ថៃ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្មេងប្រុស២នាក់ដែលរស់នៅខេត្ត ស៊ីសាគេត បានធាក់កង់៥ម៉ោង ដើម្បីទៅជួបឪពុករបស់ខ្លួននៅឯពន្ធធនាគារ។ ប៉ុន្តែនៅពេលដែលពួកគេទៅដល់ ទើបពួកគេដឹងថា វាមិនមែនជាថ្ងៃសម្រាប់សួរសុខទុក្ខអ្នកទោសនោះទេ។ រឿងរ៉ាវរបស់ពួកគេ ត្រូវបានបង្ហោះចូលទៅក្នុងគណនីហ្វេសប៊ុករបស់សន្តិសុខគុកមួយរូប ហើយព័ត៌មាននេះក៏ត្រូវបានផ្សព្វផ្សាយពាសពេញផ្ទៃប្រទេសផងដែរ។

លោក Apichai Manthong ដែលជាសន្តិសុខពន្ធធនាគារស្រុក Kantharalak បានថតវីដេអូការសន្ទនារវាងលោក និងក្មេងប្រុស២នាក់ ដែលបានធាក់កង់ចំងាយជាង៥០គីឡូ ដើម្បីមកជួបឪពុក នាថ្ងៃចុងសប្តាហ៍។ 

សន្តិសុខពន្ធធនាគាររូបនោះបាននិយាយថា “ពួកគេបានចាកចេញពីផ្ទះតាំងពីម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ១២:៣០នាទីថ្ងៃត្រង់ ទើបពួកគេមកដល់ទីនេះ។ ប៉ុន្តែ ជាសំណាងអាក្រក់ ពួកគេបានធ្វើឲ្យជ្រុះបែកទូរស័ព្ទនៅតាមផ្លូវ ហើយពួកគេក៏មិនអាចជួបជាមួយឪពុករបស់ពួកគេនៅថ្ងៃនេះដែរ”

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្មេងប្រុស២នាក់ដែលរស់នៅខេត្ត ស៊ីសាគេត បានធាក់កង់៥ម៉ោង ដើម្បីទៅជួបឪពុករបស់ខ្លួននៅឯពន្ធធនាគារ

នៅពេលដែលសន្តិសុខរូបនោះសួរថា ហេតុអ្វីបានជាម្តាយរបស់ពួកគេមិនមកជាមួយគ្នា ក្មេងប្រុសទាំងពីរបាននិយាយថា ម្តាយរបស់ពួកគេកំពុងនៅទីក្រុងបាងកក ហើយសព្វថ្ងៃពួកគេកំពុងរស់នៅជាមួយលោកយាយ។ ក្មេងប្រុសទាំងពីរបានបន្ថែមទៀតថា ពួកគេមានបងប្រុសធំម្នាក់ទៀត ប៉ុន្តែបងប្រុសម្នាក់នោះ មានបញ្ហាស្មារតី។

ជាក់ស្តែង លោក Apichai មិនអាចអនុញ្ញាតឲ្យក្មេងទាំងពីរនេះ ចូលទៅជួបឪពុករបស់ពួកគេបានទេ ប៉ុន្តែលោកបាននាំពួកគេចូលទៅជួបជាមួយបុគ្គលិករដ្ឋបាលរបស់ពន្ធធនាគារ និងបានប្រាប់ពីថ្ងៃដែលឪពុករបស់ពួកគេអាចចេញពីគុកបាន។

លោក Apichai បានឲ្យដឹងទៀតថា “ក្មេងៗទាំងពីរនាក់ ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលបានដឹងពីថ្ងៃដែលឪពុករបស់ពួកគេ អាចរួចខ្លួនចេញពីគុកនេះ។ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ចំពោះក្តីស្រឡាញ់ដែលពួកគេមានទៅលើឪពុក។ ពួកគេទំនេរពីការសិក្សាតែថ្ងៃចុងសប្តាហ៍តែប៉ុណ្ណោះ ដូច្នេះ ពួកគេចង់ជួបឪពុករបស់ពួកគេ។ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកទៅហើយ”។

ពួកគេបានធ្វើឲ្យជ្រុះបែកទូរស័ព្ទនៅតាមផ្លូវ ហើយពួកគេក៏មិនអាចជួបជាមួយឪពុករបស់ពួកគេនៅថ្ងៃនេះដែរ

លោក Apichai បានបន្ថែមទៀតថា ពួកគេទាំងពីរ មានប្រាក់តែ ២០០បាត (ប្រហែល៦ដុល្លារ) ប៉ុណ្ណោះ ដូច្នេះ លោកក៏បានឲ្យ១០០បាត បន្ថែមទៀតទៅពួកគេ ទុកសម្រាប់ទិញអាហារថ្ងៃត្រង់ និង បានឲ្យទឹកទៅពួកគេទុកផឹកពេលធ្វើដំណើរត្រលប់ទៅផ្ទះវិញ។

លោកបានសរសេរទៀតថា “ព្រះពុទ្ធជាម្ចាស់ សូមឲ្យក្មេងៗទាំងពីរនាក់នេះ ត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាពផង។ ខ្ញុំចង់ផ្ញើសារទៅប្រធានសហគមន៍ដែលពួកគេរស់នៅថា បើសិនជាពួកគេចង់ជួបឪពុករបស់ពួកគេ សូមជួយរកមធ្យោបាយធ្វើដំណើរឲ្យពួកគេផង។ ខ្ញុំមិនចង់ឲ្យពួកគេធាក់កង់មកឆ្ងាយបែបនេះទេ។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់”។

អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា “ទោះបីជាចម្ងាយឆ្ងាយយ៉ាងណាក៏ដោយ ក្តីស្រឡាញ់របស់ពួកគេទាំងពីរចំពោះឪពុក បានធ្វើឲ្យចម្ងាយដ៏ឆ្ងាយនោះ ប្រែជាជិតវិញ។ ខ្ញុំពិតជាសរសើរអ្នកទាំងពីរណាស់។ សូមឲ្យអ្នកទាំងពីរធំឡើង ក្លាយជាមនុស្សល្អនៅក្នុងសង្គម”

សូមទស្សនាវីដេអូ និងរូបភាពនៅខាងក្រោម៖ 

លោក Apichai មិនអាចអនុញ្ញាតឲ្យក្មេងទាំងពីរនេះ ចូលទៅជួបឪពុករបស់ពួកគេបានទេ
ក្មេងៗទាំងពីរនាក់ ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលបានដឹងពីថ្ងៃដែលឪពុករបស់ពួកគេអាចរួចខ្លួនចេញពីគុក
ទោះបីជាចម្ងាយឆ្ងាយយ៉ាងណាក៏ដោយ ក្តីស្រឡាញ់របស់ពួកគេទាំងពីរចំពោះឪពុក បានធ្វើឲ្យចម្ងាយដ៏ឆ្ងាយនោះ ប្រែជាជិតវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]