(ភ្នំពេញ)៖ សម្រាប់ជំនន់ទឹកទន្លេមេគង្គ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ខេត្តចំនួន២ គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ អាចនឹងឈានដល់កម្រិត ប្រកាសអាសន្ននៅថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ឬថ្ងៃខានស្អែក ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅ តាមមាត់ទន្លេ ក្នុងខេត្តទាំងពីរនេះ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់។

បើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះថា កត្តាដែលធ្វើឲ្យខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ អាចនឹងឈានដល់ការប្រកាសអាសន្ន ដោយសារតែបញ្ហាចំនួន២ គឺទី១៖ បញ្ហាទឹកភ្លៀង និងទី២៖ បញ្ហាទឹកទន្លេមេគង្គមានសភាពឡើងខ្លាំង។

លោក ចាន់ យុត្ថា អំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តទាំងពីរខាងលើនេះ សូមមេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះបញ្ហានេះ ខណៈដែលលោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះ។

សម្រាប់ខេត្តកំពង់ធំវិញ ត្រូវបានអ្នកនាំពាក្យរូបនេះអះអាងថា សូមឲ្យមានការប្រុងប្រយ័ត្នផងដែរ នៅពេលទឹកស្ទឹងសែនមានការកើនឡើងជាបន្តបន្ទាប់ ដោយភ្លៀងធ្លាក់មកនោះ។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ជំនន់ទឹកទន្លេមេគង្គ ក្រសួងធនធានទឹកប្រកាសថា ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងឈានដល់កម្រិតប្រកាសអាសន្ន នៅស្អែក ឬខានស្អែក
សូមប្រជាពលរដ្ឋដែលរស់នៅ តាមមាត់ទន្លេ ក្នុងខេត្តទាំងពីរនេះ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]