ភ្នំពេញ៖ គ្រូបង្វឹកក្រុម U23 ជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បាននិយាយថា ការប្រកួតខ្លះទោះជាកីឡាកររបស់លោកចាញ់ ក៏លោកសប្បាយចិត្ដដែរដោយសារតែទម្រង់លេងល្អ ប៉ុន្ដែការឈ្នះហ្វីលីពីន ១-០ យប់មិញនេះ គឺរូបលោកមិនសប្បាយចិត្ដឡើយ។

ក្រុមកម្ពុជា បានធ្លាក់ចេញពីការប្រកួតជម្រុះ AFC U23 Championship ជាមួយក្រុមហ្វីលីពីន ក្រោយក្រុមចិន យកឈ្នះក្រុមជប៉ុន ២-១ កាលពីរសៀលម្សិលមិញ ពោលគឺមុនការប្រកួតរវាងកម្ពុជា ទល់នឹងហ្វីលីពីន។

លោក​ Leonardo Vitorino និយាយក្រោយប្រកួតកម្ពុជា ឈ្នះហ្វីលីពីន ១-០

ក្រោយចប់ការប្រកួតដែលក្រុមជម្រើសជាតិ U23 កម្ពុជា យកឈ្នះក្រុមជម្រើសជាតិ U23 ហ្វីលីពីន ដោយលទ្ធផល ១-០ លោក Leonardo បាននិយាយថា៖ «ពេលខ្លះយើងចាញ់ការប្រកួត តែខ្ញុំសប្បាយចិត្ដ ហើយពេលខ្លះយើងឈ្នះការប្រកួត តែខ្ញុំមិនសប្បាយចិត្ដ។ ខ្ញុំដឹងថាកីឡាករមានការហត់នឿយ ព្រោះពូកគេលេងប្រកួតមុនៗទល់នឹងក្រុមដ៏លំបាក តែពួកគេខំប្រឹងណាស់ សូម្បីតែខ្ញុំក៏ខំដែរ។ ក្នុងតង់ទី១ ពួកគេលេងល្អ តែក្នុងតង់ទី២ ពួកគេមានការនឿយហត់ ដោយសារពួកគេខិតខំខ្លាំងពេក។ ចុងក្រោយខ្ញុំមានតែសុំទោសដល់អ្នកគាំទ្រ ពួកយើងនឹងខិតខំសម្រាប់ថៃ្ងអនាគត»

កីឡាករ សុក សំណាង និងលោក Leonardo

ឆ្លងកាត់៣ប្រកួតកន្លងមក កម្ពុជា មាន៤ពិន្ទុ ដោយប្រកួតស្មើ១ ចាញ់១ និងឈ្នះ១ ឈរលេខរៀងទី៣ ក្នុងពួល J ត្រូវធ្លាក់ចេញពីការប្រកួតជម្រុះនេះជាមួយហ្វីលីពីន ដែលឈរនៅបាតតារាង ស្របពេលដែលចិនស្ថិតនៅកំពូលតារាង និងជប៉ុនលេខ២ មានសិទ្ធជាប់ទៅវគ្គបន្ទាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]