(ភ្នំពេញ)៖ បន្ទាប់ពី កញ្ញា វ៉ាន់ នីឡា បានទម្លាយសារ ដោយបានភ្ជាប់ជាមួយនឹងរូបភាពកាន់ដៃគ្នា ជាមួយគូស្នេហ៍របស់នាង បង្ហាញពីការភាពរកាំរកូសរួចមក មានមហាជនជាច្រើន សម្ដែងនូវការងឿងឆ្ងល់យ៉ាងពេញទំហឹង ថាតើហេតុអ្វីបានជាអ្នកទាំងពីរ អាចឈានដល់ថ្នាក់មានបញ្ហាប្រះឆា និងបែកបាក់គ្នា ឬក៏យ៉ាងណា? ជុំវិញបញ្ហានេះ លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ បានចេញមុខបកស្រាយ និងធ្វើការបដិសេធថា ពុំមានរឿងរ៉ាវធ្ងន់ធ្ងរ រហូតដល់ថ្នាក់ ផ្ដាច់ពាក្យ រវាងកូនស្រីរបស់លោក និងគូដណ្ដឹងនាងនោះទេ ពោលគឺលោកចាត់ទុកថា សារដែលបង្ហោះឡើងនេះ គឺគ្រាន់តែជាការឈ្លោះប្រកែកគ្នាបន្ដិចបន្ទួចប៉ុណ្ណោះ ព្រោះតែចិត្តរបស់ពួកគេនៅក្មេង មានភាពឆេងឆាវច្រើន។

ជុំវិញរឿងរ៉ាវនេះ លោកតាវិចទ័រ ដែលជា ឪពុករបស់តារាកំប្លែងក្មេងខ្ចី កញ្ញា វ៉ាន់ នីឡា បានថ្លែងប្រាប់ Khmertalking ទាំងសម្ដីសើចក្អាកក្អាយ នៅថ្ងៃនេះថា «បាទប្អូន! គ្មានរឿងអ្វីធំដុំនោះទេ កូនៗនៅក្មេង ពួកគេមិនទាន់ចេះគិតអ្វី វែងឆ្ងាយ ប្រកែកគ្នាបន្ដិចបន្ដួច មិនអីទេ។ រឿងកូន នីឡា និង គូដណ្ដឹងនាង គ្មានរឿងអ្វីធំដុំ ដែលអាចឈានដល់ថ្នាក់ បែកបាក់គ្នានោះទេ ធម្មតាក្មេងៗ ចេះតែមានអារម្មណ៍ឆេវឆាវបន្ដិចហើយ»

លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ បានបន្ដទៀតថា «ខ្ញុំបានណែនាំកូនៗរួចហើយ ថាកុំឲ្យមានការឈ្លោះទាស់ទែងគ្នា ហើយសរសេរពាក្យបង្ហោះហ្វេសប៊ុក ធ្វើឲ្យមហាជនផ្អើល ឆោឡោអីទៀត ហើយណាមួយរវាងខ្ញុំនិងដន្លង (ឪពុកម្ដាយខាងប្រុស) គឺនៅតែល្អូកល្អិននឹងគ្នាធម្មតា អត់មានបញ្ហាអីទេ។ ទោះបីជាកូនមានរឿងអីក៏ដោយ ចាស់ៗតែងតែព្យាយាមពន្យល់។ រហូតមកដល់ពេលនេះ ខ្ញុំសង្កេតពួកគេទាំងពីរ នៅតែមានភាពល្អូកល្អិនគ្នា ទិញចំណីចំណុកឲ្យគ្នាទៅវិញទៅមកដដែលហ្នឹង អត់មានបញ្ហាអីទេអូន..!»

ទោះបីជាយ៉ាង តាមការអន្ទះសារចង់បាន របស់លោកតា វិចទ័រ គឺក្នុងនាមជាអាណាព្យាបាល លោកចង់ឲ្យមានពិធីរៀបការឆាប់ៗ ដោយមិនចង់បណ្ដែតបណ្ដោយឲ្យ កូនៗទាំងពីរនៅបន្តទំនាក់ទំនងគ្នា ក្នុងនាមជាគូដណ្ដឹងយូរឡើយ។ ប៉ុន្តែដោយផ្អែកទៅលើជំនឿពីបុរាណ និងអាយុរបស់ពួកគេទាំងពីរ ធ្វើឲ្យឪពុកម្ដាយទាំងសងខាង ពិបាកធ្វើអ្វីមួយដោយបង្ខំណាស់។

លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា «តាមពិតទៅខ្ញុំ ក៏ចង់ឲ្យមានពិធីមង្គលការឆាប់ៗដែរ ប៉ុន្ដែដោយសារតែនេះជារដូវវស្សា និងខែចូលវស្សាទៀត ទើបចេះតែពន្យាពេលតាមគម្រោងទៅ ។ ខ្ញុំក៏មិនចង់ពន្យារពេលឲ្យនៅវែងឆ្ងាយដែរ។ ប៉ុន្ដែអ្វីដែលសំខាន់ ទី១ គឺយើងត្រូវគោរពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ទី២ ដោយសារកូនៗនៅក្មេងៗពេក ដូច្នេះដំណើរនៃការធ្វើជាគូដណ្ដឹង អាចនឹងពន្យារពេលរហូតដល់ទៅ ២ឬ៣ ឆ្នាំ តាមគម្រោងនៃការចូលស្ដីដណ្ដឹងដំបូង..! តែបើចិត្តខ្ញុំចង់តែឆាប់ហ្នឹងទេប្អូន…(សើច!) »

គួរបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យមានការបកស្រាយរបស់លោកតា វិចទ័រ ខាងលើ គឺដោយសារតែ មានការសរសេរសារគួរឲ្យភ្ញាក់ផ្អើល ដល់មជ្ឍដ្ឋានមហាជន បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក ឆ្លើយឆ្លងគ្នា ពីសំណាក់កញ្ញា វ៉ាន់ នីឡា និងគូដណ្ដឹងដែលត្រូវបានគេស្គាល់ថា ជាកូនថៅកែវង់ល្ខោនបាសាក់ដ៏ល្បីនៅក្នងខេត្តតាកែវ ថាមានការប្រះឆា រហូតដល់ថ្នាក់អាចឈានដល់ ការបែកបាក់គ្នាក៏ថាបាន៕

លោកតា​ វ៊ិុចទ័រ បដិសេធជុំវិញ​រឿងរ៉ាវ​របស់ វ៉ាន់ នីឡា និងគូ​ដណ្ដឹង ប្រេះឆាគ្នា អាចឈាន​ដល់ការ​ផ្ដាច់ពាក្យ
កញ្ញា វ៉ាន់ នីឡា បានទម្លាយសារ ដោយបានភ្ជាប់ជាមួយនឹងរូបភាពកាន់ដៃគ្នា ជាមួយគូស្នេហ៍របស់នាង បង្ហាញពីការភាពរកាំរកូស
កញ្ញា នីឡា
លោកតា​ វ៊ិុចទ័រ បដិសេធជុំវិញ​រឿងរ៉ាវ​របស់ វ៉ាន់ នីឡា និងគូ​ដណ្ដឹង ប្រេះឆាគ្នា
សារ របស់នីឡា
សាររបស់គូដណ្តឹង នីឡា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា