ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៤ កក្កដា កន្លងទៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរៀបចំកម្មវិធីសិក្ខាសាលាមួយ ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រព័ន្ធសារព័ត៌មាន នូវស្ថានភាពជំងឺផ្តាសាយបក្សីនាពេលបច្ចុប្បន្ននេះ។ កម្មវិធីនេះដែរ មានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ និង អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី ដែលបានការគាំទ្រពីអង្គការសុខភាពពិភពលោក។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍បើកកម្មវិធីថា៖ ថ្វីត្បិតតែស្ថានភាពជំងឺផ្តាសាយបក្សី H5N1 នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានការថយចុះចំពោះការឆ្លងទៅលើមនុស្សក្តី ក៏ជំងឺនេះ នៅតែមានវត្តមាននៅលើសត្វបក្សីនៅឡើយ។ យ៉ាងណាមិញ ថ្មីៗនេះ ជំងឺផ្តាសាយបក្សី ប្រភេទផ្សេងមួយទៀតគឺ ជំងឺផ្តាសាយបក្សី H7N9 ដែលមានប្រភពមកពីប្រទេសចិន បាននិងកំពុងវាយលុកដល់ប្រទេសឡាវ និងវៀតណាមហើយ នៅឡើយតែប្រទេសកម្ពុជា និងប្រទេសថៃ ដែលជាប្រទេសជាប់ព្រំប្រទល់។ ដូច្នេះ លោកវេជ្ជបណ្ឌិត បានសំនូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួមសហការតាមរយៈការផ្តល់ជាព័ត៌មាន នៅពេលដែលបងប្អូនទាំងអស់ ជួបប្រទះនូវស្ថានភាពជំងឺថ្មីៗ ប្លែកៗ ទៅកាន់ទូរស័ព្ទលេខ 115 ដើម្បីរាយការណ៍ ក៏ដូចជាចូលរូមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងឲ្យបានទាន់ពេលវេលា។ 

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា មានករណីច្រើនណាស់ ដែលបងប្អូនទាំងអស់អាចធ្វើការទាក់ទងមកលេខ 115 នេះបាន ដូចជា មានសត្វស្លាប់ច្រើនក្នុងពេលតែមួយ និងការពុលចំនីអាហារ ជាដើម ដែលអ្នកជំនាញនៅតាមមូលដ្ឋាននឹងចុះទៅពិនិត្យដោយផ្ទាល់ និងចុះអប់រំប្រជាជននៅក្នុងមូលដ្ឋានតែម្តង។

អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី

ចំនែកឯអ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី វិញ បានបង្ហាញថា៖ ជំងឺ ផ្តាសាយបក្សី H5N1 និង H7N9 មានលក្ខណៈស្រដៀងគ្នាខ្លាំងណាស់ ដូចជា៖

• រោគសញ្ញាទូទៅ៖ គ្រុនក្តៅ ក្អក ដកដង្ហើមខ្លី ឈឺបំពង់ក ឈឺសាច់ដុំ

• ឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយ សត្វបសុបក្សីដែលឆ្លង ឬបរិស្ថានកខ្វក់

• មិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់

• គ្មានវ៉ាក់សាំង ប៉ុន្តែមានថ្នាំប្រឆាំងវីរុសដ៏មានប្រសិទ្ធិភាព

ប៉ុន្តែអ្នកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា រវាងជំងឺផ្តាសាយបក្សី H5N1 និង H7N9 មានភាពខុសគ្នាត្រង់ចំនុចមួយ គឺជំងឺផ្តាសាយបក្សី H5N1 អាចធ្វើឲ្យសត្វបក្សីប្រកាច់ ឬស្លាប់បាន ចំនែកឯ ជំងឺផ្តាសាយបក្សី ប្រភេទ H7N9 មិនបានធ្វើឲ្យបក្សីស្លាប់នោះទេ ដូច្នេះ អ្នកចិញ្ចឹមបក្សីទាំងអស់ ពិតជាពិបាកក្នុងការវិនិច្ឆ័យឲ្យដឹងថា សត្វណាមានផ្ទុកជំងឺណាស់ ហើយនេះក៏ជាហេតុផលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់គួរតែ៖

