ជាការពិត មុខរបរជាលក់ភេសជ្ជៈ នៅតាមផ្លូវ ស្តាប់ទៅ ដូចជាមុខរបរធម្មតា និងតូចតាច ប៉ុន្តែបើអ្នកដឹងពី ចំណូលរបស់អ្នកលក់ភេសជ្ជៈម្នាក់ នឹងមានការភ្ញាក់ផ្អើល ជាក់ជាមិនខាន។

ថ្ងៃនេះខ្មែរឡូត បានធ្វើការចុះទៅសម្ភាសន៍ផ្ទាល់ជាមួយនឹង បងស្រីម្នាក់ ដែលជាអ្នកលក់ភេសជ្ជៈ នៅមុខ សាកលវិទ្យាល័យ ន័រតុនថ្មី ដោយរូបគាត់ មានឈ្មោះថា ចាន់ណា វ័យ៣០ឆ្នាំ។

ក្នុងនោះដែរ បងស្រី ក៏បាននិយាយប្រាប់ មកកាន់ខ្មែរឡូតដែរថា «បងលក់ភេសជ្ជៈ គ្រប់មុខ គឺជិត៤ឆ្នាំមកហើយ ដែលសព្វថ្ងៃ ទទួលបានការគាំទ្រខ្លាំង ហើយរហូតធ្វើឲ្យ មានការបែងចែកសាខា ជាពីរទៀត ដែលមួយទៀត នៅទល់មុខ សាកលវិទ្យាល័យន័រតុនចាស់»។

បងស្រី ចាន់ណា

ចំពោះមូលហេតុ ដែលធ្វើឲ្យបងស្រី បើកលក់ភេសជ្ជៈនេះ គឺដោយសារតែ បងស្រី មានដើមទុនតិចតួច ហើយណាមួយ គាត់មានជំនាញខាងផ្សំគ្រឿង ភេសជ្ជៈស្រាប់ ទើបសម្រេចចិត្តបើកលក់ ហើយពីដំបូងក៏មិននឹកស្មានថា មានការគាំទ្រខ្លាំងដល់ម្លឹងនោះទេ។

«បើនិយាយពី ប្រ៊េនឈ្មោះ ឬក៏ស្ទាយតុបតែងម៉ូតកំប៉ុង គឺមិនអាចទាក់ទាញ បងប្អូន មកទិញភេសជ្ជៈបងនោះទេ តែអ្វីដែលសំខាន់ សម្រាប់ហាងបង គឺគុណភាព និង រសជាតិ ដែលធ្វើឲ្យ គ្រប់គ្នា ទទួលទានហើយ ចង់មកម្តងទៀត»។ បងស្រី ចាន់ណា​និយាយ៖

ខ្មែរឡូតក៏ធ្វើការសាកសួរបន្តទៀត ពីការលាយផ្សំ ភេសជ្ជៈ តើបងស្រីចាន់ ណា មានការបង្រៀន ធ្វើ ឬយ៉ាងណា?

បងស្រី ក៏បាននិយាយថា «ចំពោះគ្រឿងផ្សំ ដូចម្សៅទឹកដោះគោ ជាដើម គឺបងទិញពីគេ តែបងចេះលាយវាដោយខ្លួនឯង មិនបានទៅរៀននៅទីកន្លែងនោះទេ។ ហើយសម្រាប់ហាង CK បងមានលក់ ជាភេសជ្ជៈគ្រប់មុខ ដូចជា តែបៃតង សូកូឡា ឬក៏ផាសសិន ជាដើម គឺមានទាំងអស់ ដែលអាចធ្វើឲ្យ បងប្អូន មានជម្រើសច្រើន ក្នុងការជ្រើសរើស រសជាតិនៃភេសជ្ជៈ ដែលខ្លួនចង់ទទួលទាន។ ជាពិសេស តម្លៃ ក៏ថោកសមរម្យផងដែរ ត្រឹមតែ ៣,៥០០រៀល ដាក់កំប៉ុង និងថង់ក្រដាស ត្រឹម៣,០០០ រៀលតែប៉ុណ្ណោះ។ 

តូបរបស់ បងស្រី ចាន់ណា
និស្សិត និងយុវវ័យ នាំគ្នាឈរទិញ

ចូលមកដល់ ចំណុចសំខាន់ ដែលប្រិយមិត្ត ពិតជាចង់ដឹងថា តើរបរលក្ខណៈតូចតាចបែបនេះ តើអាចរកប្រាក់ចំណូល បានប៉ុន្មានទៅ?

និយាយអត់លាក់លៀម បងស្រី ចាន់ណា ក៏បានបង្ហើបប្រាប់ថាក្នុងមួយថ្ងៃ «បងលក់បាន៣០០កែវ ឡើងទៅ បើកាត់ថ្លៃ ចំណាយចេញ មួយថ្ងៃ ក៏ចំណេញ ១០០ដុល្លារដែរ។ ហើយក្នុងមួយខែ បានតិចតួចទេប្អូន ព្រោះបង នៅគិតថ្លៃជួលកន្លែង និងសម្ភារៈ គ្រឿងផ្សំជាដើម អាចចំណេញបាន ១ពាន់ដុល្លារអីហ្នឹង។

នៅពេលដឹងចំណូលដ៏សែនខ្ពស់ របស់បងស្រី ចាន់ណាហើយ ក៏ខ្មែរឡួត បន្តសាកសួរទៀតថា តើថ្ងៃអនាគត តើបងស្រី មានបំណង បើកហាងធំ ឬយ៉ាងណា?

ចំពោះចំណុចនេះ បងស្រីចាន់ណា «មិនទាន់អាចឆ្លើយបានទេ ព្រោះថា តិចទៀតទៅ បងស្រី ក៏រាងចាស់ ដូច្នេះកម្លាំងក៏ចុះអន់ថយទៅតាមហ្នឹងផងដែរ។ ប៉ុន្តែបើ បងប្អូន នៅតែគាំទ្រ ហាងគាត់នឹង ធ្វើការពិចារណា បើកច្រើនសាខា ជួលគេមកមើល ឬក៏ពង្រីកហាងឲ្យធំជាងមុន»។

តើប្រិយមិត្តបានសាកហើយឬនៅ រសជាតិមិនណយទេណា បើមិនសាក ពិតជាមិនដឹង៕ 

បងស្រី ចាន់ណា ម្ចាស់ហាងភេសជ្ជៈ CK
តែបៃតង ដែលជាភេសជ្ជៈ ឆ្ងាញ់ជាងគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]