** ប្រលោមលោកខ្មែរឡូត **

ខ្ញុំដឹងថាមនុស្សទាំងអស់មិនថាទាំងខ្ញុំទាំងគេនិងអ្នកដែលកំពុងអានប្រាកដជាសុទ្ធតែធ្លាប់ជួបប្រទះនឹងរឿងរ៉ាវផ្សេងៗជាច្រើននៅក្នុងជីវិត។ វាជាស្នាមដាមនៅក្នុងចិត្ត ស្នាមដាននៅក្នុងជីវិតដែលយើងមិនអាចរលុបចេញអស់មួយជីវិត។ ពាក្យមួយនេះជំនួសឱ្យរឿងគ្រប់រសជាតិជាច្រើននៅក្នុងជីវិត តែវាសំដៅទៅលើរឿងមិនល្អជាជាងរឿងដែលល្អ។

ខ្ញុំក៏មិនខុសពីមនុស្សទាំងអស់ដែរ គឺតែងតែមានរឿងរ៉ាវដែលចងចាំគ្មានថ្ងៃបំភ្លេចបាន។ អ្វីដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងមួយជីវិតនោះគឺពេលមួយដែលខ្ញុំត្រូវបែកពីឪពុកម្តាយ បងៗ និងប្អូនតូចៗ។ វាជាពេលវេលាដែលឈឺចាប់គ្មានអ្វីប្រៀបប្រដូចបាន។ ខ្ញុំស្មានតែការរស់នៅទីកន្លែងថ្មីនឹងធ្វើឱ្យជីវភាពរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំល្អប្រសើរជាងមុន និងអាចសម្រួលជីវភាពពុកម៉ែបងប្អូននៅឯស្រុកបាន តែអ្វីៗខុសស្រលះពីការរំពឹងទុក។ ខ្ញុំត្រូវបានគ្រួសារចិត្តធម៌ក្លែងក្លាយមួយយកខ្ញុំមកចិញ្ចឹម។ ប៉ុន្តែឈ្មោះជាកូន (កូនចិញ្ចឹម) គ្រាន់តែជាពាក្យមួយដែលជួយបិទបាំងអំពើអាក្រក់ របស់គេតែប៉ុណ្ណោះ។ ការរស់នៅរបស់ខ្ញុំសព្វថ្ងៃមិនខុសអីពីឈ្នួលបម្រើ និងកញ្ជះដាច់ថ្លៃរបស់គេទេ។ ខ្ញុំត្រូវបានគេធ្វើបាប វាយដំ ច្រំធាក់មិនខុសពីសត្វធាតុនោះឡើយ។ ខ្ញុំត្រូវក្រោកពីព្រលឹមរៀបចំផ្ទះ ដាំបាយធ្វើម្ហូប បោកខោអាវឱ្យគេមួយគ្រួសារ។ បាយពេលខ្លះបានញ៉ាំ ពេលខ្លះមិនបានញ៉ាំតាមអារម្មណ៍អាក្រក់ល្អរបស់គេ។ ពេលខ្លះខ្ញុំញ៉ាំបាយលាយនឹងទឹកភ្នែក នឹកស្រណោះជីវិតខ្លួនឯង និងនឹកដល់ជីវិតកាលពីនៅស្រុកស្រែ។ កាលពីមុនទោះបីម៉ែពុកក្រ ក៏មិនដែលឱ្យកូនៗណាអត់បាយ ឬវាយដំកូនអាក្រក់ដល់ថ្នាក់នេះដែរ។ ខ្ញុំពិបាក ខ្ញុំឈឺចាប់រហូតមានគំនិតចង់លួចចេញពីទីនេះ។ ប៉ុន្តែខ្ញុំមិនស្គាល់ទីក្រុងដ៏ធំល្វឹងល្វើយមួយនេះទេ ដូចនេះបានជាគេរកខ្ញុំឃើញវិញ ហើយវាយខ្ញុំរហូតដល់បែកខ្នង ជាំដៃ ជាំជើង។ ខ្ញុំស្មានតែខ្ញុំមិនអាចរួចជីវិតហើយតើ។ ខ្ញុំខ្លាចខ្ញុំភ័យ ប៉ុន្តែក្មេងអាយុ១០ឆ្នាំអាចធ្វើអ្វីបានទៅ? ខ្ញុំគ្រាន់តែដឹងថាទោះយ៉ាងណា ខ្ញុំត្រូវតែទ្រាំ ត្រូវតែរក្សាជីវិតតូចមួយនេះមកជួបពុកម៉ែ និងបងប្អូនរបស់ខ្ញុំវិញនៅថ្ងៃណាមួយ។

