ខេត្តតាកែវ ៖ កុមារ​មហា​ឆ្លាត​ដែល​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ភ្ញាក់ផ្អើល​រហូត​អ្នកខ្លះ​ស្ទើរតែ​មិន​ជឿ​នោះ ត្រូវ​បាន​សម្តេច​តេ​ជោ ដាក់​រហស្សនាម​ថា «​ចៅ​ទេព​»​ព្រោះតែ អ​ច្ច​រិ​យ​ពេក​ដែល​កុមា​រា​អាយុ​៧​ឆ្នាំ រៀន​ថ្នាក់​ទី​៦នៃ​សាលា​បឋម​សិក្សា ហ៊ុន សែន អនុវត្ត​តាកែវ​ក្រុង ដែល​តាម​ពិត​គេ​រៀន​ត្រឹម​ថ្នាក់​ទី​២​តែ​ប៉ុណ្ណោះ ។ រឿងរ៉ាវ​ដែល​ស្មាន​មិន​ដល់​ទៀត​នោះ គឺ​ចំណេះដឹង​របស់​ចៅ​ទេព​ឈ្មោះ ហ៊ី​ទៀង គឹ​ម​ហុង គឺ​មិន​អាច​វាស់​ស្ទង់​បាន ដែល​ចេះ​ភាសា​អង់គ្លេស ចេះ​កុំព្យូទ័រ ហើយ​អ្វីមួយ​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ គឺ​គណិត​វិទ្យា​ថ្នាក់​ទី​១២ គឹ​ម​ហុង​ក៏​អាច​ធ្វើ​បាន​ទៀត មាន​ន័យ​ថា គឺជា​ភាព​អស្ចារ្យ​គ្មាន​២​តែ​ម្តង នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រហែលជា​គ្មាន​លើ​លោក​នេះ​ផង​ក៏​មិនដឹង ។

ជា​ការ​ពិត​ណាស់ បើ​និយាយ​ពី​ចំណេះវិជ្ជា​របស់​កុមារ​រូប​នេះ វា​ក៏​ផ្ទុយ​គ្នា​ទៅ​នឹង​ពាក្យ​ថា «​ចេះ​មក​ពី​រៀន​» សួរ​ថា គេ​រៀន​ពី​ពេល​ណា​មក​ក៏​ចេះ​មិន​គួរ​ឱ្យ​ជឿ​បែប​នេះ ? រហូត​ដល់​លោក​សាស្ត្រាចារ្យ​មួយ​រូប​គឺ​លោក សន តារា ដែល​ល្បីឈ្មោះ​ក្នុង​បណ្តាញ​សង្គម បាន​បង្ហោះ​សារ​របស់​លោក​ជុំវិញ​ចៅ​ទេព​ខាងលើ​នេះ ដោយ​លោក​មិន​ជឿ​ថា គឹ​ម​ហុង អាច​ឆ្លាត​រហូត​ធ្វើ​លំ​ហាត់​គណិត​វិទ្យា​ថ្នាក់​ទី​១២ បាន​នោះ​ទេ ល្គឹក​ណា​គេ​មិន​បង្រៀន​ឱ្យ​សរសេរ​៤​ទៅ​១០​លំ​ហាត់​ឱ្យ​ចេះ​ស្ទាត់​នោះ ។ តាម​មតិ​របស់​លោក​សាស្ត្រាចារ្យ សន តារា បែរជា​ផ្តោត​ទៅ​លើ​អាថ៌​កំបាំង នៅ​ពីក្រោយ​ខ្នង​កុមារ​ឆ្លាត​នេះ​ទៅ​វិញ ។ ទោះបីជា​បែប​នេះ​ក្តី​សារ​ដែល​លោក​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​នោះ ​ត្រូវ​បាន​ទទួល​នូវ​ការ​ផ្តល់​មតិ​ជំទាស់​ខ្លាំង​ៗ បក​ទៅ​លើ​លោក​វិញ​យ៉ាង​ជូរ​ចត់​ដែរ ។