• លាងដៃឲ្យបានស្អាត មុនពេល អំឡុងពេល ឬបន្ទាប់ពីការប៉ះកាន់ សត្វ ឬកាកសំណល់របស់សត្វ

• អនាម័យផ្លូវដង្ហើម៖ នៅពេលក្អកឬកណ្តាស់សូមខ្ទប់មាត់

• កុំបរិភោគសាច់ឆៅ

• កុំបរិភោគសាច់សត្វដែលឈឺ ឬងាប់ដោយសារជំងឺ

• ការពារកុមារកុំឲ្យនៅក្បែរសត្វមាន់ ទា ដែលឈឺ ឬងាប់។

ជំងឺផ្តាសាយបក្សី H5N1 និង H7N9 នៅតែជាបញ្ហាកង្វល់សម្រាប់ប្រជាជនទូទាំងពិភពលោក ដូចគ្នានឹងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា(MERS)

លើសពីនេះ អ្នកស្រីក៏បានលើកយកជំងឺឆ្លងមួយប្រភេទទៀតមកនិយាយផងដែរ នោះគឺជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា(MERS) ដែលធ្លាប់បានផ្ទុះសាភាយខ្លាំងនៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៥ កន្លងទៅ ដែលបានកើតឡើង ១៨៦ករណី និងបានសម្លាប់មនុស្ស ៣៦នាក់។ ជំងឺ ផ្លូវដង្ហើមមជ្ឈឹមបូព៌ា(MERS) មានប្រភពពីប្រទេស អារ៉ាបីសាអូឌីត ដែលភស្តុតាងខាងវិទ្យាសាស្ត្របានបង្ហាញថា សត្វអូដ្ឋ នៅប្រទេសអារ៉ាប់ គឺជាជម្រកនៃជំងឺនេះតែម្តង។ បើទោះបីជាកម្រិតនៃការចម្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានកម្រិតទាបក៏ពិតមែន ប៉ុន្តែវាមិនមែនមានន័យថា វាមិនចម្លងពីមនុស្សទៅមនុស្សនោះទេ។ លើសពីនេះ ជំងឺ ផ្លូវដង្ហើមមជ្ឈឹមបូព៌ា(MERS) នេះ គ្មានវ៉ាក់សាំងការពារទេ ហើយក៏គ្មានឪសថណាអាចព្យាបាលឲ្យជាដាច់ដែរ គឺមានតែការព្យាបាលគាំទ្រតែប៉ុណ្ណោះ។ 

លោកស្រីបានបញ្ជាក់ទៀតថា ក្នុងអំឡុងខែសីហា និងកញ្ញាខាងមុខនេះ នៅប្រទេសអារ៉ាប់នឹងមានប្រារព្ធពិធីសាសនាដ៏ធំមួយ ដែលបងប្អូនជនជាតិអ៊ីស្លាមដែលរស់នៅប្រទេសកម្ពុជា អាចនឹងធ្វើដំណើរទៅប្រទេសអារ៉ាប់ ហើយក៏ប្រហែលជាអាចជួបជាមួយមនុស្ស ឬសត្វដែលមានផ្ទុកមេរោគជំងឺ ផ្លូវដង្ហើមមជ្ឈឹមបូព៌ា(MERS) នេះដែរ។ ដូច្នេះ ដើម្បីការពារខ្លួនពីជំងឺនេះ សូមបងប្អូនទាំងអស់អនុវត្តន៍នូវការការពារខ្លួនដូចជា៖

រាល់អ្នកដំណើរទៅកាន់មជ្ឈឹមបូព៌ា៖

១. សូមប្រុងប្រយ័ត្ននៅពេលទៅលេងកសិដ្ឋាន ឬកន្លែងដែលមានអូដ្ឋ

២. ជៀសវាងការប៉ះពាល់ជាមួយសត្វឈឺ/អូដ្ឋ

៣. មានអនាម័យខ្ពស់/លាងដៃឲ្យបានញឹកញ៉ាប់

៤. អនុវត្តអនាម័យចំនីអាហារ៖ កុំពិសារទឹកដោះអូដ្ឋស្រស់ ឬអាហារកខ្វក់ដែលមានប្រឡាក់មេរោគ

រាល់អ្នកដំណើរត្រលប់មកពីមជ្ឈឹមបូព៌ា៖

១. បន្ទាប់ពីអ្នកត្រលប់មកពីមជ្ឈឹមបូព៌ា ប្រសិនបើអ្នកមានរោគសញ្ញាផ្លូវដង្ហើម សូមទៅជួបគ្រូពេទ្យ និងរាយការណ៍អំពីប្រវត្តិនៃការធ្វើដំណើររបស់អ្នក។

ចុងក្រោយ ខ្មែរឡូតផ្ទាល់ ក៏សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ជៀសជាងការឆ្លងជំងឺហើយ ទើបរកថ្នាំព្យាបាលតាមក្រោយ ដែលវាធ្វើឲ្យអ្នកខាតបង់ទាំងប្រាក់កាក់ និងពេលវេលាផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]