ភ្នំពេញ)៖ រដូវវស្សា ជារដូវកាលធ្លាក់ភ្លៀងបានចូលមកដល់ ខណៈប្រជាកសិករធ្វើស្រែចំការ តាមទម្លាប់ប្រពៃណី ហើយកម្មវិធីមង្គលការនានា ត្រូវបានផ្អាក រង់ចាំរដូវប្រាំងចូលមកដល់ បានបន្តទៀត។ ចំណែកឯសម្អាងការនីមួយៗ បានប្រឹងប្រែងអួតសម្ញែងម៉ូដសំលៀកបំពាក់ សម្រាប់រដូវកាលក្រោយ ដែលសំអាងការល្បីៗ ក្នុងប្រទេស បានប្រឹងប្រែងរកតារាល្បីៗ មកថតដើម្បីប្រកួតប្រជែងគ្នា ពួកគេបានចំណាយលុយ លើសម្លៀកបំពាក់ និងគ្រឿងអលង្កា បូករួមទាំងតំលៃខ្លួនតារាផងនោះ សំអាងការនីមួយៗ អាចចំណាយលុយយ៉ាងតិចបំផុត ក៏មួយម៉ឺនដុល្លារដែរ។ តើតារាសម្ដែងល្បីៗ ដែលក្រុមសម្អាង យកមកថតសម្លៀកបំពាក់របស់ខ្លួន មាននរណាខ្លះ?

ទី១, តារាចម្រៀងជួរមុខ ដែលកំពុងតែឡើងកូដខ្លាំង អ្នកនាង ពេជ្រ សោភា ធ្វើឲ្យមហាជនជាច្រើន សឹងតែយល់ច្រឡំថា នាងនឹងរៀបការលើកទី២ ជាមួយ លោក ឆឹម សក្កដា ទៅហើយ ព្រោះតែនាងបានថតស្អាត និងស័ក្តិសម។ តែធាតុពិតនាង ថតផ្សាយឲ្យសំអាងការគេសោះ ពោលគឺសំអាងការ «អប្សរាទេវី» ដែលតំលៃខ្លួននាង មិនបានត្រូវប្រភពណាមួយ ទំលាយឲ្យដឹងឡើយ។ តែគេអាចប៉ាន់ស្មានបានថា យ៉ាងហោចណាស់ក៏១៥០០ដុល្លារដែរ ខណៈម្ចាស់សំអាងការនោះ ញញឹមបិទមាត់មិនជិតទេ ព្រោះសំអាងការត្រូវបានគេយករូប ទៅផុសពេញបណ្ដាញសង្គម។ សម្រាប់តារាចម្រៀង ពេជ្រ សោភា ជាលើកទី១ហើយរបស់នាង ដែលថតផ្សាយអោយសំអាងការ ព្រោះនាងមិនដែលថតទាល់តែសោះ សូម្បីតែតម្លៃក៏នាងទាមទារ បានថ្លៃជាងគេដែរ។

ទី២, វីជេ អាណូ៖ តារាសម្ដែងបាត់មុខយូរឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថា ជាថៅកែបាយប្រអប់ និងបានវិលចូលសិល្បៈវិញយ៉ាងជោគជាំ។ ថ្វីត្បិតតែអាជីពសិល្បៈ ហាក់មិន អំណោយផលសម្រាប់ការប្រឡូកវិញលើកនេះ ប៉ុន្តែនាងនៅតែមានទីផ្សារក្នុងការថតផ្សាយពាណិជ្ជកម្មដដែល នាងត្រូវបានសំអាងការ «ឌី សំអាងការ» ជ្រើសរើសជាតារាតំណាងថតឲ្យសំអាងការសម្រាប់សង្គមហាយសូ (កាលីបខ្ពស់) ដែលតំលៃខ្លួននាងជិត១ពាន់ដុល្លារដែរ ហើយរូបសម្រស់ពិតជាស្រស់ស្អាត ទោះបីវ័យរបស់នាង រាងក្រែលទៅហើយក្ដី។

ទី៣, ស្រីស្អាត ហ៊ិន ចាន់នីរ័ត្ន ដែលជាពិធីការីនីដ៏ល្បីល្បាញ ប្រចាំប្រទេស។ ហ៊ិន ចាន់នីរ័ត្ន ត្រូវបានគេសំឡឹងឃើញថា ត្រូវបានសំអាងការ «ស៊ីនឌី» ដែលមានលោក ស៊ីនឌី ជាម្ចាស់សំអាងការផ្ទាល់ ជ្រើសរើសនាងជាជំរើសទី១ ដើម្បីថតផ្សព្វផ្សាយរហូតតែម្ដង។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍ សំអាងការនេះជាសំអាងការ ដែលកូនមន្ត្រីធំៗ និង អ្នកជំនួយជាន់ខ្ពស់ភាគច្រើន ជ្រើសរើសមកក្នុងថ្ងៃដ៏ពិសេស របស់ពួកគេ ហើយនាងពិតមើលទៅស័ក្តិសមខ្លាំងបំផុត។

ទី៤, តារាសម្ដែងស្រីតួឯករឿងភាគជាច្រើន ជាប់ៗគ្នា កញ្ញា ដួង ម៉ានិច ឯណោះវិញ ក៏មិនធម្មតាដែរ។ ដួង ម៉ានិច បានថតផ្សាយឲ្យសំអាងការ «ប៉ារ៉ាឌី» ដែលជាសំអាងការលំដាប់ប្រទេស មួយផងដែរ ហើយនាងបានថតសម្លៀកបំពាក់ យ៉ាងស្រស់ស្អាត។

ទី៥, អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធាន«សមាគមអ្នកសិល្បករស្ម័គ្រចិត្តជួយសង្គម» និងទើបជាប់ជាប្រធាន «សមាគមសិល្បករខ្មែរ» អ្នកនាងបានថតឲ្យសំអាងការ លី ច័ន្ទសីហា ដែលជាតារាសម្ដែងដូចគ្នា។ 

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា