បរទេស៖  Adobe Flash  គឺជាកម្មវិធីមួយ ភាគច្រើនត្រូវបានប្រើសម្រាប់ការមើលវីដេអូនៅលើវេបសាយ។ កាលពីឆ្នាំ២០១០ លោក Steve Jobs បានបញ្ឈប់ការប្រើកម្មវិធី Adobe Flash នៅលើផលិតផលរបស់ខ្លួន ដូចជាទូរស័ព្ទ iPhone ជាដើម ហើយគាត់បានបញ្ជាក់ថា  មូលហេតុដែលគាត់ឈប់ប្រើ Adobe Flash ព្រោះថាកម្មវិធីនេះមិនមានសុវត្ថិភាពខ្ពស់ និងមិនមានលក្ខណៈសមស្រប សម្រាប់ដាក់នៅលើទូរស័ព្ទដែលប្រើក្រយៅដៃឡើយ។  នៅក្នុងពេលនេះយើងអាចសន្មត់ថាក្រុមហ៊ុន Adobe បានយល់ស្របជាមួយនឹងពាក្យដែលគាត់និយាយហើយ។

ក្រុមហ៊ុន Adobe បានប្រកាសថ្មីៗនេះថាកម្មវិធី Adobe Flash នឹងត្រូវបញ្ចប់់ជីវិតរបស់ខ្លួននៅក្នុងឆ្នាំ២០២០ ហើយក្រុមហ៊ុន Adobe ក៏បានជំរុញទឹកចិត្តផលិតករទាំងអស់ឲ្យយកវីដេអូដែលធ្វើនៅលើកម្មវិធី Flash ទៅដាក់នៅលើកម្មវិធីផ្សេងផងដែរ។ 

ស្លាកសញ្ញាកម្មវិធី Adobe Flash ក្នុងឆ្នាំ២០១៧

ក្រុមហ៊ុន Adobe បានប្រកាសសុំការសហការគ្នាជាមួយក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Mozilla  ក្នុងការកែប្រែ Adobe Flash ឲ្យមានភាពល្អប្រសើរជាងមុន ដើម្បីឲ្យកម្មវិធីនេះមានដំណើរការរហូតដល់ឆ្នាំ២០២០។  មូលហេតុដែលនាំឲ្យកម្មវិធី Flash ត្រូវលុបបំបាត់ចោល អាចមកពីការរីកចម្រើនខ្លាំងនៃកម្មវិធីសរសេរវេបសាយមួយចំនួន ដូចជាកម្មវិធី HTML5 កម្មវិធី WebGL និងកម្មវិធី WebAssembly។ វេបសាយដែលសរសេរដោយប្រើកម្មវិធីទាំងនេះ មិនត្រូវការជំនួយពីកម្មវិធី Adobe Flash ដើម្បីដំណើរការវីដេអូ នៅលើវេបសាយទេ។

ក្រុមហ៊ុន Google បានប្រកាសដែរថា កាលពី៣ឆ្នាំមុន ៨០ភាគរយនៃអ្នកដែលប្រើប្រាស់កុំព្យូទ័រលើតុ បានប្រើកម្មវិធី Adobe Flash សម្រាប់មើលវីដេអូជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងពេលនេះការប្រើប្រាស់កម្មវិធីនេះ បានចុះនៅសល់ត្រឹមតែ១៧ភាគរយប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]