** ប្រលោមលោកខ្មែរឡូត **

ការធ្វើអំពើល្អជារឿងមួយដ៏គួរឱ្យអស់សំណើច សម្រាប់មនុស្សនៅក្នុងសង្គមសព្វថ្ងៃ។ នៅក្នុងសង្គមមនុស្សដែលមានតែមនុស្សពាក់មុខដាក់គ្នា គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មានតែមនុស្សល្ងង់តែប៉ុណ្ណោះដែលប្រឹងធ្វើល្អនោះ។ មនុស្សទាំងអស់សុទ្ធតែអាត្មានិយម យោងតែអត្មាខ្លួនឯង គេនឹងមានពេលវេលាឯណាមកធ្វើល្អចំពោះអ្នកដទៃ ហើយបើសិនជាមានការធ្វើអំពើល្អណាមួយនោះ ប្រាកដជាធ្វើដើម្បីរំពឹងអ្វីមួយហើយ។ ខ្ញុំក៏ធ្លាប់គិតបែបនេះដែរ ព្រោះតែខ្ញុំបានជួបសង្គមដ៏ខ្មៅកខ្វក់ជាច្រើន តែម៉ាក់ប៉ាជាគ្រូបង្រៀនក្នុងជីវិតដ៏ល្អម្នាក់។

តាំងពីកើតមកដឹងក្តីខ្ញុំតែងតែឃើញទង្វើល្អរបស់ម៉ាក់ប៉ា ហើយម៉ាក់តែងតែប្រៀនប្រដៅឱ្យខ្ញុំធ្វើអំពើល្អចំពោះមនុស្សជុំវិញខ្លួន។ ម៉ាក់ប៉ាថាអំពើល្អមិនសាបសូន្យ ម៉ាក់ប៉ាថាធ្វើជាមនុស្សសំខាន់គឺសេចក្តីសុខផ្ទាល់ខ្លួន។ ខ្ញុំតែងតែសួរម៉ាក់ថា ហេតុអ្វីបានជាម៉ាក់ប៉ាធ្វើអំពើល្អ? តើពួកយើងនឹងទទួលអ្វីបានមកវិញ? បើរាល់ថ្ងៃនេះយើងមិនបានទទួលអ្វីសោះពីអំពើល្អរបស់យើង? យើងនៅតែក្រ យើងនៅតែលំបាក យើងនៅតែត្រូវមនុស្សមើលងាយ យើងនៅតែត្រូវមនុស្សអាក្រក់ជាច្រើនធ្វើបាបនិងបោកប្រាស់។

ប៉ុន្តែម៉ាក់បែរជាញញឹមហើយនិយាយថា « នៅក្នុងជីវិតមនុស្សការធ្វើអំពើល្អគឺជាសេចក្តីសុខ ហើយបើធ្វើអំពើល្អព្រោះតែចង់បានផលល្អ គេនឹងមិនហៅថាធ្វើអំពើល្អនោះទេ។ អំពើល្អគឺការធ្វើដោយចិត្តបរិសុទ្ធ ដោយមិនរំពឹងលទ្ធផល ឬចង់បានប្រយោជន៍ណាមួយទេ។ យើងថាយើងធ្វើល្អមិនបានផល យើងថាធ្វើល្អយើងនៅតែក្រ។ ប៉ុន្តែការពិតរាល់ថ្ងៃ យើងមានសេចក្តីសុខដ៏លើសលប់រួចទៅហើយ។ ទោះជាក្រតែយើងសប្បាយចិត្ត។ ទោះយើងមិនមានទ្រព្យសម្បត្តិដូចគេតែយើងរីករាយ។ ទោះមានមនុស្សធ្វើបាប បោកប្រាស់យើង តែនោះជាទង្វើរបស់គេ សំខាន់យើងស្គាល់ខ្លួនឯងច្បាស់ ហើយយើងដឹងខ្លួនឯងថាយើងកំពុងតែធ្វើរឿងត្រឹមត្រូវ។ ទោះម្នាក់នោះគេអាក្រក់ចំពោះយើង តែក៏មានអ្នកផ្សេងគេល្អចំពោះយើងវិញដែរ។ ធ្វើល្អកុំចង់បានអ្វីតបស្នងមកវិញ សំខាន់គឺសេចក្តីសុខផ្លូវចិត្តណាកូន » ។

កាលពីមុនខ្ញុំមិនយល់ ហើយខ្ញុំតែងតែមានអារម្មណ៍ជំទាស់នៅក្នុងចិត្ត តែខ្ញុំនៅតែចាំស្តាប់យ៉ាងម៉ឺងម៉ាត់ពីការប្រៀនប្រដៅរបស់ម៉ាក់ប៉ា។ តែពេលនេះខ្ញុំធំដឹងក្តី ខ្ញុំក៏បានយល់រឿងរ៉ាវគ្រប់យ៉ាងនៅក្នុងសង្គមមនុស្សមួយនេះ។ មនុស្សទាំងអស់ព្រោះតែលុយ ព្រោះតែការមានឈ្មោះនៅក្នុងសង្គមបែរជាធ្វើរឿងជាច្រើនដែលខុសពីសតិសម្បជញ្ញៈរបស់មនុស្ស។ មនុស្សចូលចិត្តតែសាងអំពើមិនល្អ តែមិនរួមគ្នាសាងរឿងល្អៗសោះ។ មនុស្សមានទ្រព្យឱបតែទុក្ខ។ មនុស្សប្រឹងប្រែងរកលុយពេកឱបតែក្តីព្រួយ។ ប៉ុន្តែធ្វើម៉េចនេះជាជីវិតរបស់មនុស្សសព្វថ្ងៃ។ ដើម្បីរស់ប្រឹងរកលុយ ដើម្បីចាកចេញពីភាពក្រីក្រប្រឹងរកលុយ ចង់មានកេរ្តិ៍ឈ្មោះក៏រកលុយ និយាយទៅអ្វីៗនៅក្នុងសង្គមសព្វថ្ងៃគឹដើម្បីលុយ។ មិនដឹងថាខ្លួនឯងយល់ដឹងច្រើនប៉ុណ្ណា ​តែការដែលរស់នៅក្នុងគ្រួសារដែលមានម៉ាក់ប៉ាជាមនុស្សធម្មតាៗ មិនលោភលន់ និងចូលចិត្តជួយអ្នកដទៃធ្វើឱ្យជីវិតខ្ញុំបែរជាមានសេចក្តីម្យ៉ាងខុសពីអ្នកដទៃ។ គ្មានលុយច្រើនមែនតែក៏មិនដល់ថ្នាក់វេទនា។ មិនមានឈ្មោះល្បីដូចគេតែមានអ្នករាប់រក និងសាច់ញាតិរាប់អានច្រើន។ គ្មានទ្រព្យហូរហៀរមែនតែក៏រស់នៅដោយសប្បាយចិត្ត និងមានសេចក្តីសុខ។ ព្រោះតែធ្លាប់កាត់រឿងរ៉ាវក្នុងសង្គមជាច្រើននោះទើបខ្ញុំដឹងថា​គ្មានសេចក្តីសុខណាប្រៀបបានទៅនឹងសេចក្តីសុខផ្លូវចិត្តរបស់មនុស្សឡើយ។ ហើយសេចក្តីសុខផ្លូវចិត្តពិតប្រាកដនោះ គឺការរស់នៅដោយរីករាយចិត្ត អាចចែករំលែកនិងជួយដល់អ្នកដទៃដែលអន់ជាងយើង៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]