ភ្នំពេញ៖  ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងត្រូវប្រកួតបញ្ចប់ការប្រកួតចុងក្រោយក្នុងវគ្គជម្រុះពូល J ពានរង្វាន់ AFF U-23 Championship ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីនអាយុក្រោម២៣ឆ្នាំ នៅល្ងាចនេះវេលាម៉ោង ៦:៣០នាទី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតល្ងាចនេះក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវធើ្វយ៉ាងណារកគ្រាប់បាល់ឲ្យបានច្រើនតាមដែលអាចធើ្វទៅបានដើម្បីបានចំណាត់ថ្នាក់លេខ២ ក្រោយពីប្រកួតស្មើ១ ចាញ់១ ស្របពេលហ្វីលីពីនបានអស់ឱកាសហើយបន្ទាប់ពី២ប្រកួតកន្លងមកចាញ់ទាំងពីរ។ 

ការប្រកួតរវាងកម្ពុជា ទល់នឹង ជប៉ុន កន្លងទៅ

លោក Leonardo Vitorino គ្រូបង្វឹកក្រុមកម្ពុជាបាននិយាយមុនការប្រកួតមកដល់ថា៖«ការប្រកួតនេះនឹងមិនងាយស្រួលទេ ព្រោះហ្វីលីពីនបានបង្ហាញនូវអ្វីដែលគេមានពេលពួកគេលេងទល់នឹងចិន ហើយវាជាការប្រកួតដែលមានភាពខុសគ្នា ប្រសិនបើយើងប្រៀបធៀបការប្រកួតរបស់គេទល់នឹងជប៉ុន។ ខ្ញុំគិតថាប្រកួតនេះនឹងពិបាកសម្រាប់ពួកយើង ព្រោះកីឡាករលេងអស់២ប្រកួតហើយ តែយ៉ាងណាកីឡាករយើងនឹងបង្ហាញទម្រង់លេងល្អក្នុងការប្រកួត។ ពួកយើងនឹងលេងឲ្យបានល្អ ដើម្បីយក៣ពិន្ទុ ព្រោះការប្រកួតនេះពិតជាសំខាន់ណាស់សម្រាប់ពួកយើង។ ជប៉ុន នឹងត្រូវលេងទល់ចិន ដូច្នេះយើងចាំមើលទាំងអស់គ្នា។ អ្វីដែលសំខាន់បំផុតគឺយើងប្រកួតចុងក្រោយជាមួយលទ្ធភាពដែលអាចឆ្លងទៅវគ្គបន្ទាប់។ គ្មានអ្នកណាជឿថាយើងអាចធើ្វបានទេ ប៉ុន្ដែយើងអាចនឹងមានឱកាស។ គ្រប់គ្នាក្នុងតំបន់អាស៊ី ជឿថាជប៉ុន និងចិន នឹងឆ្លងទៅវគ្គបន្ទាប់ ប៉ុន្ដែកីឡាកររបស់យើងខំប្រឹងប្រែងរហូតមានឱកាសអាចនឹងឆ្លងទៅវគ្គបន្ទាប់ដែរ។ នេះគឺជាអ្វីដែលសំខាន់សម្រាប់ពួកយើង»។ 

លោក Leonardo Vitorino

ប្រសិនបើម្ចាស់ផ្ទះកម្ពុជាទទួលបានជ័យជម្នះលើក្រុមហ្វីលីពីននោះនឹងមានពិន្ទុស្មើចិន ប៉ុន្តែក្នុងលក្ខណចិនចាញ់ជប៉ុន ដូច្នេះត្រូវមើលទៅលទ្ធផលគ្រាប់បាល់ ក្រុមណាចំណេញគ្រាប់បាល់ច្រើននឹងឡើងឈរលេខ២ ប៉ុន្តែប្រសិនបើចិនអាចទទួលបានជ័យជម្នះលើជប៉ុននោះកម្ពុជានឹងគ្មានឱកាសទេបើទោះជាឈ្នះហ្វីលីពីនក៏ដោយ៕ 

តារាងពិន្ទុបណ្ដោះអាសន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]