ចិន៖ រដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗតែងតែចង់តាមដាន និងចង់ដឹងអំពីព័ត៌មានសំងាត់ពាក់ព័ន្ធនឹងប្រជាជនខ្លួន ដើម្បីបង្កើនសុវត្ថិភាព និងស្ថេរភាពនៅក្នុងប្រទេស។ ចំណែកប្រទេសចិនបានចាត់វិធានការថ្មីមួយ ដោយដាក់កំហិតឲ្យប្រជាជនរបស់ខ្លួន ទាញយកកម្មវិធីមួយដាក់ចូលទូរស័ព្ទ ដើម្បីសម្រួលដល់ភាពងាយស្រួលសម្រាប់រដ្ឋាភិបាលក្នុងការតាមដាន។

យោងតាមរបាយការណ៍ព័ត៌មានរបស់វិទ្យុ Radio Free Asia បានឲ្យដឹងថា កាលពីសប្តាហ៍មុន អាជ្ញាធរនៅក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) បានប្រកាសសេចក្ដីជូនដំណឹងដល់ប្រជាជននៅក្នុងតំបន់ (ភាគច្រើនជាជនជាតិភាគតិច Uyghur កាន់សាសនាអ៊ីស្លាម) ឲ្យតម្លើងកម្មវិធីសម្រាប់ឃ្លាំមើលនៅលើទូរស័ព្ទរបស់ពួកគេ ហើយបើសិននរណាមិនគោរពតាមការណែនាំ នឹងត្រូវឃុំខ្លួនរហូតដល់ទៅ ១០ថ្ងៃ។ 

ផែនទីតំបន់ស្វយ័តស៊ីនជាំង(Xinjiang)

កម្មវិធីនោះមានឈ្មោះថា Jinwang ដែលជាកម្មវិធីមួយ អាចជួយស្វែងរកទិន្នន័យសំខាន់ៗជាច្រើនរួមមានដូចជា រូបភាពនិងវីដេអូដែលទាក់ទងទៅនឹងភេរវកម្ម និងសាសនាដោយស្វ័យប្រវត្តិ។ លើសពីនេះទៅទៀតកម្មវិធីនេះ ក៏អាចថតទុកទិន្នន័យពីការផ្ញើសារ និងការជជែកនៅលើកម្មវិធីផ្សេងៗទៀតផងដែរ។ 

នេះបានបង្ហាញឲ្យឃើញពីការលុបបំបាត់នូវភាពឯកជនរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ស៊ីនជាំង ដើម្បីប្ដូរជាមួយសន្តិសុខនៅក្នុងតំបន់។ មកដល់ពេលនេះនៅមិនទាន់មានមូលហេតុច្បាស់លាស់ថ្លែងចេញពីរដ្ឋាភិបាលចិន ថាហេតុអ្វីបានជាតំបន់ស៊ីនជាំង គឺជាតំបន់ដំបូងនៅក្នុងប្រទេសចិន ដែលប្រើកម្មវិធីនេះនោះទេ ប៉ុន្តែអ្វីដែលជាក់ស្ដែងគឺតំបន់នេះសម្បូរទៅដោយជនជាតិភាគតិច និងកំពុងមានជម្លោះក្នុងការបំបែកខ្លួនផងដែរ៕

ប្រជាជនតំបន់ស៊ីនជាំងក្នុងពិធីប្រកួតរបាំជនជាតិភាគតិច
ប្រជាជនតំបន់ស៊ីនជាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]