើយ ហើយវាក៏បានធ្វើឱ្យខ្ញុំ នឹកឃើញរឿងចាស់ៗជាច្រើនដែលកន្លងហួសផុតទៅ។ ដូចពាក្យចាស់បានពោលថារឿងល្អ មិនសូវចងចាំយូរ តែរឿងមិនល្អធ្វើឱ្យនឹកគិតច្រើន យប់យន់សុបិនយូរ។ ព្រោះតែមានរឿងអតីតកាលមិនសូវជាគួរឱ្យចងចាំ បានជាពេលភ្លៀងម្តងៗ ខ្ញុំតែងតែរករឿងរីករាយណាមួយសម្រាប់លួងចិត្តខ្លួនឯង។

អតីតកាលមិនល្អអ្នកណាក៏ចង់បំភ្លេចដែរ តែឱ្យតែពេលមានភ្លៀងធ្លាក់មកម្តងៗប្រៀបដូចជាអង្រួនហៅភាពឈឺចាប់ត្រលប់មកវិញអ៊ីចឹង។ ស្នេហាក្នុងភាពឈឺចាប់ ស្នេហាដែលប្រៀបបីដូចជាសុបិនអាក្រក់វាបានធ្វើឱ្យជីវិតស្នេហារបស់ខ្ញុំជួបប្រទះនឹងភាពខកបំណង ហើយរាងចាលស្ទើរតែមួយជីវិត។ ពេលភ្លៀងម្តងៗបើសិនជាអាចខ្ញុំមិនចង់ជ្រកភ្លៀង ខ្ញុំមិនចង់ពាក់អាវភ្លៀង ខ្ញុំគ្រាន់តែចង់ឈរកណ្តាលភ្លៀងធ្លាក់ដើម្បីឱ្យវាលាងជម្រះភាពឈឺចាប់ទាំងអស់ចេញពីក្នុងបេះដូងរបស់ខ្ញុំ។ ស្នាមស្នេហា៣ឆ្នាំនៅមិនរលុប ការឈឺចាប់ដែលគ្មានពាក្យគណនានៅតែរំខានជីវិតរបស់ខ្ញុំរហូតដល់ខ្ញុំខ្លាចរអានឹងស្នេហាថ្មី។ ភាពឈឺចាប់ឃុំខ្ញុំទុកនៅក្នុងគុកដែលគ្មានជញ្ជាំង នោះគឺគុកនៃដួងចិត្តខ្លួនឯង។

ថ្ងៃនេះ៣ឆ្នាំមុនវាមិនខុសពីពេលនេះទេ ចាំថាពេលនោះភ្លៀងនៅតែបន្តធ្លាក់រលឹមតិចៗនៅពេលដែលគាត់មកទទួលខ្ញុំ។ ទឹកភ្នែកហូររឹមៗ ប្រជែងនឹងដំណក់ទឹកភ្លៀងស្របពេលដែលពួកយើងនៅក្នុងឡានជាមួយគ្នា។ ស្នេហារបស់ខ្ញុំស្រាប់តែដើរដល់ផ្លូវមួយដែលខ្ញុំស្មានមិនដល់។ មិននឹកស្មានថាអ្វីៗគ្រប់យ៉ាងជាការកុហក មិននឹកស្មានថាខ្ញុំត្រូវបានគេក្បត់ក្រោយខ្នងយ៉ាងសាហាវបែបនេះសោះ។ ថ្ងៃចុងក្រោយខ្ញុំ គ្រាន់តែចង់នៅជាមួយមនុស្សដែលលខ្លួនស្រលាញ់ឱ្យបានយូរនិងមានសេចក្តីសុខ តែបែរជាមានរឿងដែលធ្វើឱ្យខ្ញុំឈឺបែបនេះសោះ។

« បងសុំទោស » គាត់ចាប់ដៃខ្ញុំថ្នមៗលួងលោម ខ្ញុំគៀសដៃគាត់ចេញនិយាយទាំងទឹកភ្នែក

« យកដៃកខ្វក់របស់បងចេញ កុំប៉ះអូន អូនខ្ពើមដៃរបស់បងខ្លាំងណាស់។ ដៃដែលធ្លាប់ឱបអូន ដៃដែលប៉ះអូន ដៃដែលជាកម្មសិទ្ធរបស់អូនតែម្នាក់ ទីបំផុតហេតុអ្វីបងធ្វើបែបនេះដាក់អូន ? ឆ្លើយមក ហេតុអ្វី? »

« បងសុំទោស បងខុស បងគ្មានពាក្យអ្វីនិយាយទៀតទេ »

ខ្ញុំបើកទ្វារឡានដើរចេញកាត់ភ្លៀងទាំងស្រែកយំ។ ខ្ញុំមិនខ្វល់ដំណក់ទឹកភ្លៀង ខ្ញុំមិនខ្មាសអ្នកដែលតាមមើល ខ្ញុំមិនខ្វល់ពីអ្វីៗទាំងអស់ពេលនេះខ្ញុំគ្រាន់តែចង់រត់ទៅឱ្យ ឆ្ងាយតាមដែលអាចធ្វើបាន។ មនុស្សដែលយើងខំស្មោះស្ម័គ្របែរជាលួចក្បត់ក្រោយខ្នងយ៉ាងសាហាវជាទីបំផុត។ ទីបញ្ចប់របស់ស្នេហារបស់ខ្ញុំក៏ត្រូវបែកខ្ចាយដូចដំណក់ទឹកភ្លៀង។ 

