បរទេស៖    Apple  ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានក្រុមវិស្វករ និងបុគ្គលិកផ្នែកបច្ចេកវិទ្យាល្បីៗ ហើយភាគច្រើន ពួកគេមិនសូវបានការទទួលស្គាល់ឡើយ ព្រោះមនុស្សភាគច្រើនផ្ដោតទៅលើតែលោក Steve Jobs និងលោក Tim Cook ប៉ុណ្ណោះ ។ 

ប៉ុន្តែក៏មានអតីតបុគ្គលិកក្រុមហ៊ុន Apple មួយចំនួន បានចាកចេញពីក្រុមហ៊ុននេះ និងនៅតែទទួលបានជោគជ័យ បន្ទាប់ពីពួកគេបានបញ្ចេញស្នាដៃនៅក្រៅក្រុមហ៊ុននេះ។

ខាងក្រោមជាអតីតបុគ្គលិកក្រុមហ៊ុន Apple ទាំង៧នាក់ និងស្នាដៃទាំង៧របស់ពួកគេ៖

ស្លាកសញ្ញារបស់ក្រុមហ៊ុន Apple តាំងពីដើមរហូតដល់សព្វថ្ងៃ​នេះ

១. លោក Andy Rubin

លោក Andy Rubin គឺជាអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Android។ គាត់ធ្លាប់ជាបុគ្គលិកក្រុមហ៊ុន Apple ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ ១៩៩២។ ក្រោយចាកចេញពីក្រុមហ៊ុន Apple អស់រយៈពេលជាង ១០ឆ្នាំ គាត់បានចូលរួមបង្កើតប្រព័ន្ធប្រតិបត្តិការ Android និងបានចូលធ្វើការនៅក្រុមហ៊ុន Google ក្នុងឆ្នាំ២០០៥។

លោក Andy Rubin
ស្លាកសញ្ញារបស់ប្រព័ន្ធប្រតិបត្តិការ Android

២. លោក Tony Fadell

iPod   ឧបករណ៍ស្ដាប់ចម្រៀង ដែលជាស្នាដៃមួយដ៏ធំមួយរបស់លោក Tony Fadell។ គាត់បានចាកចេញពីក្រុមហ៊ុន Apple នៅក្នុងឆ្នាំ ២០០៨  និង២ឆ្នាំក្រោយមក គាត់ក៏បានដាក់ចេញលក់ ឧបករណ៍ផ្ដល់ដំណឹងនៅពេលមានអគ្គិភ័យ និងឧបករណ៍ស្ទង់កម្ដៅក្នុងផ្ទះដែលមានឈ្មោះថា Nest ។

លោក Tony Fadell
ឧបករណ៍ស្ទង់កម្ដៅក្នុងផ្ទះ Nest

៣. លោក Trip Hawkins

ក្រោយចាកចេញពីក្រុមហ៊ុន Apple នៅក្នុងឆ្នាំ១៩៨២ លោក Trip Hawkins បានបង្កើតក្រុមហ៊ុនផលិតឌីសហ្គេមមួយមានឈ្មោះថា Electronic Arts (EA) ដែលជាក្រុមហ៊ុនមួយកំពុងនាំមុខគេក្នុងពេលសព្វថ្ងៃនេះ នៃវិស័យផលិតហ្គេម។ ផលិតផលរបស់ក្រុមហ៊ុន EA ដែលល្បីៗមានដូចជា FIFA, Madden និង Battlefield និងហ្គេមជាច្រើនទៀត។ 

លោក Trip Hawkins
ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Electronic Arts

៤. លោក Ivan Doll

លោក Ivan Doll ធ្លាប់បានធ្វើការនៅក្រុមហ៊ុន Apple ចាប់ពីឆ្នាំ​ ២០០៣ដល់ឆ្នាំ២០០៩។  បន្ទាប់មកគាត់ក៏បានចូលដៃសហការ ក្នុងការបង្កើតកម្មវិធី Flipboard ដែលជាកម្មវិធីមួយ សម្រាប់ស្វែងរកព័ត៌មាន និងជាបណ្តាញទំនាក់ទំនងសង្គម។ លោក Ivan  បានចូលធ្វើការក្នុងក្រុមហ៊ុន Apple វិញ ក្នុងតួនាទីជានាយកគ្រប់គ្រងវិស្វកម្មនៅក្នុងឆ្នាំ២០១៦។ 

លោក Ivan Doll
កម្មវិធី Flipboard

៥. លោក Reid Hoffman

Linkedin គឺជាសេវាកម្មបណ្តាញទំនាក់ទំនងសង្គម ដែលផ្តោតលើការងារ និងអាជីវកម្ម ដែលបានបង្កើតឡើងដោយលោក Reid Hoffman នៅក្នុងឆ្នាំ២០០២។  គាត់ធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុន Apple នៅចន្លោះឆ្នាំ ១៩៩៤ និង១៩៩៦។ 

លោក Reid Hoffman
បណ្តាញទំនាក់ទំនងសង្គម Linkedin

៦. លោក John Sculley

លោក John Sculley ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple។ លោកបានចាកចេញពីក្រុមហ៊ុន Apple និងបង្កើតក្រុមហ៊ុនទូរស័ព្ទថ្មីមួយដែលមានឈ្មោះថា Obi Worldphone។ 

លោក John Sculley
ផលិតផលទូរស័ព្ទរបស់ក្រុមហ៊ុន Obi Worldphone

៧. លោក Sabeer Bhatia និង លោក Jack Smith

លោក Sabeer Bhatia ធ្លាប់បានធ្វើការឲ្យក្រុមហ៊ុន Apple បានតែមួយឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីចាកចេញពីក្រុមហ៊ុន Apple លោក Sabeer Bhatia បានចាប់ដៃគ្នាជាមួយអតីតបុគ្គលិករបស់ក្រុមហ៊ុន Apple ម្នាក់ទៀត គឺលោក Jack Smith ដើម្បីបង្កើតវេបសាយអ៊ីម៉ែលមួយ មានឈ្មោះថា Hotmail ដែលដាក់ឲ្យប្រើប្រាស់នៅលើអ៊ីនធឺណេតនៅក្នុងឆ្នាំ១៩៩៦។ 

លោក Sabeer Bhatia(ស្ដាំ) និង លោក Jack Smith
វេបសាយ Hotmail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]