បរទេស៖  មនុស្សភាគច្រើនតែងតែមានការព្រួយបារម្ភអំពីការឆ្លងមេរោគចូលទៅក្នុងកុំព្យូទ័ររបស់ពួកគេ ដូច្នេះហើយទើបពួកគេតម្លើងកម្មវិធីកម្ចាត់មេរោគ។ អ្នកខ្លះវិញមានការភ័យខ្លាចរហូតដល់តម្លើងកម្មវិធីកម្ចាត់មេរោគដល់ទៅពីរ ឬក៏បីទៀតផង។ ដូច្នេះហើយទើបសំនួរដែលអ្នកប្រើប្រាស់កុំព្យូទ័រ តែងតែសួរជាញឹកញាប់នោះគឺ តើពួកគេគួរតម្លើងកម្មវិធីកម្ចាត់មេរោគ លើសពីមួយដែរទេ ដើម្បីការពារកុំព្យូទ័រពីមេរោគ?

ចម្លើយដែលត្រឹមត្រូវនោះគឺ អ្នកគួរតម្លើងកម្មវិធីកម្ចាត់មេរោគនៅលើកុំព្យូទ័រមួយបានហើយ។ មូលហេតុដែលអ្នកមិនត្រូវតម្លើងកម្មវិធីការពារមេរោគច្រើនលើសពីមួយព្រោះថាវាអាចបណ្ដាលឲ្យកុំព្យូទ័ររបស់អ្នក ដើរយឺតជាងមុនដោយសារ កម្មវិធីកម្ចាត់មេរោគទាំងនោះ។ ម្យ៉ាងទៀតកុំព្យទ័ររបស់អ្នក អាចនឹងដើរយឺតជាងមុនព្រោះ កម្មវិធីទាំងនោះអាចទាញល្បឿនកុំព្យូទ័រ ដើម្បីដំណើរការខ្លួនវា។

ក្រុមហ៊ុន Microsoft បានឲ្យដឹងថា អ្នកមិនគួរប្រើកម្មវិធីកម្ចាត់មេរោគផ្សេងៗរួមជាមួយនឹងកម្មវិធី Windows Defender ដែលជាកម្មវិធីកម្ចាត់មេរោគមានស្រាប់នៅលើកុំព្យូទ័រទេ។ ដូច្នេះអ្នកគួរបិទកម្មវិធីកម្ចាត់មេរោគដែលកំពុងមានដំណើរការស្រាប់នៅលើកុំព្យូទ័រមុនពេលតម្លើងកម្មវិធីកម្ចាត់មេរោគថ្មី។ ឯក្រុមហ៊ុនដែលផលិតកម្មវិធីកម្ចាត់មេរោគល្បីៗដូចជា Kaspersky និង Bitdefender ក៏បានព្រមានដល់ការប្រើប្រាស់កម្មវិធីការពារមេរោគច្រើនលើសពីមួយផងដែរ។

ដូច្នេះអ្នកមិនគួរប្រើប្រាស់កម្មវិធីកម្ចាត់មេរោគលើសពីមួយទេ ព្រោះអាចនឹងមានផលប៉ះពាល់ទៅលើដំណើរការកុំព្យូទ័ររបស់អ្នក។ អ្នកអាចធ្វើឲ្យកុំព្យូទ័រមានសុវត្ថិភាពខ្ពស់ជាងមុនបានដែរ ដោយគ្រាន់តែបង្កើនការប្រុងប្រយ័ត្ននៅពេលទាញយកទិន្នន័យអ្វីមួយ ពីអ៊ីនធឺណិត និងនៅពេលដែលអ្នកទាញយកទិន្នន័យពី Flash Drive។  អ្នកគួរលុបចោលកម្មវិធីកម្ចាត់មេរោគខ្លះចេញ បើសិនកុំព្យូទ័ររបស់អ្នកមានកម្មវិធីនេះលើសពី១។

ខាងក្រោមនេះគឺជាវិធីដើម្បីចូលទៅមើលថា តើកុំព្យូទ័រអ្នកមានកម្មវិធីកម្ចាត់មេរោគចំនួនប៉ុន្មាន៖

១. ចូលទៅកាន់ Menu

២. វាយពាក្យ Control Panel

៣. ចុចទៅលើពាក្យ System and Security

៤. ចុចលើពាក្យ Security

៥. បន្ទាប់មកអ្នកឃើញថាមានកម្មវិធីកម្ចាត់មេរោគចំនួនប៉ុន្មាន កំពុងតែមានដំណើរការហើយ។

អ្នកនឹងឃើញផ្ទាំងបែបនេះនៅពេលដែលចុចទៅលើពាក្យ Security ហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]