** ប្រលោមលោកខ្មែរឡូត **

គ្រួសារនៅក្នុងការចងចាំរបស់ខ្ញុំមិនសូវជាមានរឿងល្អប៉ុន្មានទេ តែខ្ញុំក៏មិនចង់រម្លឹកពីរឿងដែលមិនសប្បាយចិត្តដែរ។ ខ្ញុំមានតែយកការឈឺចាប់និងការលំបាកពីមុនរបស់ខ្ញុំមកសា ជីវិតថ្មី និងផ្តល់ក្តីស្រលាញ់ឱ្យគ្រួសាររបស់ខ្ញុំនៅពេលនេះ។ ខ្ញុំដឹងថាខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយដើម្បីគ្រួសារមួយនេះ ទោះការងាររវល់និងការរកប្រាក់សំខាន់យ៉ាងណា ខ្ញុំតែងតែឆ្លៀតពេលវេលារបស់ខ្លួនឯងដើម្បីគ្រួសារដែរ។

មិនខុសពីសព្វមួយដង ថ្ងៃនេះខ្ញុំបានណាត់គ្នាជាមួយគ្រួសាររបស់ខ្ញុំ ឱ្យកូនៗនិងប្រពន្ធកក់តុភោជនីយដ្ឋានទុក និងចាំខ្ញុំចេញពីធ្វើការអាលទៅញ៉ាំជុំគ្នា។ ពេលដែលខ្ញុំមកដល់ភោជនីយដ្ឋាន ស្រាប់តែប្រពន្ធរបស់ខ្ញុំបានខលមកប្រាប់ថា នាងនិងកូនមានការទៅក្រៅមិនបានមកញ៉ាំបាយជាមួយគ្នាទេ តែនាងនិយាយពាក្យមួយឃ្លាទៀតធ្វើឱ្យខ្ញុំស្រឡាំងកាំងយ៉ាងខ្លាំង

« តែអូនបានណាត់មនុស្សពិសេសម្នាក់ឱ្យបងហើយ គាត់ប្រហែលជាជិតទៅដល់ហើយណា អូ!ទទួលគាត់ឱ្យបានសមរម្យផងណា អូនដឹងថាបងប្រាកដជាភ្ញាក់ផ្អើល » បន្ទាប់ពីដាក់ទូរស័ព្ទចុះ ស្រាប់តែលេចរូបបុរសម្នាក់ដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បុរសដែលខ្ញុំខានជួបជិត៣០ឆ្នាំហើយ ទោះវ័យកាន់តែចាស់ មុខកាន់តែជ្រីវជ្រួញ តែខ្ញុំនៅតែចំណាំមុខគាត់បានច្បាស់ណាស់។ បុរសម្នាក់ដែលធ្លាប់ទុកម៉ាក់ចោល បុរសម្នាក់ដែលចាកចេញពីផ្ទះតាំងពីខ្ញុំមិនទាន់កើត ហើយទុកការលំបាក និងការរ៉ាប់រងទាំងអស់លើមនុស្សស្រីទន់ខ្សោយម្នាក់ដែលមានឈ្មោះថាម៉ែ។ គឺជាបុរសម្នាក់នេះដែលនៅចំពីមុខខ្ញុំមានឈ្មោះ ថាឪពុក តែមិនដែលបានបំពេញតួនាទី ដូចជាឈ្មោះរបស់ខ្លួនឡើយ។

ចាំថាកាលពីតូចយូរៗម្តងទើបគាត់មកលេងពួកយើង។ គាត់បានក្លាយទៅជាមនុស្សប្លែកមុខសម្រាប់ខ្ញុំ។ ពុកជាសាច់ញាតិដែលខ្ញុំបានជួបតិចជាងគេបំផុតនៅក្នុងជីវិត។ អ្វីដែលពុកបានធ្វើចំពោះពីរនាក់ម៉ែកូនយើងបានធ្វើឱ្យខ្ញុំមិនពេញចិត្តជាខ្លាំង រហូតដល់ចិញ្ចឹមចិត្តស្អប់ឪពុកខ្លួនឯងថែមទៀតផង។ តែម៉ែនៅតែប្រដៅឱ្យខ្ញុំចេះគោរពស្រលាញ់ឪពុករបស់ខ្លួន។ ម៉ែជាមនុស្សបែបហ្នឹងហើយ មានរឿងអីក៏មិនចេះមាត់ក មិនចេះត្អូញត្អែ មិនចេះរអ៊ូរទាំ ទោះមានរឿងពិបាកយ៉ាងណាក៏ដោយ ម៉ែជាមនុស្សស្ងៀមស្ងាត់ តែខ្ញុំដឹងថាក្នុងជម្រៅចិត្តម៉ែ ខ្ញុំគឺជាកែវភ្នែក ហើយមនុស្សដែលម៉ែស្រលាញ់និងស្មោះស្ម័គ្រអស់មួយជីវិតគឺបុរសអត្មានិយម ដែលមានឈ្មោះថាប្តីនិងពុកដែលបោះបង់ចោលតួនាទីគ្រួសារមួយនេះចោល។