ជីវិត​កុមារ​គឹ​ម​ហុង មាន​អ្វីខ្លះ ? ម្តាយ​អះអាង​ថា​គេ​មិន​ចាំជាតិ​នោះ​ទេ

កោះសន្តិភាព​បាន​ស្រាវជ្រាវ​នូវ​ព័ត៌មាន​បន្ថែម​ជុំវិញ​ជីវិត​សិក្សា​របស់​ចៅ​ទេព ហុ​ី​ទៀង គឹ​ម​ហុង នៅ​ព្រឹក​ថ្ងែ​ទី​២២ កក្កដា ដោយ​បាន​ជួប​ផ្ទាល់​ជាមួយ​កុមារ​វ័យឆ្លាត ហី​ុ​ទៀង គឹ​ម​ហុង អាយុ​៧​ឆ្នាំ និង​ឪពុក​ម្តាយ​នៅ​ឯ​លំនៅ​ឋាន​ក្នុងភូមិ​៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ។ លោក ហ៊ី ចាន់​ជួង អាយុ​៥១​ឆ្នាំ ត្រូវជា​ឪពុក​ជា​មន្ត្រី​ប៉ូលិស​យាម​នៅ​សាខា​ធនាគារ​អេ​ស៊ី​លី​ដា​ខេត្ត និង​អ្នកស្រី នៅ សុ​ភូ អាយុ​៤៩​ឆ្នាំ ដែល​ត្រូវជា​ម្តាយ ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន អនុវត្តន៍​ខេត្តតាកែវ ។

អ្នកស្រី​មាន​ប្រសាសន៍​ថា ពេល​កូនប្រុស​ទី​២​នេះ​ចាប់កំណើត​នៅ​ក្នុង​ផ្ទៃ គាត់​មិន​បាន​យល់​សុបិន​ឃើញ​អ្វី​និង​មិន​មាន​ប្រ​ថ្នូ​ល​អ្វី​ទាំងអស់ ។ រហូត​មក​ដល់​សព្វ​ថ្ងែ​នេះ ពួក​គាត់​ជា​ឪពុក​ម្តាយ តែងតែ​លូច​សួរនាំ​កូន​គាត់​ថា កូន​ឯង​ពី​មុន​ជា​អ្នក​ណា និង​មកពីណា តែ​កូន​នេះ​មិន​និយាយ​ប្រាប់​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ គឺ​គ្រាន់តែ​ប្រាប់​ថា​កូន​គឺ​ចេះ​អ្វី​គ្រប់យ៉ាង ដែល​អ្នក​ផ្សេង​ទៀត​ធ្វើ​មិន​បាន​តែ​ប៉ុណ្ណោះ ។ ឪពុក​ម្តាយ​កុមារ​វ័យឆ្លាត ហី​ុ​ទៀង គឹ​ម​ហុង បានឱ្យ​ដឹង​ថា នៅ​ពេល​ចាប់កំណើត​បាន​អាយុ​២​ឆ្នាំ ពួក​គាត់​បានដឹង​ថា កូន​របស់​គាត់​ម្នាក់​នេះ​ដូច​ជា​ខុស​ប្លែក​ពី​ក្មេង​ដទៃ ដោយសារ​គេ​ចេះ​អាន​អក្សរ​នៅ​ក្នុង​សៀវភៅ​បាន​យ៉ាង​ច្បាស់ តែ​ពួក​គាត់​ចេះ​តែ​លាក់​រហូត​មក ។

