** ប្រលោមលោកខ្មែរឡូត **

ស្រលាញ់គ្នាហើយក៏អាចបែកគ្នាបាន

ភ្ជាប់ពាក្យហើយក៏អាចផ្តាច់ពាក្យបាន

រៀបការហើយក៏អាចលែងលះបាន

មានកូនជាមួយគ្នាហើយក៏ទៅចោលគ្នាបាន។ 

ស្នេហានៅលើលោកយើងនេះមិនទៀងទាត់ទេ បើអាចបានគួរតែត្រៀមចិត្តមុនខ្លះក៏ល្អ។ ស្នេហាវាប្រៀបបីដូចជាអន្លង់សុបិនដ៏សែនឈឺចាប់ ប្រហែសបន្តិចប្រាកដជាលិចលង់អស់មួយជីវិតស្ទើរស្លាប់ស្ទើររស់។

ខ្ញុំធ្លាប់នឹកស្មានថា ការដែលរៀបការតាមឪពុកម្តាយ នឹងធ្វើឱ្យជីវិតរបស់ខ្ញុំមានសេចក្តីសុខដ៏លើសលប់ជាងអ្នកដទៃ ប៉ុន្តែអ្វីៗគ្រាន់តែការកុហកបោកប្រាស់។ គាត់មិនបានស្រលាញ់ខ្ញុំ គាត់មិនបានខ្វល់ពីខ្ញុំសូម្បីតែបន្តិច។ ពាក្យថាស្រលាញ់ ពាក្យសន្យាថានឹងមើលថែខ្ញុំអស់មួយជីវិតសុទ្ធតែជាពាក្យបោកប្រាស់ដែលចេញពីមាត់គាត់មុនរៀបការតែប៉ុណ្ណោះ។តែពេលរៀបការរួចទើបខ្ញុំដឹងថា ការពិតខ្ញុំគ្រាន់តែជាឈ្នាន់ដើម្បីឱ្យគាត់ឡើងទៅរកភាពជោគជ័យ។ គាត់រៀបការព្រោះគ្រាន់តែសម្លឹងមើលទ្រព្យសម្បត្តិ និងផលប្រយោជន៍ពីម៉ាក់ប៉ានិងគ្រួសាររបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំមិននឹកស្មានថាទឹកលុយអាចបំផ្លាញជីវិតរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំសោះ។ អ្វីៗដែលគាត់បានសាងបានធ្វើឱ្យខ្ញុំឈឺចាប់រហូតស្រែកយំមិនចេញ។ ចំពោះរឿងរ៉ាវស្នេហារបស់មនុស្ស អ្នកដែលឈឺចាប់ជាងគេគឺអ្នកដែលដាក់ចិត្តស្រលាញ់។ ប៉ុន្តែក្តីស្រលាញ់របស់ខ្ញុំមិនអាចទាញគាត់ឱ្យមកស្រលាញ់ខ្ញុំ ថ្នាក់ថ្នមខ្ញុំ មើលថែ និងចេះគិតគូដល់ខ្ញុំខ្លះទេ។ ហេតុតែខ្ញុំមិនមែន ជាមនុស្សស្រីដែលគាត់ស្រលាញ់ អ្វីក៏គាត់អាចធ្វើបានដែរ ។ គាត់ជាមនុស្សគ្មានចិត្ត គ្មានបេះដូងជាមនុស្សប្រុស។ ខ្ញុំប្រឹងធ្វើការរាល់ថ្ងៃ តែគាត់បែរជាចាំតែបញ្ជា ចាំតែស្តីបន្ទោស ចាំតែចាប់កំហុស។ ខ្ញុំជាប្រពន្ធតែបែរជាមនុស្សដែលគ្មានន័យ គ្មានតម្លៃក្នុងកែវភ្នែកបុរសជាប្តីទៅវិញ។ បើគាត់ស្រលាញ់លុយ ចង់បានលុយ ហើយគាត់រៀបការជាមួយខ្ញុំ ព្រោះគិតថាខ្ញុំជាប្រភពមាសប្រាក់ ខ្ញុំក៏នឹងធ្វើឱ្យគាត់សមតាមបំណងហើយគាត់នឹងដឹងថា ការពិតទៅលុយវាមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ។

លុយអាចទិញផ្ទះបាន ប៉ុន្តែមិនមែនគ្រួសារ ។លុយអាចទិញនាឡិកាបាន ប៉ុន្តែមិនមែនពេលវេលា។ លុយអាចទិញគ្រែគេង ប៉ុន្តែមិនអាចទិញដំណែក។លុយអាចទិញសៀវភៅបាន ប៉ុន្តែមិនអាចទិញចំណេះដឹង។ លុយអាចទិញមុខដំណែងបាន ប៉ុន្តែ មិនអាចទិញការគោរព។លុយអាចទិញអាពាហ៍ពិពាហ៍បាន ប៉ុន្តែ មិនមែនការស្រលាញ់ និងសុភមង្គល។

ចុងក្រោយខ្ញុំក៏ព្រមធ្វើចិត្តទទួលនិងទ្រាំដល់ថ្ងៃណាដែលខ្ញុំអស់ផលប្រយោជន៍ចំពោះគាត់ ហើយគាត់ប្រាកដជាទាត់ខ្ញុំចោលដូចជាមនុស្សស្រីមុនៗអ៊ីចឹង។ ធ្វើម៉េចនេះជាវាសនា នេះជាជីវិត និងជម្រើសរបស់ឪពុកម្តាយរបស់ខ្ញុំ។ បើមានអ្វីដែលអាចកែខៃបញ្ហាមួយនេះបានខ្ញុំប្រាកដជាប្រឹងឱ្យអស់ពីសមត្ថភាពក្រែប្រែវាឱ្យល្អជាងពេលមុន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]