ការរស់នៅក្នុងភ្នក់ភ្លើងអំពើហិង្សា និងរងការធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ខ្ញុំ បានបន្តជាខែជាឆ្នាំរហូតដល់ខ្ញុំពេញវ័យ។ ខ្ញុំតែងតែស្រមៃថានឹងមានមនុស្សម្នាក់អាចជួយសង្គ្រោះខ្ញុំពីដៃមនុស្សអស់ទាំងនេះ។ តែវាគ្រាន់តែជាការគិតក្នុងចិត្តនិងមិនដែលនឹកស្មានថាវានឹងអាចក្លាយទៅជាការពិតបាននោះទេ រហូតដល់ថ្ងៃមួយខ្ញុំពិតជាបានជួបគាត់ពិតប្រាកដមែន។ មនុស្សប្រុសម្នាក់ដែលបានជួយស្រោចស្រង់ជីវិតមួយនេះឡើងចេញពីភក់ជ្រាំ។ មនុស្សប្រុសដែលមានឈ្មោះថាជាស្វាមីរបស់សព្វថ្ងៃ។

អ្នកណាថាការអាណិតមិនអាចក្លាយជាការស្រលាញ់ស្ម័គ្រស្មោះបាន? ព្រោះតែមានទំនាក់ទំនងរកស៊ីខ្លះៗជាមួយគ្រួសារមួយនេះ គាត់បានស៊ើបរឿងរ៉ាវរបស់ខ្ញុំ ហើយបានដឹងគ្រប់រឿងទាំងអស់។ ការអាណិតប្រែក្លាយជាការស្រលាញ់រហូតគាត់មាន គំនិតយកខ្ញុំចេញពីនរកមនុស្សលោកមួយនេះ។ ប៉ុន្តែសេចក្តីទុក្ខសោករបស់ខ្ញុំមិនបានបញ្ចប់ត្រឹមតែប៉ុណ្ណេះនោះទេ។ ម្តាយឪពុកចិញ្ចឹមរបស់ខ្ញុំពួកគេមានគំនិតចង់ឱ្យខ្ញុំរៀបការជាមួយអ្នកធំម្នាក់ដើម្បីបំប៉នភាពលោភលន់របស់គេបន្តទៅទៀត។ពួកគេបានវាយដំខ្ញុំ គំរាមខ្ញុំសព្វបែបយ៉ាងឱ្យដកខ្លួនចេញពីគាត់ ហើយត្រៀមខ្លួនរៀបការជាមួយអ្នកធំម្នាក់នោះ។ តើវាមានខុសអីពីការលក់ និងជួញដូរមនុស្សទៅ?? តើការគោរពស្រលាញ់បម្រើដោយចិត្តស្មោះ ចំពោះមនុស្សដែលខ្ញុំហៅម៉ែពុកពេញៗមាត់ និងមនោសញ្ចេតនាដែលរស់នៅជាមួយគ្នារយៈពេលជិត ២០ ឆ្នាំមិនល្មមឆ្អែតឆ្អន់ ដល់ពេលដែលពួកគេអាចផ្តល់សេរីភាពមួយដល់ខ្ញុំបានទេ?

ទោះជាលំបាក មានឧបសគ្គយ៉ាងណា មនុស្សប្រុសម្នាក់នោះបានតស៊ូគ្រប់បែបយ៉ាង ឈរហាលថ្ងៃហាលភ្លៀងទ្រាំឱ្យគេជេរ ដៀល ថ្មេះ និងអង្វរពួកគេសុំក្តីមេត្តា។ ព្រោះតែមិនចង់ឱ្យអ្នកផ្សេងទទួលភាពឈឺចាប់វេទនា ខ្ញុំប្រាប់ឱ្យគេចុះចាញ់ទៅ ខ្ញុំសុខចិត្តទទួលភាពឈឺចាប់មួយនេះបន្តទៅទៀត។ តែគេបែរជាមានះតស៊ូជំនះលន់តួមនុស្សចិត្តខ្មៅមួយគ្រួសារនេះដើម្បីខ្ញុំ។ ពួកយើងក៏ឆ្លងឧបសគ្គ និងទុក្ខវេទនាជាច្រើនរហូតដល់ឪពុកម្តាយចិញ្ចឹមរបស់ខ្ញុំយល់ព្រមទាំងទើសទាល់។ ទីបំផុតស្នេហារបស់ពួកយើងក៏បានសម្រេច ទោះជាវាមិនរលូនល្អដូចការគិតរបស់យើងក៏ដោយ។ ទោះយើងរៀបការដោយពិធីមិនធំដុំដូចគេឯង ទោះបីជារៀបការក្នុងព្យុះភ្លៀងដែលបង្ករដោយមនុស្សចិត្តខ្មៅមួយក្រុមនោះ និងទោះបីជារៀបការក្នុងទឹកមុខមិនពេញចិត្ត ក៏ពួកយើងគិតថា វាជាជោគជ័យដ៏ធំមួយក្នុងជីវិតដែរ ដែលខ្ញុំនឹកស្មានមិនដល់ថាខ្ញុំអាចរួចផុតពីក្រញ៉ាំដៃរបស់ពួកគេ ហើយអាចរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ និងអាចជួបជុំជាមួយគ្រួសាររបស់ខ្ញុំនៅឯស្រុកកំណើតបានបន្ទាប់ពីបែកគ្នាអស់រយៈពេលរាប់ឆ្នាំសោះ។