រឿងរ៉ាវកន្លងផុតទៅប៉ុន្មានឆ្នាំ តែការឈឺចាប់នៅតែមាន បេះដូងនៅតែខ្ទេចខ្ទាំ រឿងរ៉ាវអតីតកាលនៅតែតាមលងបន្លាចគ្មានថ្ងៃណាស្បើយ។ ការពិតខ្ញុំបានព្យាយាមរកអ្នកថ្មីជាច្រើនដងមកជំនួសស្នាមស្នេហ៍អតីតមួយនោះដែរ តែស្រមោលការឈឺចាប់នៅតែមាន ក្តីស្រលាញ់ពីមុននៅមិនរលុប។ ខ្ញុំដឹងថាវាជារឿងដែលធ្វើឱ្យឈឺចាប់ប្រៀបបីដូចជាធ្វើបាបខ្លួនឯង ប៉ុន្តែខ្ញុំមិនដឹងថាត្រូវដោះស្រាយបែបណា។ អ្នកដែលបានចាកចេញទៅហើយ គេកំពុងតែមានសេចក្តីសុខនឹងជីវិតគ្រួសាររបស់គេ ហេតុអ្វីមនុស្សដែលត្រូវទទួលការឈឺចាប់ដូចជារូបខ្ញុំមិនអាចរកសេចក្តីសុខរបស់ខ្លួនឯងឃើញដែរ? លើលោកនេះអយុត្តិធម៌ខ្លាំងណាស់ ឬក៏មកពីខ្ញុំមិនព្យាយាមរកសេចក្តីសុខសម្រាប់ខ្លួនឯង? ការពិតអ្វីៗមកពីខ្ញុំនៅតែលិចលង់ក្នងរឿងអតីតកាលមិនព្រមបំភ្លេច។ ប៉ុន្តែ......មនុស្សយើងក៏មិនមែនចេះតែលិចលង់គ្មានទីបញ្ចប់ដែរ។ មនុស្សត្រូវតែមានការផ្លាស់ប្តូរទើបជីវិតមានរស្មី។ 

ភ្នែកសម្លឹងមើលដំណក់ភ្លៀងរួចញញឹមពេលក្រឡេកឃើញរូបរាងបុរសស្រស់សង្ហា ខ្ពស់ស្រលះដែលកំពុងតែទទូរឆ័ត្រមករកខ្ញុំ។ គេជាស្នាមញញឹមរបស់ខ្ញុំ គេជាមនុស្សពិសេសដែលចូលមកក្នុងជីវិតរបស់ខ្ញុំ និងកែប្រែការគិតរបស់ខ្ញុំ។ គេបានយកស្នាមញញឹមជូនខ្ញុំ និងផ្តល់ភាពរីករាយដែលគ្មានពាក្យគណនា។ ពាក្យមួយម៉ាត់ដែលធ្វើឱ្យខ្ញុំរំភើបរហូតដល់ស្រក់ទឹកភ្នែកនោះគឺ

« មិនថាអតីតកាលអូនយ៉ាងណា មិនថាអូនមានរឿងអ្វី បងមិនខ្វល់ សំខាន់ពេលនេះនិងថ្ងៃអនាគតបងចង់ក្លាយជាឆ័ត្ររបស់អូនអស់មួយជីវិត​ »

បែបនេះហើយគេក្លាយជាចំណែកមួយនៅក្នុងជីវិតដែលខ្ទេចខ្ទាំរបស់ខ្ញុំ។ គេតែងតែនៅក្បែរផ្តល់កម្លាំងចិត្ត និងតែងតែកំដរខ្ញុំគ្រប់ពេល ជាពិសេសពេលដែលមានភ្លៀងធ្លាក់។ គេដឹងថាចិត្តរបស់ខ្ញុំនឹងទន់ខ្សោយបំផុតពេលដែលមានភ្លៀងធ្លាក់។ ប៉ុន្តែពេលនេះគ្មានទៀតទេ  ព្រោះខ្ញុំដឹងថាពេលដែលមានភ្លៀងធ្លាក់គេនឹងនៅក្បែរខ្ញុំ មិនទុកខ្ញុំចោល មិនបណ្តោយឱ្យខ្ញុំនៅឈរហាលភ្លៀងម្នាក់ឯង។ ឃើញទេប្រាប់ហើយ​ថាឱ្យតែមានភ្លៀងធ្លាក់មិនមែនមានតែរឿងអាក្រក់តែម្យ៉ាងទេ។ ទោះជាភ្លៀងកាលពីមុនធ្វើឱ្យខ្ញុំឈឺចាប់ តែភ្លៀងនៅពេលនេះនឹងទៅថ្ងៃមុខខ្ញុំមានឆ័ត្រដ៏ល្អ និងជាទីស្រលាញ់មួយនៅក្នុងដៃ។​ ពេលនេះខ្ញុំលែងខ្លាចអ្វីទាំងអស់​ ព្រោះមនុស្សប្រុសដែលកំពុងតែកាន់ដៃរបស់ខ្ញុំនៅពេលនេះគេនឹងនៅក្បែរថែរក្សាខ្ញុំអស់់មួយជីវិត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]