ពីតូចមានរឿងជាច្រើនដែលខ្ញុំបានឆ្លងកាត់ វាជាភាពជូរចត់ដែលខ្ញុំមិនអាចបំភ្លេចបាន។ ម៉ែជាមនុស្សស្រីរឹងមាំ ម៉ែពូកែ ម៉ែប្រឹងណាស់ដើម្បីកូន។ ខ្ញុំពិតជាអាណិតម៉ែណាស់ដែលខំស៊ូទ្រាំធ្វើជាឪពុកផងម្តាយផងដើម្បីកូនម្នាក់នេះ។ តាំងពីតូចដល់ធំខ្ញុំស្គាល់តែម៉ែម្នាក់ប៉ុណ្ណោះដែលចិញ្ចឹមបីបាច់ផ្តល់ការស្រលាញ់ចំពោះខ្ញុំ តែមិនដែលឃើញមានវត្តមានបុរសម្នាក់ដែលផ្តល់កំណើតមកមើលថែខ្ញុំសូម្បីតែម្តង។ ខ្ញុំត្រូវបានមិត្តភក្តិនៅសាលាមើលងាយ ឌឺដងថាជាកូនអត់មានឪ ។ ទំហំនៃការឈឺចាប់នៅពេលនោះពិតជាធំធេងខ្លាំងណាស់សម្រាប់ក្មេងប្រុស អាយុជាង ១០ ដូចជាខ្ញុំ។ ភាពកម្សត់ឯការរបស់ពីរនាក់ម៉ែកូនយើងបានឆ្លងកាត់ជាមួយគ្នា យ៉ាងច្រើនរហូតដល់ខ្ញុំធំពេញរូបរាងឡើងមានការសិក្សានិងការងារល្អ តែម៉ែមិនសំណាងបានឃើញពីភាពជោគជ័យរបស់ខ្ញុំឡើយ។ ដោយសារការធ្វើការហួសកម្លាំងតាំងពីក្មេងរហូតដល់ ចាស់ និងការទ្រាំទ្រនឹងជំងឺច្រើនឆ្នាំម៉ែបានទៅចោលខ្ញុំ ពេលដែលខ្ញុំទើបតែរៀបការបានមួយឆ្នាំ។ ម៉ែមិនទាន់បានសោយសុខ ម៉ែមិនទាន់បានសប្បាយអស់ចិត្ត ម៉ែមិនទាន់បានទទួកការសងគុណពីកូនប្រុសម្នាក់នេះផង ម៉ែក៏ដាច់ចិត្តទៅបាត់ទៅហើយ។ ពេលដែលម៉ែស្លាប់ខ្ញុំពិតជាខូចចិត្តខ្លាំងមែនទែន ពេលនោះបានលេចមុខបុរសម្នាក់នោះមកគោរពវិញ្ញាណក្ខ័ន្ធម៉ែ បានមួយភ្លែតដែរក៏ត្រលប់ទៅវិញ។ តែខ្ញុំមិនខ្វល់ទេព្រោះនៅក្នុងចិត្តរបស់ខ្ញុំ គាត់គ្មានចំណែកក្នុងគ្រួសារនេះសូម្បីតែបន្តិចស្រាប់ទៅហើយ។ ដោយសារតែបែបនេះហើយខ្ញុំនឹងគាត់មិនដែលទាក់ទងគ្នាឡើយ ទោះដឹងពីអស័យដ្ឋាននិងកន្លងរស់នៅរៀងៗខ្លួនក៏ដោយ។

ដូច្នេះហើយវត្តមានរបស់គាត់នៅពេលនេះបានធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ថែមទាំងមានចម្ងល់លាយនឹងការមិនពេញចិត្តផងដែរ។

« មកទីនេះធ្វើអី? »

« ប្រពន្ធឯងខលមកប្រាប់ពុកថា កូនអញ្ជើញពុកញ៉ាំាបាយ បានជាពុកមក ចុះឯណាប្រពន្ធឯង និងចៅរបស់ពុក ?»

« គឺ...ពួកគេរវល់បាត់ទៅហើយ»

«អូ....»

« ពិសាចុះចឹង រឿងថ្លៃអាហារទាំងអសខ្ញុំនឹងចាត់ការ » ខ្ញុំស្ទុះក្រោកទាំងធុញទ្រាន់ដក ដង្ហើមធំ។ ប៉ាក៏និយាយឃាត់ទាំងមុខស្រពោន

« ចឹង កូនមិនញ៉ាំអីសិនខ្លះទេ???

«អត់ទេខ្ញុំត្រូវប្រញាប់់់់់់់់ទៅធ្វើការរកលុយ »

ខ្ញុំក៏ងើបចេញពិកៅអីដើរចេញពីហាង។

« សុំទោស....»