ពួក​គាត់​ឱ្យ​ដឹង​ថា គី​ម​ហុង មាន​អាយុ​៤​ឆ្នាំ​បាន​ចូល​រៀន​ថ្នាក់​ទី​៣​តែ​ម្តង មិន​បាន​រៀន​ពី​ថ្នាក់​ម​តេ​យ្យ ឬ​ចាប់ពី​ថ្នាក់​ទី​១​មក​នោះ​ទេ ទើប​បច្ចុប្បន្ន​គេ​រៀន​ដល់​ថ្នាក់​ទី​៦ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​រហូត ។ អ្វី​ដែល​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​នៅ​ថ្ងៃ​ទី​១៣ កក្កដា គាត់​បា​នប​ញ្ជេ​ញ​ភាព​អស្ចារ្យ ពី​ការ​ធ្វើ​គណិត​វិទ្យា​ថ្នាក់​ទី​១២ ឱ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​បានដឹង និង​ឃើញ​តាម​បណ្តាញ​សង្គម​រហូត​ដល់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានឱ្យ​លោក​ឧកញ៉ា​ដួង តារា មក​ពិនិត្យ​និង​នាំ​កូន​របស់​គាត់ ទៅ​ជួប​សម្តេច​ដោយ​ផ្ទាល់​នៅ​ឯ​ភូមិ​គ្រឹះ ដោយ​សម្តេច​តេ​ជោ​បាន​ផ្តល់រ​សហស្ស​នាម​ថា​ចៅ ហី​ុ​ទៀង គឹ​ម​ហុង ជា​ចៅ​ទេព និង​ជា​អ្នក​ប្រាជ្ញ​វ័យក្មេង​របស់​កម្ពុជា​ថែម​ទៀត​ផង ។

ឪពុក​ម្តាយ​កុមារ​ទេព បាន​បញ្ជាក់​ថា រាល់​ថ្ងៃនេះ​កូនប្រុស​គាត់​មួយ​នេះ បើ​លេង​អ្វីមួយ​គឺ​គេ​មាន​គោលបំណង​លេងល្បែង​នោះ​ដែល​​ខុស​ពី​ក្មេង​ដទៃ ដែល​ចូល​ចិត្តរ​ត់លោត​លេង​តាម​ចរិត​ជា​កូន​ក្មេង ឯ​គឹ​ម​ហុង គេ​លេង​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​រូបគេ ។ គឹ​ម​ហុង តែងតែ​ហៅ​ពួក​គាត់​ឱ្យមក​រៀន​កុំព្យូទ័រ ដោយ​គេ​ជា​អ្នក​បង្រៀន​ទាំង​ភាសា​អង់គ្លេស​ទាំង​ជំនាញ​ផ្សេង​ៗ​ទៀត​ហើយ​អ្វី​ដែល​កូន​របស់​គាត់​ចេះ​នោះ គឺ​ពួក​គាត់​ជា​ឪពុក​ម្តាយ​អត់​ចេះ​ទាល់តែ​សោះ ។

ពេល​នេះ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​គឹ​ម​ហុង​កូនប្រុស​របស់​គាត់​ដោយ​ឱ្យ​លោក​ឧកញ៉ា ដួង តារា រក​សាលា​ណា​ដែល​សក្តិ​សម​នឹង​គឹ​ម​ហុង​ចូល​រៀន​បាន បើ​ទោះបីជា​នៅ​ក្រៅប្រទេស​ក៏​ដោយ ។ ពួក​គាត់​ជា​ឪពុក​ម្តាយ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​មិន​អាច​កាត់​ថ្លែ​បាន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​ប​ណ្ទិ​ត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កូនប្រុស​របស់​គាត់​នៅ​ពេល​នេះ ។

គឹ​ម​ហុង​មាន​បងប្រុស​ម្នាក់​ឈ្មោះ អ៊ូ ស៊ីវ​ហ្វុ​ង អាយុ​២២​ឆ្នាំ ជា​គរុ​សិស្ស សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្ត ។ បងប្រុស​គឹ​ម​ហុង ក៏​រៀន​ពូកែ​ដែរ តែ​មិនមែន​ចេះ​ដោយ​អច្ឆរិយ ដូច​ជា​ប្អូនប្រុស​របស់​គេ​នោះ​ទេ ។ តើ​អនាគត​របស់​គឹ​ម​ហុង ឬ​ចៅ​ទេព នឹង​ទៅ​ជា​បែប​ណា គឺ​មាន​តែ​ការ​តាន​ដាន​ទាំងអស់​គ្នា​តែ​ប៉ុណ្ណោះ ៕

កុមារ​មហា​ឆ្លាត​ដែល​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ភ្ញាក់ផ្អើល​រហូត​អ្នកខ្លះ​ស្ទើរតែ​មិន​ជឿ​នោះ ត្រូវ​បាន​សម្តេច​តេ​ជោ ដាក់​រហស្សនាម​ថា «​ចៅ​ទេព​»​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]