បរទេស៖  ក្រុមហ៊ុន Facebook តែងតែរិះរកអ្វីថ្មីៗ និងប្លែកៗសម្រាប់ចែកជូនអ្នកប្រើប្រាស់របស់ខ្លួនជានិច្ច  ដើម្បីកុំឲ្យអ្នកប្រើកម្មវិធីនេះមានភាពធុញទ្រាន់ និងដើម្បីផ្ដល់ជូនបទពិសោធន៍ថ្មីៗដល់ពួកគេផងដែរ។ 

ការផ្សាយផ្ទាល់នៅលើកម្មវិធី Facebook គឺជាលក្ខណៈពិសេសថ្មីមួយដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង។ កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួននឹងបន្ថែមមុខងារពិសេសៗមួយចំនួនទៀត នៅក្នុងការផ្សាយផ្ទាល់់វីដេអូ ក៏ដូចជានៅក្នុងការទស្សនាវីដេអូដែលផ្សាយផ្ទាល់នោះផងដែរ។ 

ក្រុមហ៊ុន Facebook បានបង្ហាញពីកម្មវិធីថ្មីរបស់ខ្លួនដែលមានឈ្មោះថា Live 360 Ready ដែលវាជាកម្មវិធីមួយសម្រាប់ធ្វើការសម្រួលដល់ការផ្សាយវីដេអូលក្ខណៈ ៣៦០ដឺក្រេ។ ចំនែកឯអ្នកទស្សនាក៏អាចបញ្ចេញមតិ និងបង្ហាញប្រតិកម្មនៅពេលដែលវីដេអូកំពុងផ្សាយផ្ទាល់បានផងដែរ។ 

ការផ្សាយផ្ទាល់វីដេអូលក្ខណៈ៣៦០ដឺក្រេនៅលើកម្មវិធី Facebook

ដើម្បីធ្វើការផ្សាយផ្ទាល់វីដេអូលក្ខណៈ ៣៦០ដឺក្រេ អ្នកត្រូវមានកាមេរ៉ាដែលអាចថតវីដេអូលក្ខណៈ ៣៦០ដឺក្រេបានដូចជា កាមេរ៉ា Garmin VIRB 360  កាមេរ៉ា Giroptic iO កាមេរ៉ា Insta360 Nano និងកាមេរ៉ាជាច្រើនម៉ាកទៀត។ 

អ្នកក៏អាចធ្វើការផ្សាយផ្ទាល់វីដេអូលក្ខណៈ៣៦០ដឺក្រេបានដែរ ជាមួយនឹងកម្មវិធី ដូចជាកម្មវិធី Assimilate SCRATCH VR កម្មវិធី Groovy Gecko កម្មវិធី Livescale 360 និងកម្មវិធីមួយចំនួនទៀតផងដែរ។

កាមេរ៉ាដែលអាចថតវីដេអូលក្ខណៈ៣៦០ដឺក្រេ
ការប្រើកម្មវិធីដើម្បីផ្សាយផ្ទាល់វីដេអូលក្ខណៈ៣៦០ដឺក្រេលើ Facebook

ក្នុងពេលនេះក្រុមហ៊ុន Facebook កំពុងព្យាយាមធ្វើការកែលម្អគុណភាពវីដេអូលក្ខណៈ៣៦០ដឺក្រេ ឲ្យមានរូបភាពច្បាស់រហូតដល់កម្រិត 4K ។ អ្នកក៏អាចប្រើឧបករណ៍សម្រាប់ទស្សនាវីដេអូលក្ខណៈ៣៦០ដឺក្រេ ដែលមានឈ្មោះថា Oculus ដើម្បីធ្វើការទស្សនាការផ្សាយផ្ទាល់ និងទស្សនាវីដេអូក្រោយពេលដែលផ្សាយផ្ទាល់ហើយផងដែរ៕

ឧបករណ៍សម្រាប់ទស្សនាវីដេអូ៣៦០ដឺក្រេ Oculus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]