« សុំទោស? រឿងអី? »

« សុំទោស...គ្រប់យ៉ាងដែលកន្លង»

« ជ្រុលជាបានធ្វើហើយ កុំស្តាយក្រោយអី ខ្ញុំទៅហើយ »

បេះដូងខ្ញុំលោតខ្លាំងៗស្របតាមជំហានដែលដើរចេញពីឪពុករបស់ខ្លួន។ ការពិតទៅបេះដូងជាកូន ទោះក្នុងចិត្តប្រាប់ខ្លួនឯងថាស្អប់ឪពុករាប់រយដងយ៉ាងណាក៏ដោយ តែមនោសញ្ចេតនានៅតែមាន ឈាមនៅក្នុងខ្លួននៅតែហូរ។ អ្វីៗយើងអាចថាកាត់ផ្តាច់បានតែសាច់ឈាមបង្កើតឯងកាត់យ៉ាងណាក៏កាត់មិនដាច់ដែរ។ អារម្មណ៍ដែលត្រូវការឪពុកមកស្រលាញ់មកថ្នាក់ថ្នម នៅតែមានទោះជាមានវ័យដល់ពេលនេះក្លាយជាឪពុកគេក៏ដោយ។ ក្នុងចិត្តរបស់ខ្ញុំស្រាប់តែមានចិត្តចង់បកទៅរកឪពុករបស់ខ្ញុំវិញ ព្រោះខ្ញុំដឹងថាការពិតខ្ញុំនៅតែស្រលាញ់ឪពុក។ ពេលខ្ញុំត្រលប់ទៅវិញទឹកភ្នែកខ្ញុំស្រាប់តែស្រក់ហូរពេលដែលឃើញឪពុករបស់ខ្ញុំកាន់រូបថតចាស់មួយសន្លឹកដែលមានរូបពីរនាក់ប្តីប្រពន្ធពរកូនប្រុសតូចម្នាក់ដែលទើបនឹងកើត។ ពុករលីងរលោងទឹកភ្នែកនិយាយតិចៗម្នាក់ឯង

« បងសុំទោសអូនសម្លាញ់ ពុកសុំទោសកូន»

ស្រាប់តែខ្ញុំរត់ទៅឱបឪពុកពីក្រោយរួចយំ

« ពុក.... »

ឪពុករបស់ខ្ញុំភ្ញាក់ព្រើត រួចស្រវាឱបខ្ញុំជាប់

« សុំទោស សុំទោស...ការពិត..... »

« មិនបាច់និយាយអីទាំងអស់ ខ្ញុំភ្លេចអស់ហើយ តោះយើងញ៉ាំបាយជុំគ្នាឱ្យសប្បាយចិត្តម្តង»

ប៉ាងក់ក្បាលទាំងញញឹម។ ឪពុកកូនយើងក៏ញ៉ាំបាយជុំគ្នាទាំងមុខញញឹម ហើយនិយាយគ្នានូវរឿងក្នុងចិត្តជាច្រើនដែលមិនធ្លាប់បាននិយាយ។ ត្រូវអរគុណប្រពន្ធរបស់ខ្ញុំដែលតែងតែនៅពីក្រោយខ្នងខ្ញុំជួយជំរុញ និងបង្កើតការណាត់ជួបដ៏សំខាន់មួយនេះ បើគ្មានថ្ងៃនេះឪពុកកូនយើងប្រាកដជានៅតែស្អប់គ្នាបែបនេះអស់មួយជីវិត។ ពេលខ្ញុំបណ្តើរឪពុកចេញពីក្នុងហាង ខ្ញុំឃើញកូនប្រុសនិងប្រពន្ធខ្ញុំបក់ដៃរកខ្ញុំទាំងមុខញញឹម។ ពួកយើងក៏បន្តដំណើរដើរលេងជុំគ្នាបន្តទាំងមានសេចក្តីសុខ។ ខ្ញុំថាបើម៉ាក់បានឃើញពួកយើងពេលនេះម៉ាក់ក៏មានសេចក្តីសុខនិងសប្បាយចិត្តខ្លាំងណាស់ដែរ។ ពេលវេលាមានតម្លៃណាស់ បើគិតតែយកពេលទៅខឹងទៅស្អប់គ្នា ទៅគុំគួនគ្នា ការឈឺចាប់នឹងក្លាយជាដុំថ្មសង្កត់ចិត្តយើងអស់មួយជីវិត។ ខ្ញុំអាចថាជាមនុស្សមានសំណាងជាងគេ ទោះកាលពិមុនមានរឿងរ៉ាវជាច្រើនកើតឡើង តែពេលនេះខ្ញុំមានគ្រួសារដ៏កក់ក្តៅ មានប្រពន្ធល្អកូនឆ្លាត មានឪពុកឱ្យខ្ញុំមើលថែសងគុណជំនួសម្តាយដែលបាត់បង់។ពេលវេលាជាមួយមនុស្សជាទីស្រលាញ់ពិតជាមានន័យខ្លាំងណាស់ក្នុងជីវិតរបស់ខ្ញុំពេលនេះ។ អរគុណគ្រប់យ៉ាង ម៉ែ ពុក ប្រពន្ធនិងកូនជាទីស្រលាញ់ វាជាថ្ងៃណាត់ជួបដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]