បើក្រឡេកមើលមកពេលនេះជិត២០ឆ្នាំហើយបន្ទាប់ពីរៀបការរួច។ ទោះជាពួកយើងនៅតែទទួលរងការធ្វើបាប និងបំបែកបំបាក់ខ្លះៗពីសំណាក់ឪពុកម្តាយចិញ្ចឹមខ្ញុំ ហើយនឹងមានរឿងរ៉ាវដែលឈឺចាប់វេទនាជាច្រើនទៀតក្នុងជីវិតក្រោយអាពាហ៍ពិពាហ៍ក៏ដោយ ខ្ញុំក៏មិនចង់រំលឹកភាពឈឺចាប់អស់ទាំងនោះដែរ ។ ចាត់ទុកវាថាជាផលកម្ម របស់ខ្ញុំដែលបានសាងពីជាតិមុនទៅចុះ ហើយខ្ញុំក៏សុំអហោសិកម្មរាល់ទង្វើ ដែលពួកគេបានធ្វើចំពោះខ្ញុំដែរ ព្រោះពេលនេះខ្ញុំក៏បានរួចផុតពីទុក្ខទោសមួយនេះ មានមនុស្សល្អដែលស្រលាញ់ខ្ញុំនៅក្បែរខ្លួន ហើយក៏មានសេចក្តីសុខដ៏លើសលប់ដែរជាមួយគ្រួសារខ្ញុំ។ មើលទៅកូនៗរបស់ខ្ញុំ ខ្ញុំពិតជាមានសុភមង្គលណាស់ រីករាយណាស់ដែលកូនៗរបស់ខ្ញុំគេរស់នៅពេញដោយជីវិតមួយដ៏ល្អប្រពៃនិងមិនបានជួបប្រទះភាពកម្សត់ដូចខ្ញុំ។ ខ្ញុំពិតជាមិនចង់ឱ្យរឿងរ៉ាវអតីតកាលរបស់ខ្ញុំកើតលើកូនៗ និងនរណាម្នាក់ឡើយក្នុងសង្គមមួយនេះ។ ទោះស៊ីអត់ស៊ីឃ្លាន ទោះត្រូវដើររើសសម្រាម ទោះត្រូវដើរសុំទានគេ ក៏ត្រូវតែតស៊ូរស់នៅជុំគ្រួសារម៉ាក់ប៉ាកូនៗដែរ។ គ្មានអ្នកណាដែលស្រលាញ់យើងដូចក្រុមគ្រួសារយើងនោះទេ។ ហើយបើទោះជារស់នៅក្នុងជីវភាពមិនមានទ្រព្យសម្បត្តិហូរហៀរដូចគេ តែជីវិតរបស់ខ្ញុំជាមួយគ្រួសារតូចមួយនេះពិតជាពោរពេញដោយសេចក្តីសុខខ្លាំងណាស់។ ព្រោះតែធ្លាប់ជួបការលំបាកជាច្រើនក្នុងឆាកជីវិត ខ្ញុំពិតជាចង់ជួយរំលែកការលំបាករបស់មនុស្សក្នុងសង្គមណាស់ បែបនេះហើយទោះមានតិចក្តីច្រើនក្តីខ្ញុំតែងតែចែករំលែកទៅអ្នកដែលមានជីវភាពខ្សត់ជាងខ្ញុំ ។ អ្វីដែលអាចជួយបាននឹងជួយតាមសមត្ថភាពរបស់ខ្ញុំ ព្រោះខ្ញុំដឹងថាជីវិតដែលលំបាក ជីវិតដែលវេទនាវាឈឺចាប់បែបណា។ ខ្ញុំក៏តែងតែប្រៀនប្រដៅទៅកូនៗឱ្យសាងអំពើល្អនៅក្នុងសង្គម ចេះស្គាល់ខុសស្គាល់ត្រូវ ចេះស្រលាញ់បងប្អូននិងមនុស្សជុំវិញខ្លួន ចេះនិយាយពាក្យសម្តីល្អៗ ទោះមានរឿងរ៉ាវយ៉ាងណាហាមប្រើអំពើហិង្សាដោះស្រាយបញ្ហា។ ត្រូវចេះអត់ឱនអភ័យទោស ចេះអាណិតមេត្តាអ្នកដែលទីទាល់ជាងយើង។ អ្វីដែលខ្ញុំធ្វើទាំងប៉ុន្មានក៏មិនបានចង់បង្ហាញ អូតអាង ចង់ល្បីឈ្មោះ ឬចង់បានការកោតសរសើរពីអ្នកណាដែរ គឺអ្វីដែលខ្ញុំធ្វើគ្រាន់តែចង់បានសេចក្តីសុខក្នុងចិត្តតែប៉ុណ្ណោះ។ ជឿទេពេលដែលយើងបានធ្វើអំពើល្អណាមួយទោះតិចក៏ដោយច្រើនក៏ដោយវាជាសេចក្តីសុខផ្លូវចិត្តដ៏ធំធេងមួយ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]