ភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំប្រចាំឆ្នាំ២០១៧ បានប្រព្រឹត្តទៅនៅក្នុងអគារតាំងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២២ ខែកក្កដានេះហើយដោយមានការចូលរួមតាំងបង្ហាញពីក្រុមហ៊ុនផ្នែកសេវាកម្ម និងផ្គត់ផ្គងសម្ភារៈអាពាហ៍ពិពាហ៍ប្រមាណជាង ៥០ក្រុមហ៊ុនដូចជា៖ ភេសជ្ជៈ សេវាកម្មថតរូប វីដេអូ មុនថ្ងៃអាពាហ៍ពិពាហ៍ Live Video សេវាកម្មថតរូបនៅក្រៅប្រទេស ស៊ុមរូបថតទំនើប សំអាងការ និងពិធីការ ផ្កា និងសេវាកម្មតុបតែង ហាងនំ Cake សម្លៀកបំពាក់មង្គលការ សណ្ឋាគារ គ្រឿងសង្ហារឹម ម្ហូបអាហារ ក្រុមភ្លេង ក្រុមតុបតែងទឹកបាញ់ក្នុងកម្មវិធី រថយន្ត ធនាគារ ហរិញ្ញវត្ថុ បង់រំលោះ និងកម្ចី និងសេវាកម្មថែរក្សាសុខភាពជាដើម។ លើលពីនេះ ក៏មានការដើរបង្ហាញម៉ូតសម្លៀកបំពាក់បែបប្រពៃណី សម័យ និងបុរាណ របស់កូនកំលោះ កូនក្រមុំសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ និងតាំងបង្ហាញសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការ និងការសម្តែងកម្មវិធីសំខាន់មួយចំនួនក្នុងពិធីរៀបមង្គលការដូចជា ពិធីចូលម្លប់ ពិធីបុកល័ក្ខ របាំអប្សរា របាំពិណ្យអង្គរ និងការប្រគុំភ្លេងបែបប្រពៃណីផងដែរ។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សា

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សាមានប្រសាសន៍ថា៖ កត្តាដែលជំរុញឲ្យពួកយើងរៀបចំពិព័រណ៍នេះឡើង គឺដើម្បីឲ្យអនាគតគូស្វាមីភរិយាថ្មីដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍នាពេលដ៏ខ្លីខាងមុខនេះ ទទួលបាននូវគំនិតល្អៗស្តីពីការរៀបមង្គលការ យល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារៈ និងអ្នកផ្គត់ផ្គង់សេវាកម្មមង្គលការ ទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវរីយ៍ និងការដេគ័រផ្កានៅមុនក្លោងជាដើម។

លោកបានបន្ថែមទៀតថា៖ ពិព័រណ៍នេះនឹងក្លាយទៅជាទីកន្លែងមួយដែលបង្កភាពងាយស្រួល និងកាត់បន្ថយភាពស្មុគស្មាញដល់អ្នកមានគម្រោងរៀបការទាំងអស់ឲ្យទទួលបានមង្គលការមួយដ៏អស្ចារ្យ ចំណេញទាំងថវិការ និងពេលវេលា។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ

គួរបញ្ជាក់ផងដែរថា ការបើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ផងដែរ។ លោកជំទាវមានប្រសាសន៍ថា៖ ទោះបីជា ជាតិសាសន៍ណាក៏ដោយ អាពាហ៍ពិពាហ៍ គឺជាការចាប់របស់មនុស្សពីអ្នកក្នុងការចាប់ដៃគ្នា បង្កើតគ្រួសារ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ការរៀបការ មានភាពខុសគ្នា ទៅតាមទំនៀមទម្លាប់របស់ជាតិសាសន៍នីមួយៗ។ ដូច្នេះ​ កម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ អាចជួយប្រជាជនកម្ពុជាឲ្យយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីប្រពៃណីរបស់ខ្មែរ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍវប្បធម៌ជាតិឲ្យកាន់តែរីកចម្រើន និងទាន់សម័យផងដែរ។ 

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា៖ កម្មវិធីនេះ​ពីតជាផ្តល់ផលប្រយោជន៍យ៉ាងខ្លាំង ដល់ប្រជាជនកម្ពុជា ដែលប្រុងនឹងរៀបការនាពេលឆាប់ៗនេះ។ ការរៀបការត្រូវបានលំដាប់លំដោយច្រើន ដូច្នេះ យើងត្រូវពឹងពាក់គ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយ បងប្អូនទាំងអស់ អាចមកទាក់ទងជាមួយអ្នកផ្គត់ផ្គង់គ្រប់ប្រភេទនៅក្នុងកម្មវិធីនេះតែម្តង។ លើសពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តក្រុមហ៊ុនអនុស្សាឲ្យរៀបចំកម្មវិធីបែបនេះនៅឆ្នាំក្រោយៗទៀត។

អ្នកតំណាងពីក្រុមហ៊ុនផលិតស្រាបៀរ CBL

អ្នកតំណាងពីក្រុមហ៊ុនផលិតស្រាបៀរ CBLក៏បានមានចំណាប់អារម្មណ៍ដែរថា៖ CBL សូមអរគុណដល់ ក្រុមហ៊ុនអនុស្សា ដែលបានផ្តល់ឱកាសឲ្យក្រុមហ៊ុនបានឧបត្ថម្ភធំជាលើកទី២នៅក្នុងឆ្នាំនេះ ហើយក្រុមហ៊ុនក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ផលិតផលភេសជ្ជៈគ្រប់ប្រភេទរបស់ CBL​ផងដែរ។ 

អ្នកតំណាងរបស់ហាងដេគ័រ La Couture

ចំនែកឯអ្នកតំណាងរបស់ La Couture វិញបានមានចំណាប់អារម្មណ៍ថា៖ ក្រុមហ៊ុនដេគ័រ La Couture ពិតជារីករាយ និងអរគុណយ៉ាងខ្លាំង ដែលបានចាប់ដៃគូដេគ័រនៅក្នុងកម្មវិធីនេះ ។ La Couture បានដេគ័រតុបតែងដូចជា ក្លោងទ្វារ ឆាក Backdrop និងស្តង់របស់ក្រុមហ៊ុនផ្ទាល់ជាដើម។ លើសពីនេះ La Couture ក៏រីករាយទទួលស្វាគមន៍អតិថិជនទាំងអស់មកសាកសួរព័ត៌មានផងដែរ។

លោកជំទាវ ភឿង សកុណា និង ឯកឧត្តម ឈួន ដារ៉ា

កម្មវិធីនេះរៀបចំដោយ អនុស្សា គាំទ្រដោយក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភធំផ្តាច់មុខដោយក្រុមហ៊ុនផលិតស្រាបៀរ CBL និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស្តាអូតូខេមបូឌា (Star Auto Cambodia)៕

ការចូលរួមតាំងបង្ហាញពីក្រុមហ៊ុនផ្នែកសេវាកម្ម និងផ្គត់ផ្គងសម្ភារៈអាពាហ៍ពិពាហ៍ប្រមាណជាង ៥០ក្រុមហ៊ុន
ព័រណ៍នេះនឹងក្លាយទៅជាទីកន្លែងមួយដែលបង្កភាពងាយស្រួល និងកាត់បន្ថយភាពស្មុគស្មាញដល់អ្នកមានគម្រោងរៀបការទាំងអស់
ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំប្រចាំឆ្នាំ២០១៧
ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំប្រចាំឆ្នាំ២០១៧ បានប្រព្រឹត្តទៅនៅក្នុងអគារតាំងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២២ ខែកក្កដានេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]